(កណ្តាល)៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តកណ្តាល, មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដល់មូលដ្ឋានខេត្តកណ្តាល ដេីម្បីពិនិត្យ និងរៀបចំចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទលេីករណីវិវាទចំនួន២ តាមការស្នេីសុំរបស់រដ្ឋបាលខេត្តកណ្តាល ដោយអនុវត្តស្របតាមស្មារតី នៃអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្តាល កាលពីពេលថ្មីៗ កន្លងទៅនេះ។
នៅក្នុងឱកាស នៃការប្រគល់កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទជូនដល់គូភាគីវិវាទ, លោក នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងរបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានលើកឡើងថា ការចេញកំណត់ហេតុព្រមព្រមព្រៀងបញ្ចប់វិវាទនេះ គឺកើតចេញពីការសហការរវាង រដ្ឋបាលខេត្តកណ្តាល និង អ.ដ.ក. ដើម្បីដោះស្រាយបញ្ចប់វិវាទទាំងស្រុងនៅមូលដ្ឋាន ជៀសវាងការបន្តប្តឹងផ្តល់គ្នាទៅតុលាការ ដែលនេះនឹងអាចកាត់បន្ថយចំនួនសំណុំរឿងនៅតាមតុលាការ ព្រោះកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនៃ អ.ដ.ក. មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការផងដែរ។
ជាមួយគ្នានេះ លោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. ក៏បានលើកទ្បើងថា ការចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ គឺជាជំហានដ៏ល្អថ្មីមួយទៀត ដែលកើតចេញពីការអនុវត្តនូវ អនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ សំដៅរួមគ្នាជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ធានាបាននូវភាពសុខដុមរមនាក្នុងសហគមន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអគ្គលេខាធិការ ក៏បានថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល ដែលបានផ្តល់កិច្ចសហការ ការគាំទ្រ និងការចូលរួមជាមួយ អ.ដ.ក. ក្នុងការជំរុញ និងលើកកម្ពស់នូវប្រសិទ្ធភាពនៃការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ពិសេសសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្តាល។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និង រដ្ឋបាលខេត្តកណ្តាល, ក្រៅពីសំណុំរឿងទាំងពីរខាងលើ ដែលបានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទរួចហើយ, អ.ដ.ក. ក៏កំពុងពិនិត្យ និងរៀបចំចេញនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ស្របតាមនីតិវិធី លើករណីសំណុំរឿងវិវាទមួយចំនួនទៀត ដែលបានបញ្ជូនជាបន្តបន្ទាប់មកពីរដ្ឋបាលខេត្តកណ្តាល៕