(កណ្ដាល)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពអាកាស នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារជំនាញការពារអាកាសឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់បញ្ជាការដ្ឋានការពារអាកាសអគ្គបញ្ជាការ នៅមូលដ្ឋានកងយោធពលខមេរភូមិន្ទត្មាតពង។
លោកឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសអគ្គបញ្ជាការ និងលោកឧត្តមសេនីយ៍ទោ ជា វ៉ាន មេបញ្ជាការរងការពារអាកាសអគ្គបញ្ជាការ តាមរយៈរបាយការណ៍ស្វាគមន៍បានឲ្យដឹងថា នៅឆ្នាំ២០២៤កន្លងទៅនេះ បញ្ជាការដ្ឋានការពារអាកាសអគ្គបញ្ជាការ បានអនុវត្តភារកិច្ចស្នូលរបស់ខ្លួនស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ និងស្របតាមការណែនាំចង្អុលបង្ហាញពីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោពលខេមរភូមិន្ទ ក្នុងការជួយជ្រោមជ្រែងទាំងស្មារតី និងសម្ភារៈ ជូនកម្លាំងការពារអាកាសឲ្យអនុវត្តតួនាទីរបស់ខ្លួនសម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
ក្រៅពីនេះទៀត បានសហការជាមួយកងកម្លាំងជំនាញដទៃទៀត ធ្វើកិច្ចការសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយនានា និងបានចូលរួមចំណែកការពារសន្តិសុខ ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ។ អង្គភាពបានយកចិត្តទុកដាក់ធ្វើការហ្វឹកហ្វឺន អប់រំរៀនសូត្រ នយោបាយ សតិអារម្មណ៍ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ បានជាច្រើនវគ្គច្រើនលើក ជាពិសេសវគ្គខ្លីៗនៅតាមកងឯកភាព ដែលបានរួមចំណែកធ្វើឲ្យនាយទាហាន ពលទាហាន បានយល់ជ្រួតជ្រាប អំពីមាគ៌ានយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ សឹង សំណាង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់ការកសាងបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ពប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយឡែក ចំពោះកម្លាំងការពារអាកាសអគ្គបញ្ជាការ កំណែទម្រង់ និងការធ្វើទំនើបកម្ម ត្រូវតែធ្វើទន្ទឹមគ្នា ព្រោះថាលក្ខណៈពិសេសរបស់កម្លាំងការពារអាកាស គឺតម្រូវការផ្នែកសម្ភារៈគ្រឿងបំពាក់ និងយុទ្ធោបករណ៍ មានគ្រប់កម្រិត គ្រប់ផ្នែក និងមិនអាចខ្វះបានក្នុងការបំពេញភារៈកិច្ចរបស់ខ្លួន។
នាយឧត្តមសេនីយ៍ សឹង សំណាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងការពារអាកាសដែលសម្រេចបានស្នាដៃជាច្រើន ពិសេសគឺបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ លំហរអាកាស សហការជាមួយស្ថាប័នពាក់ព័ន្ធ ពង្រឹងការការពារអាកាស។ បើទោះជាមានបញ្ហាប្រឈមនានាយ៉ាងណាក៏ដោយ ក៏បានពុះពារការលំបាកទាំងនោះ និងយកអស់កម្លាំងកាយចិត្ត ខិតខំច្នៃប្រឌិតប្រកបដោយភាពរស់រវើក និងដោះស្រាយបញ្ហាទាំងនោះនៅតាមបណ្ដាអង្គភាពនីមួយៗ បានទាន់ពេលវេលាដោយប្រើប្រាស់មធ្យោបាយរបស់អង្គភាព ទៅតាមលទ្ធភាពជាក់ស្ដែងជាមួយការទទួលខុសត្រូវ និងម្ចាស់ការ។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ផ្អែកតាមស្មារតីទទួលខុសត្រូវរបស់នាយទាហាន ពលទាហានកម្លាំងការពារអាកាសកន្លងមក បានជំរុញចលនា នៃការអនុវត្តភារកិច្ចជំនាញទទួលបានជោគជ័យ ព្រមទាំងទទួលបានការសរសើរពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ និងបានបំពេញប្រតិបត្តិកាការកន្លងមកនេះ មានដូចជា ភារកិច្ចការពារដែនអាកាសព្រះរាជាណាចក្រកម្ពុជា ការពារគោលដៅសំខាន់ៗយុទ្ធសាស្ត្រ រួមមានមជ្ឈមណ្ឌលនយោបាយ យោធា សេដ្ឋកិច្ច វប្បធម៌ជាដើម។
ចំពោះការហ្វឹកហាត់ នាយឧត្តមសេនីយ៍ បានណែនាំកម្លាំងការពារអាកាស ចូលរួមចំណែកហ្វឹកហាត់យ៉ាងសកម្មក្នុងលំហាត់សមយុទ្ធ បង្ក្រាបកម្លាំងឧទ្ទាម និងភេរវកម្ម តាមរយៈលំហាត់នាគមាស លំហាត់សង្គ្រោះគ្រោះមហន្តរាយ តាមរយៈលំហាត់សមយុទ្ធរួម ៣ប្រទេស។ នាយឧត្តមសេនីយ៍ ក៏មិនភ្លេចលើកឡើងពីសភាពការណ៍ ក្នុងឆ្នាំ២០២៤ កន្លងទាំងនេះដែលស្ដែងចេញពី ជម្លោះភូមិសាស្ត្រនយោបាយ ប្រកបដោយភាពស្មុគស្មាញរវាងភាគីមហាអំណាច ជាពិសេសពាក់ព័ន្ធសង្គ្រាម នៅប្រទេសនៅអ៊ុយក្រែន ការកើនឡើងវត្តមានយោធារបស់អង្គការណាតូ នៅអឺរ៉ុបខាងកើតផងដែរ ស្របគ្នានេះក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលមានមជ្ឈដ្ឋានអមិត្តនៅក្រៅប្រទេស ដែលមានបរទេសមួយចំនួននៅពីក្រោយ បានជំរុញសកម្មភាពញុះញង់ ឥតឈប់ឈរ ក្នុងបំណងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោត។
ផ្អែកតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវរួមគ្នាការពារសុខសន្តិភាពឲ្យបានគង់វង្សជានិរន្តរ៍ អ្វីដែលបាននឹងកំពុងកើតមាននៅទឹកដីកម្ពុជា គឺកត្តាសន្តិភាព គឺជាកត្តាចម្បងបំផុតនាំមកនូវជោគជ័យសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ។ ប្រការនេះហើយ ត្រូវរក្សាសន្តិភាព ហើយមិនត្រូវឲ្យសន្តិភាពដែលកំពុងមានរយៈពេល២៦ឆ្នាំរួចមកនេះ ត្រូវឃ្លាតចេញពីកម្ពុជាទៀតបានឡើយ យើងត្រូវនាំគ្នាអរគុណសន្តិភាព និងប្រឆាំងដាច់ខាតឧបាយកល ដែលនាំប្រទេសធ្លាក់ចូលក្នុងសង្គ្រាមឡើងវិញ។
បច្ចុប្បន្ននេះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសមាសភាពអ្នកដឹកនាំវ័យក្មេងបន្តវេន បាននិងកំពុងធ្វើដំណើរយ៉ាងលឿនរហ័សប្រកបដោយថាមពល និងប្រសិទ្ធភាពខ្ពស់ក្នុងដំណើរអភិវឌ្ឍន៍ប្រទេស។
នាយឧត្តមសេនីយ៍ សឹង សំណាង បានធ្វើការក្រើនរំលឹក និងផ្ដល់អនុសាសន៍ចំពោះនាយទាហានការពារអាកាសទាំងអស់ថា ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លើសពីនេះ ត្រូវបន្តយកចិត្តទុកដាក់ធ្វើជាសេនាធិការជូនអគ្គមេបញ្ជាការ លើការងារគ្រប់គ្រងដែន អាកាសឲ្យបានដាច់ខាត ដោយសហការជាមួយកងទ័ពជើងអាកាស និងបណ្ដាអង្គភាពជំនាញពាក់ព័ន្ធ។
លោកបន្ថែមថា ត្រូវធ្វើការគ្រប់គ្រងថែទាំគ្រឿងបំពាក់តាមលក្ខណៈបច្ចេកទេសរដូវកាលនីមួយៗ ដើម្បីធានាឲ្យបានដល់ការងារហ្វឹកហ្វឺនប្រយុទ្ធ និងប្រើប្រាស់បានយូរអង្វែង។ លើកកម្ពស់ការយកចិត្តទុកដាក់ ដល់ការពង្រីកសាមគ្គីភាពឯភាពផ្ទៃក្នុង រក្សាការសម្ងាត់កងទ័ព ពិសេសកិច្ចសហប្រតិបត្តិការការកសាងកម្លាំងការពារអាកាស បញ្ជាការការពារអាកាសកងទ័ពជើងគោក និងការពារអាកាសកងទ័ពជើងទឹក៕