(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា នៅចុងឆ្នាំ២០២៥នេះរោងចក្រផលិតរថយន្ដម៉ាក BYD នឹងចាប់ផ្តើមដំណើរការផលិតរថយន្តនៅកម្ពុជា ដែលសមត្ថភាពផលិតរថយន្ដ ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី កិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំយន្ដការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យ តាមដានការអនុវត្តនគម្រោងវិនិយោគ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា «ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនមួយនឹងគ្រោងមកបោះទុន ដើម្បីរៀបចំបើករោងចក្រផលិតរថយន្តនៅកម្ពុជានោះ គឺក្រុមហ៊ុន BYD ដែលបច្ចុប្បន្នក្រុមហ៊ុនបានជួលទីតាំង ក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ប្រហែលជាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ យើងនឹងឃើញរថយន្ដ BYD EV ចេញពីរោងចក្រផលិតនៅកម្ពុជា»

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ដថា ចំពោះការដំឡើងផលិតរថយន្ដ ក្រុមហ៊ុននឹងអាចដំឡើងរថយន្ដចន្លោះពី ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយផលិតចំនួន ២ប្រភេទរថយន្ដ គឺរថយន្ដ BYD EV (អគ្គិសនីសុទ្ធ) និងរថយន្ដ BYD ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា ចំពោះការផលិតរថយន្ដរបស់ BYD ជាដំបូងនឹងធ្វើការចែកចាយលើទីផ្សារកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីបានបន្ដថា ចំពោះការជ្រើសរើសទីតាំងក្នុងខេត្តព្រះសីហនុ របស់ក្រុមហ៊ុន BYD ព្រោះវាផ្ដល់ភាពងាយស្រួល ដល់ក្រុមហ៊ុនក្នុងការនាំចូលគ្រឿងបន្លាស់ គ្រឿងបង្គុំមកតាមកំពង់ផែ។

ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការឈានជើងចូល របស់ក្រុមហ៊ុន BYD គឺជាជោគជ័យមួយរបស់រាជរដ្ឋាភិបាល ដែលទាំងសម្តេចផ្ទាល់ និងមន្ត្រីរាជរដ្ឋាភិបាលផ្សេងៗទៀតខិតខំ «ដើរទាក់ម៉ូយ» ឱ្យមកបោះទុនវិនិយោគនៅកម្ពុជា។

សម្តេចធិបតីបវរបានបញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនផលិតបរទេស ទាំងក្រុមហ៊ុន BYD, Ford, Toyota និងក្រុមហ៊ុនហ៉ីយ៉ាន់ដាយ ជាដើម មកបង្កើតរោងចក្រដំឡើង និងផលិតរថយន្តនៅកម្ពុជា គឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចដ៏សំខាន់មួយ៕