(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ដយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាសេវានៅតាមតំបន់មួយចំនួន ជាពិសេសនៅតាមបុរី ដែលអាចនៅមានបញ្ហានេះ។
ការណែនាំរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជាពិសេសនៅលើទីប្រជុំជនមួយចំនួនប្រព័ន្ធសេវារបស់យើងកន្លែងខ្លះរៀងខ្សោយ កន្លែងខ្លះគឺថាពេលចូលបុរីទៅដូចជាបាត់ អ៊ិនធើណេតទូរស័ព្ទ សូមពិនិត្យមើលក្រុមហ៊ុន ដើម្បីបង្កើនច្នៃដោះស្រាយទៅលើបញ្ហាមួយចំនួនដែលបង្កើន និងភាពទុកចិត្តរបស់ប្រព័ន្ធអ៊ិនធើណេត ឬប្រព័ន្ធទូរស័ព្ទរបស់យើង»។
បើតាមសម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី, នៅតាមកន្លែងមួយចំនួនមានការរីកចម្រើន នៃលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ លឿនជាងហេដ្ឋារចនាសម្ព័ន្ធទៅទៀត នេះមិនខុសពីប្រទេសអភិវឌ្ឍន៍ជាច្រើននោះទេ ជួនកាលផ្ទះ ឬបុរីរីកមុនប្រព័ន្ធលូ និងមុនប្រព័ន្ធទូរស័ព្ទទៅដល់ទៀតផង។
ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើដល់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ យកចិត្តទុកដាក់បន្ថែមឲ្យបានគ្រប់ជ្រុងជ្រោយទៅលើបញ្ហាសេវានេះធ្វើយ៉ាងណា ដោះស្រាយឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ។
សូមជម្រាបថា ផ្អែកតាមផែនការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា មកទល់ពេលនេះ ក្រសួងកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល រួមមាន បង្គោលអង់តែនទូរសព្ទ បណ្តាញខ្សែ កាបអុបទិកក្រោមបាតសមុទ្រ និងលើគោក ដូចខាងក្រោម៖
* បង្គោលអង់តែនទូរសព្ទមានសរុប ១១,៥១១បង្គោល។ ក្រសួងមានផែនការជំរុញការសាងសង់ បង្គោលអង់តែនទូរសព្ទបន្ថែម ចំនួន៣,៦៧៤ ដែលមានចំនួនស្ថានីយអង់តនសរុប ៦,៣៥៥ត្រឹមឆ្នាំ២០២៧។
* នៅរាជធានីភ្នំពេញ៖ សាងសង់បង្គោលអង់តែនបន្ថែមបានចំនួន៤១៦ ក្នុងចំណោម១,០០០បង្គោល។ ក្រសួងក៏ចាត់ក្រុមការងារ ៩ក្រុម ចុះត្រួតពិនិត្យអគារកម្ពស់ចាប់ពី ៦ជាន់ឡើង ដើម្បីជំរុញសេវាទូរស័ព្ទ និងអ៊ីនធឺណិតនៅក្នុងអគារ
* នៅតាមបណ្តាខេត្ត៖ សាងសង់បង្គោលអង់តែននៅខេត្តតាកែវ ខេត្តកណ្តាល និងខេត្តសៀមរាបបានចំនួន១៩២ ក្នុងចំណោមផែនការ ៣៩៤បង្គោល និងបន្តសាងសង់បន្ថែមទៀត នៅតាមទីរួមខេត្ត ទីរួមស្រុក និងតំបន់ប្រជុំជននៅតាមឃុំ-សង្កាត់ នៃបណ្តាខេត្តនានា ព្រមទាំង នៅតាមតំបន់ទេសចរដាច់ស្រយាលដោយប្រើមូលនិធិកាតព្វកិច្ចសេវាសកល៕