(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ជាលើកទី១ ក្នុងប្រវត្តិសាស្រ្ដ ដែលបានកម្ពុជាអនុម័តគម្រោងបានរហូតដល់៤១៤គម្រោង ក្រោមទុនវិនិយោគជិត ៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ខណៈខែទី១ នៃឆ្នាំ២០២៥ សម្រេចបាន ៦៨គម្រោង។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល អញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចប្រជុំពិគ្រោះយោបល់ លើការរៀបចំយន្ដការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យ តាមដានការអនុវត្តនគម្រោងវិនិយោគ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាប ឆ្នាំ២០២៤ យើងបានអនុម័ត៤១៤គម្រោង មានទុនវិនិយោគជិត ៧ពាន់ដុល្លារអាមេរិក គឺមិនដែលមាននៅក្នុងប្រវិត្ដសាស្ដ្រ CDC ៣០ឆ្នាំមកនេះ ដែលអនុម័តគម្រោងបាន ៤១៤បែបនេះ»។

បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា មួយខែដំបូងនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៦៨ ក្នុងទំហំទុនវិនិយោគសរុប ជាង ៧៤៨លានដុល្លារអាមេរិក ខណៈខែកុម្ភៈ ឆ្នាំ២០២៥ អាចបាន៥០គម្រោង។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្លឹងឃើញថា មានអ្នកដាក់ទុនវិនិយោគច្រើន នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនដល់ប្រជាពលរដ្ឋ ដោយសារតែអ្នកវិនិយោគទុកចិត្ដ លើរាជរដ្ឋាភិបាល មានសុខសន្ដិភាព មានស្ថេរភាពនយោបាយ -ល- ជាច្រើន។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥នេះ CDC សង្ឃឹមថាបានច្រើនជាង ៥០០គម្រោង បើសិនជាក្នុងមួយខែៗ មានការអនុម័តគម្រោង៤០ ទៅ៥០គម្រោង ច្បាស់ណាស់នឹងទទួលបានគម្រោងវិនិយោគលើស៥០០គម្រោង។

សូមជម្រាបថា មួយខែដំបូងនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន៦៨ ក្នុងទំហំទុនវិនិយោគសរុប​ជាង៧៤៨លានដុល្លារអាមេរិក កើនឡើង៣០០%​។ ក្នុងនោះ គម្រោងវិនិយោគថ្មី ចំនួន៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤គម្រោង អាចបង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែង៕