(ភ្នំពេញ)៖ យុវតី ហ៊ុន ជាតិវរលក្ខណ៍ បានសម្រេចក្តីស្រមៃរបស់ខ្លួន ដោយទទួលបានបរិញ្ញាបត្រជំនាញ «ទំនាក់ទំនងអន្តរជាតិ និង នយោបាយ» ពីសាកលវិទ្យាល័យ Deakin University ជាសាកលវិទ្យាល័យដែលបានជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យកំពូល ក្នុងចំណោមសាកលវិទ្យាល័យល្បីៗជាច្រើន នៅទូទាំងពិភពលោក ដែលមានទីតាំងនៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី។

យុវតី ហ៊ុន ជាតិវរលក្ខណ៍ គឺជាកូនស្រីរបស់ឯកឧត្តម ហ៊ុន គឹមជាតិ , ជាចៅស្រីបង្កើតរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន និងជាចៅស្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។

ការទទួលបានបរិញ្ញាបត្រជំនាញ «ទំនាក់ទំនងអន្តរជាតិ និង នយោបាយ» ពីអូស្ត្រាលីនាពេលនេះ គឺយុវតី ហ៊ុន ជាតិវរលក្ខណ៍ ទទួលបានសារអបអរសាទរពីក្រុមគ្រួសារ ជាពិសេសសារអបអរសាទរពីសម្តេចតេជោ ហ៊ុន សែន ដែលត្រូវជាជីតា។

សម្តេច ហ៊ុន សែន បានថ្លែងសារអបអរសាទរ យុវតី ហ៊ុន ជាតិវរលក្ខណ៍ ដោយអមជាមួយខ្លឹមសារយ៉ាងខ្លីថា «អបអរសាទរចៅ។ ជាឈាមត្រកូលហ៊ុន ចាប់ពីពេលនេះទៅ ត្រូវតែមានបរិញ្ញាបត្រយ៉ាងតិច»

យុវតី ហ៊ុន ជាតិវរលក្ខណ៍ គឺជាអតីតសិស្សនៅសាលាបញ្ញាសាស្ត្រអន្តរជាតិ ដោយបានបញ្ចប់ការសិក្សាកាលពីឆ្នាំ២០១៧ ហើយមានឱកាសទៅសិក្សានៅសាកលវិទ្យាល័យ Deakin University ប្រទេសអូស្ត្រាលី។ បើទោះបីពិភពលោកជួបនូវវិបត្តិជំងឺរាតត្បាតកូវីដ-១៩ក្តី តែការសិក្សារបស់យុវតីរូបនេះ នៅដំណើរការទៅមុខ និងទទួលបានជោគជ័យគួរជាទីមោទនៈ នៅក្នុងពេលនេះ។

បើយោងតាមប្រភពពីក្រុមគ្រួសារ ក្រោយបញ្ចប់បរិញ្ញាបត្រ យុវតី ហ៊ុន ជាតិវរលក្ខណ៍ មានបំណងបន្តការសិក្សាថ្នាក់បណ្ឌិតក្រៅប្រទេសថែមទៀត ដើម្បីនាំយកចំណេះជំនាញដែលទទួលបានពីបរទេស មកចូលរួមអភិវឌ្ឍសង្គមជាតិសម្រាប់ថ្ងៃអនាគត ដោយគោរពតាមអនុសាសន៍របស់សម្តេចតា ដោយត្រូវតែខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមបំពេញការងារ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា៕