(សៀមរាប)៖ ប្រទេសអូស្ត្រាលី បានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញធានានូវកិច្ចការពាំពារវិស័យជលផល កិច្ចគាំពាំផ្នែកបរិស្ថានប្រកបដោយនិរន្តរភាពនៅក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ ដោយក្នុងមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ក្នុងឆ្នាំ២០២៥ ដល់ការស្រាវជ្រាវជលផលក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៉ី ឡាវ ថៃ និងវៀតណាម។
កិច្ចសហការក្នុងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដែលសម្របសម្រួលដោយ ACIAR និង CSU បានជួយពង្រឹងសមត្ថភាពអ្នកស្រាវជ្រាវក្នុងតំបន់ និងផ្តល់ការយល់ដឹងអំពីការស្រាវជ្រាវដ៏មានតម្លៃ។ កត្តានេះបានជួយធ្វើឱ្យភាគីពាក់ព័ន្ធអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង ជួយជំរុញឱ្យទទួលបានលទ្ធផលជាវិជ្ជមាន និងផ្តល់ផលប្រយោជន៍រយៈយូរអង្វែង ដល់វិស័យជលផលក្នុងស្រុក ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍសេដ្ឋកិច្ច។
ថ្លែងនៅសន្និសីទលើកទី២ ស្ដីពីជណ្ដើរត្រីនៅតំបន់ទន្លេមេគង្គក្រោម ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Derek Yib ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា តំបន់ទន្លេមេគង្គមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាពាក់ព័ន្ធនឹងតំបន់អាស៉ីអាគ្នេយ៍ ព្រមទាំងមានលក្ខណៈទូលំទូលាយ ដូច្នេះ តំបន់ទំបន់មេគង្គមានបញ្ហាជាច្រើនដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ដើម្បីធ្វើការរួមគ្នាចាប់យកឱកាសក្នុងការប្រកួតប្រជែង។ ត្រង់ចំណុចនេះ ហើយប្រទេសអូស្ត្រាលី បានចូលរួមចំណែកជាច្រើននៅក្នុងតំបន់ទន្លេមេគង្គនេះ គឺជារៀបចំឱ្យមានរបៀបង្ហូរទឹកដ៏ល្អ។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជារូបនេះ បានគូសបញ្ជាក់ថា៖ «កម្មវិធីភាពជាដៃគូ មេគង្គ-អូស្ត្រាលី ដែលកំពុងតែធ្វើដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ដោយបានរកឃើញថា ការរៀបចំសាងសង់ជណ្តើរត្រី ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពួកយើង ពីព្រោះនៅពេលដែលតំបន់មេគង្គមានស្ថិរភាព នៅពេលដែលតំបន់នេះមានកិច្ចសហប្រតិបត្តិការរួមគ្នាល្អ នោះនឹងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនោះនឹងវាមិនបង្កផលប៉ះពាល់ជះដល់ប្រទេសអូស្ត្រាលីផងដែរ។ ដូច្នេះ ការធ្វើការងារជាមួយបណ្តាប្រទេសទន្លេមេគង្គ គឺជាភាពល្អប្រសើរសម្រាប់អូស្ត្រាលី»។
«ត្រីមានសារៈសំខាន់ខ្លាំងណាស់ ប្រូតេអ៉ីននៅក្នុងសាច់ត្រី ដូច្នេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការធានាភាពចម្រុះរបស់ត្រីនៅក្នុងបឹងទន្លេសាប សហគមន៍កសិកម្មអាចបន្តពឹងផ្អែកលើវិស័យជលផល ដើម្បីអាចផ្គត់ផ្គង់គ្រួសារ និងប្រាក់ចំណូលរបស់ពួកគេក្នុងជីវភាពរស់នៅនៅអនុតំបន់ទន្លេមេគង្គ មានគ្រួសារសហគមន៍ជាច្រើន គឺកំពុងទទួលផលពីត្រី ដូច្នេះ អ្វីដែលអាចគាំទ្រដល់មហាអនុតំបន់ទន្លេមេគង្គ គឺពិតជាមានសារៈសំខាន់មែនទែនសម្រាប់អូស្ត្រាលី»។ នេះជាការលើកឡើងបន្ថែមរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា។
លោកស្រីសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) បានលើកឡើងថា អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ACIAR បានផ្តល់ការគាំទ្រដល់សាកលវិទ្យាល័យ Charles Sturt ដោយមានការសហការជាមួយស្ថាប័នរបស់រដ្ឋាភិបាលជាដៃគូនៅក្នុងតំបន់មេគង្គ ដើម្បីជួយស្តារពូជត្រីក្នុងស្រុកឡើងវិញ។ កិច្ចខិតខំប្រឹងប្រែងនេះរួមបញ្ចូលទាំងការអភិវឌ្ឍផ្លូវត្រី ដែលត្រូវបានគេស្គាល់ជាទូទៅថា «ជណ្ដើរត្រី»។
លោកស្រីសាស្ត្រាចារ្យ Wendy Umberger បានបន្ថែមថា តាមរយៈការរួមបញ្ចូលជណ្តើរត្រីទៅក្នុងផែនការថ្នាក់តំបន់ យើងអាចការពារការខូចខាតប្រព័ន្ធ អេកូឡូស៊ីនៅទូទាំងអាងទន្លេមេគង្គក្រោម ជួយការពារវិស័យជលផលដែលមានសារៈសំខាន់ដ៏ចាំបាច់សម្រាប់សន្តិសុខស្បៀង និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងជួយពង្រឹងភាពធន់របស់សហគមន៍ និងនិរន្តរភាពរបស់បរិស្ថាន។
«ជាង១០ឆ្នាំមកនេះ យើងបានទទួលបានសមិទ្ធផលដ៏សំខាន់ៗជាពិសេសការកសាងសមិទ្ធភាព ការលើកកម្ពស់ការអភិវឌ្ឍគាំទ្រវិស័យផ្សេងៗជាពិសេសវិស័យជលផល បរិស្ថាន រួមទាំងផ្នែកថាមពលកកើតឡើងវិញ […] ការវិនិយោគផ្នែកផ្លូវត្រី ឬការកសាងជណ្តើរត្រីមានសារៈសំខាន់ខ្លាំងមែនទែន សម្រាប់ប្រជាជននៅតំបន់ទន្លេមេគង្គ ពីព្រោះទាក់ទងនឹងកម្រិតអាហារូបត្ថម្ភ ការពារបរិស្ថាន និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ យើងកំពុងជំរុញការច្នៃប្រឌិត និងការកសាងសមត្ថភាព ដើម្បីធានានិរន្តរភាពយូរអង្វែងនៃជលផលទន្លេមេគង្គ»។ នេះជាការលើកឡើងបន្ថែមរបស់លោកស្រីសាស្ត្រាចារ្យ Wendy Umberger
លោកស្រីសាស្ត្របានបញ្ជាក់ថា ការធ្វើឱ្យមានតុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងការអភិរក្សបរិស្ថានគឺជាកត្តាសំខាន់។ ការស្រាវជ្រាវជណ្ដើរត្រីកំពុងស្តារបរិមាណត្រី និងធានាថា សហគមន៍បន្តទទួលបានអត្ថប្រយោជន៍ពីធនធានធម្មជាតិរបស់ទន្លេ។
សម្រាប់លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់តួនាទីយ៉ាងសំខាន់នៃជណ្ដើរត្រីក្នុងការស្តារធនធានជលផល។ លោកថា៖ «នៅពេលមានការអភិវឌ្ឍ ត្រីមិនអាចធ្វើការបម្លាស់ទីពងកូនតាមជីវសាស្ដ្ររបស់វាបាន។ ដូច្នេះ ការសាងសង់ជណ្ដើរត្រី បានផ្ដល់ឱកាសឱ្យត្រីត្រឡប់ទៅកាន់ទីកន្លែងពងកូន»។
លោក ឃុន សាវឿន បានលើកឡើងពីភាពចាំបាច់នៃផ្លូវមច្ឆាសម្រាប់ការស្តារការធ្វើចំណាកស្រុករបស់ត្រី និងការលើកកម្ពស់ទិន្នផលជលផល។ ដោយបានពន្យល់ថា៖ «ទោះបីជាយើងមិនដឹងពីការកើនឡើងបរិមាណត្រីពិតប្រាកដក៏ដោយ ប៉ុន្តែបន្ទាប់ពីការសាងសង់ណ្ដើរត្រីនេះ យើងសង្កេតឃើញត្រីធ្វើការបំលាស់ទីដើម្បីពងកូនចៅ និងស្វែងរកអាហារ»។
ទន្ទឹមនឹងនេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានលើកឡើងថា រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ មានចក្ខុវិស័យក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាប័ន្ន ធុននឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ចំណូលជូលដល់គ្រួសារកសិករ ហើយធនធានជលផលនៅតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសអូស្រ្តាលី ដែលបានជួយសាងសង់ជណ្តើរត្រីសរុបចំនួន៦ ដល់កម្ពុជា ក្នុងរយៈពេល ៤ឆ្នាំកន្លងមក និងសូមឱ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ និងទទួលយកការចែករំលែកបទពិសោធន៍ពីអ្នកជំនាញជាតិ និងអន្តរជាតិលើការងារជណ្តើរត្រី ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់យកទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សម្រាប់ជាប្រយោជន៍ក្នុងសង្គមជាតិ នៃប្រទេសរបស់ខ្លួន សំដៅចូលរួមថែររក្សា និងបង្កើនធនធានជលផលក្នុងសកលបន្ថែមទៀត៕