(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រតិកម្មចំពោះក្រុមមនុស្សធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសាសនា និងអំពាវនាវឱ្យបញ្ឈប់សកម្មភាព។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី បានអរគុណដល់ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងមហាផ្ទៃ ដែលបានចាត់វិធានការបន្តបន្ទាប់ លើអ្នកដែលធ្វើឲ្យប៉ះពាល់តម្លៃវប្បធម៌ និងសាសនា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងនេះធ្លាប់កើតម្តងហើយ កាលពីឆ្នាំទៅ គឺច្រើនណាស់ ថ្ងៃណាក៏មានអារក្សជាន់ដែរ។ ឥលូវចេញមកក្រោយនេះ មានព្រះនាងឥន្ទ្រទេវី។ រឿងការជឿ របស់ខ្លួន ឬក្រុមខ្លួន ដែលធ្វើអីមិនខុសច្បាប់ រឿងរបស់អ្នក ធ្វើក្នុងផ្ទះទៅ កុំយកមកបង្ហោះ ប៉ះពាល់ដល់បុព្វបុរសរបស់យើង ប៉ះពាល់ដល់វប្បធម៌សាសនារបស់យើង។ ថាអាហ្នឹងសិទ្ធិបុគ្គលសិទ្ធិមនុស្ស ខ្ញុំថាសិទ្ធិរបស់បុគ្គលវាមាន ប៉ុន្តែវាមានព្រំដែនកំណត់ ពេលសិទ្ធិនោះវាប៉ះពាល់រួមដល់ជាតិមួយ ទៅលើ មនុស្ស ទឹកដី ភាសា សាសនា សិល្បៈវប្បធម៌»

សម្តេចបានបន្តថា «បើយើងមិនការពារអត្តសញ្ញាណរបស់យើង នេះគឺជាសិទ្ធិរបស់ប្រជាជាតិមួយ ដែលត្រូវការពារវប្បធម៌ខ្លួន តើមែនទេ? អីចឹង បើសិទ្ធិរបស់បុគ្គលប៉ះពាល់ យើងត្រូវតែបិទសិទ្ធិរបស់គាត់។ អ្នកខ្លះថា ឲ្យតែគ្នាចេញអីបន្តិច ក្រសួងហៅធ្វើកិច្ចសន្យា។ សូមឈប់និយាយ! ធ្វើនៅផ្ទះទៅកុំបង្ហោះ ចង់អ្នកឯងតែងខ្លួនអី នៅវ៉ល់តែបងប្អូន ហើយជឿទៅ តែកុំឲ្យប៉ះពាល់ដល់តម្លៃ»

ថ្មីៗនេះ ឧកញ៉ាមួយរូបឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានធ្វើសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។ ស្ថាប័នពាក់ព័ន្ធបានណែនាំឱ្យឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បញ្ឈប់សកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគម បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។

«សូមកុំឲ្យប៉ះពាល់ដល់វប្បធម៌ ដល់បុព្វបុរសរបស់យើង និងសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរយើង ទោះបីពិភពលោកវិវត្តដល់ណា រាប់ពាន់ឆ្នាំ ខ្មែរនៅតែជាខ្មែរហ្នឹងឯង។ ខ្មែរនឹងនៅជាខ្មែរ ដោយសារយើងអភិរក្ស តម្លៃវប្បធម៌ និងអត្តសញ្ញាណរបស់យើង។ អីចឹង ត្រូវរួមគ្នាការពារ កុំឲ្យប្រើសិទ្ធិខុសច្បាប់ អាងមានអ៉ីនធើណិត ខុសប្រពៃណី ខុសទម្លាប់របស់យើង»។ នេះជាការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕