(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា តាមរយៈការកែទម្រង់និតិវិធីនៃការអនុម័តសំណើរគម្រោងវិនិយោគ នឹងជួយទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុន នៅកម្ពុជាឱ្យបានកាន់តែច្រើន ខណៈដែលលោកបានរប្ដេជ្ញាចិត្ត នឹងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិន ចូលវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំយន្ដការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារពី ថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យ តាមដានការអនុវត្តនគម្រោងវិនិយោគ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា «យើងមានឱកាសច្រើនដើម្បីទាក់ទាញអ្នកវិនិយោគ ព្រោះអ្នកវិនិយោគខ្លះលោកចង់បម្លាស់ទី ពីចិនទៅបណ្តាក់ទុននៅប្រទេសផ្សេងៗ ចឹងយើងក៏ខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ទាំងក្រុមហ៊ុនចិនមកកម្ពុជា និងក្រុមហ៊ុនបរទេសដ៏ទៃទៀតដែលចង់បម្លាស់ទីមកកម្ពុជាយើង»។

លោកមានប្រសាសន៍បន្ថែមថា ការដាក់ឱ្យដំណើរការប្រព័ន្ធ CDC IPM គឺជាផ្នែកមួយ ក្នុងការធ្វើឱ្យកាន់តែងាយស្រួលដល់អ្នកវិនិយោគ ក្នុងការស្នើសុំ ការអនុម័តគម្រោងវិនិយោគតាមប្រព័ន្ធនេះប្រើរយៈពេលត្រឹមតែ២០ថ្ងៃប៉ុណ្ណោះ ស្របពេលដែលប្រមុខដឹកនាំរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំយ៉ាងខ្លាំងក្នុងការទាក់ម៉ូយ ពីបណ្តាប្រទេសនានាផងដែរ។

សូមជម្រាបផងដែរថា មួយខែដំបូងនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន៦៨ ក្នុងទំហំទុនវិនិយោគសរុបជាង៧៤៨លានដុល្លារអាមេរិក កើនឡើង៣០០%។ ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤គម្រោង និងអាចបង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែង៕