(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងបញ្ជាក់ថា ការគិតគូរពីដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ក៏ដូចជាការគិតគូរពីការកសាងធន់ធានមនុស្ស ត្រូវបានចាត់ទុកជាអតិភាពទី១ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក យក់ ប៊ុនណា បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញគណអធិបតី បិទសន្និសីទអន្តរជាតិស្តីពី ការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ ដោយមានការចូលរួមពីលោក Laurent Mesmann ទីប្រឹក្សាពិសេសរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច និងជាប្រធានគម្រោងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបារាំង, តំណាងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល និងសិស្សមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។
លោក យក់ ប៊ុនណា បានថ្លែងដូចនេះថា «ស្របជាមួយនឹងដំណើរការនៃការកែរទម្រង់ដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយប្រធានថ្ងៃនេះ ជាប្រធានបទដែលត្រូវបានរៀបចំគិតគូរ ស្របជាមួយសេចក្តីត្រូវការក្នុងការកែរទម្រង់ និងការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន ហើយការគិតគូរពីដំណើរការនៃអភិវឌ្ឍន៍របស់កម្ពុជា ក៏ដូចជាការគិតគូរពីការកសាងធន់ធានមនុស្ស ត្រូវបានចាត់ទុកជាអតិភាពទី១ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោក យក់ ប៊ុនណា បានបន្ថែមថា តាមរយៈបទបង្ហាញស្តីពីបរិវត្តកម្មនៃមុខងារ រចនាសម្ព័ន្ធ និងមធ្យោបាយរបស់រដ្ឋបាលសាធារណៈ បានបង្ហាញឱ្យឃើញថា បរិវត្តកម្មលើមុខងារ គឺការកំណត់ឡើងវិញនៃតួនាទីបែបប្រពៃណីជានិយ័តករទៅជាអ្នកឧបត្ថម្ភគាំទ្រ, ការសង្កត់ធ្ងន់លើការចូលរួមរបស់ប្រជាពលរដ្ឋ វិស័យឯកជន នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឱ្យមាន ប្រសិទ្ធភាពជាងមុន បើកចំហរ និងឆ្លើយតបទៅតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយនឹងវិមជ្ឈការ និងការបង្កើតភ្នាក់ងារឯកទេសដែលអនុញ្ញាតឱ្យមានប្រតិកម្មរហ័សជាងមុន ចំពោះបរិវត្តកម្មរចនាសម្ព័ន្ធ ការគ្រប់គ្រង ធនធានមនុស្សនិងការស្វែងរកមធ្យោបាយហិរញ្ញវត្ថុថ្មីៗ គឺជាធាតុសំខាន់ដើម្បីធានានិរន្តភាព និងប្រសិទ្ធភាពនៃ សេវាសាធារណៈ។ បរិវត្តកម្មនៃតូករណ៍គតិយុត្ត គឺនៅពេលនីតិរដ្ឋបាលត្រូវបានជំទាស់កើនឡើង បន្ទាប់ពីតម្រូវការកាត់បន្ថយចំណាយសាធារណៈ និងការគ្រប់គ្រងសាធារណៈបែបថ្មី (គំរូគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន)។ នាំឱ្យមានតម្រូវការនីតិឯកជនកើនឡើង ជាពិសេសនីតិស្រទន់។
ស្របជាមួយគ្នានោះដែរលោក យក់ ប៊ុនណា បានបន្ថែមដែរថា តាមរយៈអង្គសន្និសីទនាពេលនេះ ពិតជាមានសារៈសំខាន់ និងបានផ្តល់ជាវេទិកា សម្រាប់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីថ្នាក់គ្រប់គ្រង មន្ត្រីជំនាញ ជាពិសេសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ទទួលបាននូវ ធាតុចូល និងចំណេះដឹងថ្មីៗជាពិសេសបទពិសោធន៍នៃការអនុវត្តការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈជាអន្តរជាតិ ដើម្បីជាមូលដ្ឋានសម្រាប់យកទៅសិក្សារៀនសូត្រ និងអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង៕