(បាត់ដំបង)៖ រដ្ឋបាលបាត់ដំបង បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីមន្ដ្រីរាជការពាក់ព័ន្ធសរុប៦០០នាក់។

សន្និបាតនេះ បានលើកយកប្រធានបទចំនួន៧ មកពិភាក្សា ដែលនឹងវាយតម្លៃ ឆ្លុះបញ្ចាំងកាន់តែមានភាពច្បាស់លាស់ទៅលើស្ថានភាព នៃការអនុវត្តការងារជាក់ស្តែង និងបញ្ហាប្រឈមនានាដែលនៅសេសសល់, ការរកដំណោះស្រាយ និងកំណត់ទិសដៅសម្រាប់អនុវត្តនាពេលខាងមុខដើម្បីចូលរួមអភិវឌ្ឍនសេដ្ឋកិច្ចសង្គម ការដោះស្រាយជីវភាពរស់នៅប្រជាពលរដ្ឋ និងធានាសុខដុមនីយកម្មសង្គមជាតិ។

បន្ទាប់ពីលោក សុខ លូ បានឡើងថ្លែងសុន្ទរកថាបើកសន្និបាតរួចមក លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្ត បានឡើងរាយការណ៍ពីលទ្ធផលការងារខាងលើ គ្រប់វិស័យរបស់រដ្ឋបាលខេត្តបាត់ដំបង រយ:ពេល១ឆ្នាំ ប្រចាំឆ្នាំ២០២៤កន្លងមក និងបានធ្វើបទអន្តរាគមន៍ពីថ្នាក់ដឹកនាំផ្សេងទៀត បានលទ្ធផលល្អ, ចំណុចខ្វះខាត, ជំរុញមន្រ្តីពាក់ព័ន្ធទាំងអស់កែសម្រួល និងខិតខំធ្វើការងារបន្តឲ្យប្រកបដោយជោគជ័យច្រើនជាងឆ្នាំមុន។

ប្រធានបទទាំង៧ ដែលត្រូវលើកយកមកពិភាក្សានោះរួមមាន៖

*ទី១៖ បទអន្តរាគមន៍លើប្រធានបទ «ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដោយលោក ធូ ភា អភិបាលរងខេត្ត
*ទី២៖ បទអន្តរាគមន៍លើប្រធានបទ «ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ» ដោយលោក យឹម សៀប អភិបាលរងខេត្ត
*ទី៣៖ បទអន្តរាគមន៍លើប្រធានបទ «ការគ្រប់គ្រងដីចំណីផ្លូវ សំណង់មិនរៀបរយ តាមទីប្រជុំជន និងដីចំណីប្រឡាយ អូរ ស្ទឹង អាង ទំនប់» ដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត
*ទី៤៖ បទអន្តរាគមន៍លើប្រធានបទ «ការងារគ្រប់គ្រងសំរាម (សំណល់រឹង-រាវ)» ដោយលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត
*ទី៥៖ បទអន្តរាគមន៍លើប្រធានបទ «វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ អាទិភាព-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការពង្រីកសេវាថែទាំសុខភាព និងការអនុវត្តកម្មវិធីជាតិជំនួយសង្គម» ដោយលោក ផេង សិទ្ធី អភិបាលរងខេត្ត
*ទី៦៖ បទអន្តរាគមន៍លើប្រធានបទ «ការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយ» ដោយលោក មូល ធន អភិបាលរងខេត្ត
*ទី៧៖ បទអន្តរាគមន៍លើប្រធានបទ «វឌ្ឍនភាព និងបញ្ហាប្រឈមលើវិស័យអប់រំ» ដោយលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត៕