(កំពង់ស្ពឺ)៖ ក្នុងដំណើរចុះពិនិត្យស្ថានភាពក្រោយជំនន់ទឹកភ្លៀង នៅក្នុងភូមិគោកព្នៅ ឃុំវល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក នរៈ រតៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានប្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានថា លោកនឹងសិក្សាចំពោះការចាក់ដីទប់ទំនប់នេះឡើងវិញ ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់ ជាពិសេស គឺក្មួយជាកម្មករ-កម្មាការិនីរោងចក្រ ដែលមានដំណើរប្រញ៉ាប់ប្រញ៉ាល់ខ្លាចចូលធ្វើការមិនទាន់។
នៅក្នុងឱកាសនោះលោករដ្ឋលេខាធិការបានថ្លែងថា នៅមុននឹងចាក់ដីធ្វើទំនប់នេះឡើងវិញ ដែលមានបណ្តោយ៥០ម៉ែត្រ និងទទឹង៣០ម៉ែត្រ គឺត្រូវមានការប្រុងប្រយត្ន័ខ្ពស់ការពារគ្រោះថ្នាក់ដោយប្រការផ្សេងៗ។
លោករដ្ឋលេខាធិការ បានបន្តទៀតថា ក្នុងនាមលោកប្រធានចុះពង្រឹងឃុំ ដល់ពេលដែលត្រូវជួយដោះស្រាយបញ្ហាលំបាករបស់មូលដ្ឋាន ដែលកំពុងជួបផលលំបាកហើយ។ នៅក្នុងឱកាសនោះគេសង្កេតឃើញមានប្រធានគណបក្សឃុំវល្លិស និងប្រធានសាខាបក្សភូមិមួយចំនួន ព្រមទាំងប្រជាពលរដ្ឋតំណាងទាំង៨ ក្នុងឃុំ គឺសុទ្ធជាអ្នកប្រើប្រាស់តាមខ្នងទំនប់ និងផ្លូវនេះតែម្តង។
សម្រាប់លទ្ធភាព គឺប្រធានចុះជួយឃុំ ជាអ្នកដោះស្រាយ ហើយតាមការរំពឹងទុក គឺនៅថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ នឹងចាប់បើកការដ្ឋានធ្វើតែម្តង ដើម្បីកុំឲ្យពលរដ្ឋគាត់ពិបាកធ្វើដំណើរយូរពេក៕