(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះប្រព័ន្ធឌីជីថលកំពុងផ្សារភ្ជាប់ជាមួយជីវិតរបស់ប្រជាពលរដ្ឋខ្មែរទៅហើយ ខណៈដែលអ្នកខ្លះបានចាត់ទុកទូរស័ព្ទមានភាពស្និទ្ធស្នាលជាងសាច់ញាតិខ្លួនឯងទៅទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំបានទៅជួបជាមួយប្រជាពលរដ្ឋទូទាំងប្រទេស មិនថាតែអ្នកនៅទីក្រុងភ្នំពេញនោះទេ មិនថាកងទ័ពនៅព្រំដែន, ថ្ងៃមុនខ្ញុំបានទៅជួបកងទ័ពមួយ នៅអូអាឡៃ អូតាកាវ ដែលជាតំបន់ដាច់ស្រយ៉ាលបំផុត ចូលទៅដល់គាត់សុំថតរូប សែលហ្វ្រី ដើម្បីផុសហ្វេសបុក ចឹងទាំងអស់នេះបង្ហាញថាបច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយរបស់ជីវិតប្រចាំថ្ងៃ​របស់យើងទៅហើយ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កន្លែងខ្លះទូរស័ព្ទកំពុងតែស្និទ្ធស្នាលជាងសាច់ញាតិទៅទៀត អ្នកខ្លះទូរស័ព្ទ បានក្លាយជាមិត្តល្អជាងប្រពន្ធកូនទៅទៀត ព្រោះពេលបាត់ប្រពន្ធ កូន ពីរទីបីថ្ងៃ មិនបានទាក់ទងមកសោះ ក៏មិនអីនោះដែរ តែបើបាត់ទូរស័ព្ទតែមួយថ្ងៃ ទ្រាំមិនបាននោះទេ។

នាឱកាសនោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដែរថា ពីមុនមកយើងពឹងផ្អែកលើកុំព្យូទ័រ ដោយសម្តេចបញ្ជាក់ថា សម្តេចធ្លាប់បានធ្វើការនៅធនាគារពិភពលោក នៅយកដ្ឋាន​ម៉ុងហ្គោលី ហើយមានថ្ងៃមួយទៅពេលដែលសម្តេចបានធ្វើការ គេបានប្រាប់ថា កុំព្យូទ័រមានបញ្ហា ហើយក្នុងមួយព្រឹកនោះមិនមានអ្នកណាបានធ្វើអ្វីទាំងអស់ ដោយសារទិន្ន័យទាំងអស់គឺមាននៅលើកុំព្យូទ័រ ហើយយរាល់ថ្ងៃធ្វើតែលើកុំព្យូទ័រ តែមកដល់ពេលនេះយើងបានប្រែក្លាយហើយ ពីពឹងផ្អែកលើកុំព្យូទ័រ មកពឹងផ្អែកលើទូរសព្ទដៃវិញម្តង។

សូមបញ្ជាក់ថា បើតាមលោក ជា វ៉ាត់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានឱ្យដឹងថា វិស័យទូរគមនាគមន៍បានចូលរួមចំណែកយ៉ាងសំខាន់លើការតភ្ជាប់ឌីជីថល ដែលត្រូវបានចាត់ទុកថា ជាមូលដ្ឋាននៃការធ្វើបរិវត្តកម្មឌីជីថល។ ក្នុងរយៈពេល៥ឆ្នាំនេះ ក្រសួងសម្រេចបានលទ្ធផលជាអាទិ៍៖ រៀបចំ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងអភិបាលកិច្ច សម្រួលដល់ធុរកិច្ច និង ការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់ផ្តល់អាជ្ញាបណ្ណប្រតិបត្តិការទូរគមនាគមន៍សរុប ៥៩ ក្នុងនោះអាជ្ញាបណ្ណទូរសព្ទ ៤ អាជ្ញាបណ្ណខ្សែកាបអុបទិកក្រោមបាតសមុទ្រ ២ខ្សែ កាបអុបទិកលើគោក ៥ និងអ៊ិនធឺណិត៣៩។ អ្នកប្រើប្រាស់សេវាទូរសព្ទមានចំនួនប្រមាណ ២០,៦លាន និងសេវាអ៊ីនធឺណិតមានចំនួនប្រមាណ ១៩លានផងដែរ៕