(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត៖
* ផ្អែកតាមលទ្ធផលការងារសម្រេចបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានខិតខំបំពេញការងារ រហូតសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ។ ជាពិសេសការងារកែទម្រង់ផ្ទៃក្នុងក្រសួង, ការពង្រឹងការប្រមូលចំណូល និងការគ្រប់គ្រងចំណាយ, ការកៀរគរ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជា ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬ ហៅថា វិស័យឌីជីថល ឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងកំពុងស្ថិតនៅក្នុងនិន្នាការនៃយុគផ្លាស់ប្តូរមួយ ដែលបរិវត្តកម្មឌីជីថល ពុំមែនគ្រាន់តែជាជម្រើសប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាចាំបាច់សម្រាប់គ្រប់ប្រទេសលើពិភពលោក រួមទាំងកម្ពុជាផងដែរ ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចេកវិទ្យាឌីជីថលកំពុងទម្លុះរបាំងប្រពៃណី ដើម្បីបើកផ្លូវឆ្ពោះទៅរក កាលានុវត្តភាពថ្មីៗ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋគ្រប់រូបនៅទីតាំងណាក៏ដោយ គឺសុទ្ធតែមានលទ្ធភាពប្រើប្រាស់សេវាទូរស័ព្ទចល័ត និងអុីធើណិត និងឧបករណ៍ឌីជីថល ដែលមានតម្លៃសមរម្យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រព័ន្ធឌីជីថលកំពុងផ្សារភ្ជាប់ជាមួយជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។ បច្ចុប្បន្នទូរស័ព្ទកំពុងតែស្និទ្ធស្នាលជាងសាច់ញាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងឌីជីថល មិនមែនកើតដោយចៃដន្យនោះទេ គឺកើតចេញដោយសារការដាក់ចេញគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាលជាងពីរទសវត្សមកនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនអស់លុយបើកឱ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឌីជីថល ជាបញ្ហាដែលវិវឌ្ឍន៍ទៅមុខ ដែលរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ និងចក្ខុវិស័យ មិនឱ្យដើរចាញ់ការវិវឌ្ឍន៍របស់ពិភពលោកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឈរលើមូលដ្ឋាននៃគុណតម្លៃឌីជីថលនេះ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់លើបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ដោយបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឌីជីថល ក្នុងបញ្ចកោណទី៥ ដើម្បីចូលរួមជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កម្ពុជាឆ្នាំ២០៥០។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានអនុម័ត «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ជាមួយនឹងចក្ខុវិស័យរយៈពេលវែង ក្នុងការកសាង រដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងការជំរុញធុរកិច្ចឌីជីថល ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល បានដាក់ចេញ «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» សំដៅលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល ឌីជីថល សន្តិសុខឌីជីថល និងសេវាសាធារណៈឌីជីថល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ដោយមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាសេនាធិការ, បានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា- ឌីជីថល, ដែលក្នុងនោះ រួមមាន បច្ចេកវិទ្យាឈានមុខថ្មីៗ (Emerging Technologies) ដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ម៉ាស៊ីនស្វ័យសិក្សា, ទិន្នន័យធំ, បច្ចេកវិទ្យាក្លោដ, បច្ចេកវិទ្យាប្លុកឆន និងបច្ចេកវិទ្យាអ៊ីនធឺណិតនៃវត្ថុ ក៏ដូចជា ការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមមាន៖ ស្ថានីយអង់តែនទូរស័ព្ទចល័ត, បណ្តាញខ្សែកាបអុបទិកលើគោក និងក្រោមបាតសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញរដ្ឋាភិបាលឌីជីថល, មជ្ឈមណ្ឌលទិន្នន័យជាតិ និងមជ្ឈមណ្ឌលប្រតិបត្តិការ សន្តិសុខ ជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលទាមទារឱ្យមានការវិនិយោគខ្ពស់ក៏ដោយ ក៏កម្ពុជាចាំបាច់ត្រូវតែជំរុញការងារនេះ ឱ្យសម្រេចបានជោគជ័យ ក្នុងគោលដៅរៀបចំមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ការអភិវឌ្ឍដោយចីរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល ៥ឆ្នាំនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចបានសមិទ្ធផល យ៉ាងច្រើន ដូចជា (១) ការរៀបចំស្ថាប័នឱ្យមានរបៀបរៀបរយ, (២) អភិបាលកិច្ច និងនិយ័តកម្ម ដើម្បីបង្កើនគុណភាពសេវាទូរគមនាគមន៍ និងសេវាឌីជីថល, (៣) ការអភិវឌ្ឍមូលធនមនុស្ស ឌីជីថលគ្រប់កម្រិត, (៤) ការជំរុញល្បឿនបរិវត្តកម្មឌីជីថលក្នុងរដ្ឋាភិបាល និង ក្រសួង ស្ថាប័ន, និង (៥) ការលើកតម្កើងកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិក្នុងវិស័យឌីជីថល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាពចំពោះក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រសួងប្រៃសណីយ៍ និងទូរគមន៍ ដែលបានចូលរួមចំណែកដោះស្រាយបញ្ហា ក្នុងកំលុងពេលរាតត្បាតជំងឺកូវីដ១៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយសមិទ្ធផលជាច្រើនត្រូវបានសម្រេចក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានា ជាអាទិ៍ការគ្រប់គ្រង និងអភិវឌ្ឍវិស័យប្រៃសណីយ៍នៅមានកម្រិត, គុណភាពសេវាទូរគមនាគមន៍តាមទីតាំង មួយចំនួនត្រូវបន្តធ្វើឱ្យប្រសើរ, ធនធានមនុស្សជំនាញឌីជីថលជារួម និងអក្ខរកម្មឌីជីថល របស់ ប្រជាពលរដ្ឋត្រូវអភិវឌ្ឍបន្ថែម, ប្រព័ន្ធឌីជីថល និងទិន្នន័យរបស់ក្រសួង-ស្ថាប័ននៅដាច់ដោយឡែកពីគ្នា និងមានកម្រិតប្រព័ន្ធសន្តិសុខសាយប័រខុសៗគ្នា ដែលនាំឱ្យមានហានិភ័យខ្ពស់, អភិបាលកិច្ច និងការគ្រប់គ្រងទិន្នន័យរបស់ក្រសួង-ស្ថាប័ន នៅមានភាពមិនច្បាស់លាស់ និង យន្តការនៃការធានាចីរភាពនៃប្រព័ន្ធឌីជីថលនៅពុំទាន់មាននៅឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពង្រឹងអភិបាលកិច្ចក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល, អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពមន្ត្រីរាជការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃការកែទម្រង់ដែលបានអនុវត្តកន្លងមក ដើម្បីប្រែក្លាយទៅជាស្ថាប័នគំរូ សម្រាប់ដឹកនាំគ្រប់គ្រងវិស័យស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួង ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តពន្លឿនការរៀបចំសេចក្តីព្រាងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំពាក់ព័ន្ធក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា ឌីជីថល ជាពិសេសបច្ចេកវិទ្យាឈានមុខថ្មីៗ រួមមាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ម៉ាស៊ីនស្វ័យ- សិក្សា, ទិន្នន័យធំ, បច្ចេកវិទ្យាក្លោដ, បច្ចេកវិទ្យាប្លុកឆេន និងបច្ចេកវិទ្យាអ៊ីនធឺណិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តពង្រឹងគុណភាពសេវាប្រៃសណីយ៍ លើកកម្ពស់ទំនុកចិត្តលើសេវាប្រៃសណីយ៍ និងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ដើម្បីគាំទ្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកៈ តាមរយៈការបន្តពង្រឹងប្រតិបត្តិការរបស់សហគ្រាសប្រៃសណីយ៍កម្ពុជា ការពង្រីកបណ្តាញប្រៃសណីយ៍ឱ្យ បានទូលំទូលាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រៃសណ៍យ៍គន្លឹះ រួមមាន ឃ្លាំងភស្តុភារកម្ម ប្រៃសណីយ៍ និងភណ្ឌាគារគយមានដែនកំណត់ (Customs Bonded Warehouse) ការដឹកជញ្ជូនគោលដៅចុងក្រោយ និងការត្រៀមដាក់ឱ្យប្រើប្រាស់ថ្នាល DGPost ដើម្បីអភិវឌ្ឍប្រព័ន្ធ- អេកូឡូស៊ីប្រៃសណីយ៍រស់រវើក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា ដែលជាតួអង្គសំខាន់នៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យដំណើរការបានល្អ ដោយលុបបំបាត់ការលក់ទំនិញក្លែងក្លាយ និងការបោក បញ្ឆោតតាមប្រព័ន្ធអនឡាញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំយកចិត្តទុកដាក់ពង្រឹងគុណភាពសេវាពង្រីកវិសាលភាពនៃសេវាទូរស័ព្ទ និងអ៊ីនធឺណិត តាមរយៈការសាងសង់ស្ថានីយអង់តែនទូរស័ព្ទចល័ត ការស្ថាបនាបណ្តាញខ្សែកាបលើអាកាស និងក្រោមដីការបញ្ចប់គម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រឱ្យបានឆាប់ និងការស្ថាបនាបណ្តាញខ្សែកាបអុបទិកទៅដល់គ្រប់លំនៅដ្ឋានប្រជាពលរដ្ឋដែលមានតម្រូវការ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមផ្តល់កិច្ចសហការឱ្យបានពេញលេញ ក្នុងការជួយសម្រួល និងពន្លឿននីតិវិធីផ្ដល់ការអនុញ្ញាតក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ដោយត្រូវចាត់ទុកថា សេវាទូរស័ព្ទ និងអ៉ិនធឺណិត គឺជាសេវាសារវន្ត ដូចសេវាអគ្គិសនី និងទឹកស្អាតផងដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការបារម្ភអំពីផលប៉ះពាល់សុខភាពបង្កមកពីស្ថានីយអង់តែនទូរស័ព្ទចល័ត ពីព្រោះតាមការសិក្សារបស់អង្គការសុខភាពពិភពលោក គឺពុំមានភស្តុតាងវិទ្យាសាស្ត្រណាដែលបង្ហាញថា ស្ថានីយអង់តែនទូរស័ព្ទចល័ត អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋទ ហើយប្រសិនបើមានការប៉ះពាល់ដល់សុខភាពពិតមែន ប្រទេសទាំងអស់ ជាពិសេសប្រទេសអភិវឌ្ឍ មិនប្រើប្រាស់សេវាទូរស័ព្ទទៀតទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់បន្ថែម លើបញ្ហាសេវានៅតាមតំបន់មួយចំនួន ក៏ដូចជាតាមបុរី។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យ បន្តអភិវឌ្ឍធនធានមនុស្ស ឌីជីថល តាមរយៈកម្មវិធីអក្ខរកម្មឌីជីថល, កម្មវិធី អប់រំឌីជីថលកម្រិតឧត្តមសិក្សា, កម្មវិធីបណ្ដុះបណ្ដាលពង្រឹងជំនាញឌីជីថលក្នុងចំណោមមន្ត្រីរាជការ និងកម្មវិធីភាពជាអ្នកដឹកនាំឌីជីថល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង ត្រូវរៀបចំផែនការបង្កើនការយល់ដឹងអក្ខរកម្មឌីជីថលឱ្យស្របតាម «ក្របខ័ណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន»។ ចំពោះកម្មវិធីអប់រំឌីជីថលកម្រិតឧត្តមសិក្សា, ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តឱ្យក្រសួងបន្តផ្តល់ អាហារូបករណ៍ និងជំនួយហិរញ្ញវត្ថុ ដល់សិស្សឆ្នើមឱ្យបានកាន់តែច្រើន និងបន្តអនុវត្តគម្រោង ប្រកួតប្រជែងនៅកម្រិតគ្រឹះស្ថានអប់រំ ដើម្បីបញ្ជ្រាប និងផ្សព្វផ្សាយការយល់ដឹងអំពីសារៈ សំខាន់នៃបច្ចេកវិទ្យាឌីជីថលជាសាធារណៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ និងគាំទ្រចំពោះក្រសួង ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការផ្តល់មធ្យោបាយបច្ចេកវិទ្យាឌីជីថលដល់គ្រឹះស្ថានឧត្តមសិក្សា ជាពិសេស ក្នុងការផ្សារភ្ជាប់ការអប់រំជំនាញឌីជីថលទៅនឹងសួនឌីជីថល (Digital Park) ដែលជាគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីលើកកម្ពស់គុណភាពអប់រំ ឱ្យបានកាន់តែល្អប្រសើរ និងផ្ដល់លទ្ធភាពងាយស្រួលដល់ សិស្សនិស្សិត អាចទទួលបានការងារនៅកន្លែងផ្ទាល់ ឬការងារពីចម្ងាយដោយសហការជាមួយ ក្រុមហ៊ុនធំៗនៅតំបន់ Silicon Valley នៃសហរដ្ឋអាម៉េរិក និង មជ្ឈមណ្ឌលធុរកិច្ចថ្មីឌីជីថល ផ្សេងៗទៀត។
* ដើម្បីជំរុញការកសាងរដ្ឋាភិបាលឌីជីថល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវតែរៀបចំ ធនធានមនុស្សជំនាញឌីជីថល សម្រាប់គាំទ្រដល់ដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈឌីជីថលដល់វិស័យឯកជន និងប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រសួង បន្តជួយបណ្តុះបណ្តាលមន្ត្រីរាជការឱ្យចេះប្រើប្រាស់ឧបករណ៍ឌីជីថល និងកម្មវិធី Software ផ្សេងៗសម្រាប់កិច្ចការការិយាល័យ និងជំរុញបញ្ចប់ការកសាងផែនការ សកម្មភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង-ស្ថាប័ន ដែលមិនទាន់រៀបចំរួច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់គិតគូរអំពីអភិបាលកិច្ច និងការគ្រប់គ្រងទិន្នន័យ (Data Governance) ការរៀបចំនិម្មាបនកម្មរដ្ឋាភិបាលឌីជីថល (Digital Government Enterprise Architecture) ការធ្វើអន្តរប្រតិបត្តិការ (Interoperability) ការធ្វើកូដនីយកម្មទិន្នន័យ (Data Encryption) និងការរក្សាទុកទិន្នន័យនៅក្រសួង-ស្ថាប័នសាមី ស្របតាមគោលការណ៍សុវត្ថិ ភាពទិន្នន័យ និង សន្តិសុខសាយប័រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងត្រូវពន្លឿនការសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ រាល់ការអភិវឌ្ឍថ្នាល និងកម្មវិធីឌីជីថលរបស់គ្រប់ក្រសួង ស្ថាប័ន ត្រូវឆ្លងការពិនិត្យ និងវាយតម្លៃផ្នែកបច្ចេកទេសដោយ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ ដើម្បីដាក់ឱ្យប្រើប្រាស់ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products) ដែលត្រូវបានទទួលស្គាល់ជាថ្នាលរបស់រាជរដ្ឋាភិបាល, ជាពិសេស ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលត្រូវបានពិភពលោកទទួលស្គាល់ ជាជាងប្រើប្រាស់ថ្នាល និងកម្មវិធីឌីជីថលរបស់បរទេស ដែលប្រមូលនិងផ្ទុកទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្រៅប្រទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រ ដល់ការដាក់ឱ្យប្រើប្រាស់សាកល្បងនូវថ្នាល DG SuperApp តែត្រូវពិនិត្យឱ្យបានច្បាស់លាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យផ្តល់កិច្ចសហការ និងជំនួយបច្ចេកទេសផ្នែកសន្តិសុខសាយប័រដល់ក្រសួង ស្ថាប័ន ដើម្បីការពារថ្នាល និងកម្មវិធីឌីជីថល តាមរយៈការពង្រឹងយន្តការឆ្លើយតបបញ្ហាបន្ទាន់ នៃកុំព្យូទ័រ (CamCERT) ការដាក់ឱ្យអនុវត្តបទប្បញ្ញត្តិផ្ទៃក្នុងនៃការគ្រប់គ្រងសន្តិសុខសាយប័រ (Internal Regulation on Cybersecurity Management) និងការដាក់ឱ្យអនុវត្តនិម្មាបនកម្ម សន្តិសុខសាយប័រ (Cybersecurity Architecture) នៅតាមក្រសួង-ស្ថាប័ន ដើម្បីអាចតភ្ជាប់ មកមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ (SOC) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រសួង ស្ថាប័ន ដែលមិនទាន់មានបទប្បញ្ញត្តិផ្ទៃក្នុងនិងនីតិវិធីនេះ អាចពិចារណាយកទៅបើប្រាស់តាមតម្រូវការបាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តចូលរួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជំរុញយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីសុវត្ថិភាពអនឡាញ (Online Safety) ជាពិសេសការការពារកុមារតាមប្រព័ន្ធអនឡាញ និងការផ្សព្វផ្សាយតាមក្រុមហ៊ុន បច្ចេកវិទ្យា និងគ្រឹះស្ថានអប់រំ។ល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា មិនមានការដោះដូររដ្ឋមន្ត្រីតាមបណ្តាក្រសួង ដូចពាក្យចចាមអារ៉ាមនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រតិកម្មចំពោះក្រុមមនុស្សធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងអំពាវនាវឱ្យបញ្ឈប់សកម្មភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នឹងបង្កើតគណៈកម្មការមួយដឹកនាំដោយនាយករដ្ឋមន្ត្រី អមដោយឧបនាយករដ្ឋមន្ត្រី ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកលើកទឹកចិត្តឱ្យ សហប្រធានក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និង ទូរគមនាគមន៍ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បន្តពិភាក្សាលើ សំណូមពរ និងបញ្ហាប្រឈមនានា ព្រមទាំងចូលរួមជំរុញ និងទាក់ទាញធុរកិច្ច និងការវិនិយោគ បន្ថែមក្នុងវិស័យឌីជីថល ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កាច្រើនបន្ថែមទៀត សម្រាប់សង្គម និង សេដ្ឋកិច្ចជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៦៖០៨នាទីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕