(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ម៉ាតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានទី១ រដ្ឋសភានៃប្រទេសហុងគ្រី ក្នុងឱកាសដែលលោកស្រី បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្ដភាព នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមានរបស់ លោកស្រី ម៉ាតា ម៉ាត្រៃ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា លោកស្រីគឺជាថ្នាក់ដឹកនាំស្រ្តីនៃស្ថាប័ននីតិប្បញ្ញត្តិដំបូងគេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋសភាកម្ពុជានាដើមឆ្នាំ២០២៥។ សម្តេចពិតជាមានមោទនភាពជាទីបំផុតដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានផ្តល់ឱកាសនិងលើកទឹកចិត្តដល់ស្រ្តី ទទួលបានតួនាទីជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការចូលរួមចំណែកបម្រើសង្គមជាតិនិងប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រីនិងគណៈប្រតិភូនៅកម្ពុជានាពេលនេះ គឺជាព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដថ្មីមួយ សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្ទាប់ពីទស្សនកិច្ចចុងក្រោយរបស់ប្រធានរដ្ឋសភាហុងគ្រី កាលពីឆ្នាំ២០១៥ កន្លងទៅ។ ការផ្លាស់ប្តូរទស្សនកិច្ច ការប្រាស្រ័យទាក់ទងគ្នា និងការពិភាក្សាគ្នាត្រង់ទៅត្រង់មកជាប្រចាំ គឺជាយន្ដការដ៏ល្អប្រពៃ ដែលសភាទាំងពីរបានអនុវត្ដ។ ដំណើរទស្សកិច្ចនាពេលនេះគឺជាសក្ខីភាពជាក់ស្តែងមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីការជឿទុកចិត្ដគ្នា ការផ្តល់តម្លៃឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដែលការណ៍នេះញាំងឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទំាងពីរកាន់តែស្អិតល្មួត និងខ្លាំងក្លាឡើង ។

លោកស្រី ម៉ាតា ម៉ាត្រៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភា បានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅជាទីបំផុត។ លោកស្រីបានចូលរួមអបអរសាទរដែលសម្តេចប្រធានរដ្ឋសភាត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា ហើយនេះក៏ជាមោទនភាពរបស់ហុងគ្រី ដែលមានអតីតនិស្សិតខ្មែរមួយរូបធ្លាប់បានសិក្សានៅប្រទេសហុងគ្រី ក្លាយជាថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានាពេលនេះ។

មិនខុសពីសម្តេចប្រធានរដ្ឋសភានោះទេ លោកស្រីអនុប្រធានរដ្ឋសភាហុងគ្រី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជានិងហុងគ្រី ដែលមានតំាងពីយូរណាស់មកហើយ ។

លោកស្រីអនុប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាហុងគ្រីមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ក្រៅពីការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ជាការពង្រឹងវិស័យការទូតសភាដើម្បីមនុស្សជាតិលើ ភពផែនដី។ ហុងគ្រីចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម អប់រំជាមួយកម្ពុជា។ នៅក្នុងវិស័យអប់រំ ហុងគ្រីនឹងផ្តល់អាហារូបករណ៍ចំនួន៣០កន្លែងដល់កម្ពុជា ព្រមទំាងបានស្នើសូម សម្តេចប្រធានរដ្ឋសភាជួយលើកទឹកចិត្តដល់យុវជន សិស្សនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រី។ ជាមួយគ្នានេះ លោកស្រី ក៏បានពាំនាំការគោរពអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ជូនចំពោះសម្តេចប្រធានរដ្ឋសភា ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅហុងគ្រី នាពេលខាងមុខនេះផងដែរ។

នៅក្នុងឱកាសនោះ លោកស្រី ម៉ាតា ម៉ាត្រៃ ក៏បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជាក្នុងរយៈពេលពីរថ្ងៃមកនេះ។ ជាពិសេសលទ្ធផលដ៏ល្អនៃជំនួបពិភាក្សាការងាររវាងលោកស្រីជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី៥ខែកុម្ភៈមិ្សលមិញ។

សម្តេចប្រធានរដ្ឋសភាមានក្តីត្រេកអរយ៉ាងក្រៃលែងចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃជំនួបពិភាក្សាការងាររវាងលោកស្រីនិងសម្តេតេជោ ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំនៃប្រទេសហុងគ្រី បានពូនជ្រំទំនាក់ទំនងនៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងរីកចម្រើនឡើងទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ កាលពី ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅហុងគ្រីចំនួនពីរលើក។ ជាមួយគ្នានេះ ឯកឧត្ដម ចាណូស អាឌឺ (Janos Ader) ប្រធានាធិបតីហុងគ្រី ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរក្នុងឆ្នាំ២០១៩នោះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេសហុងគ្រីដែលតែងតែជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចមានក្តីត្រេកអរជាខ្លំាងដែលប្រទេសហុងគ្រីបន្តផ្តល់អាហារូបករណ៍ ជូនដល់កម្ពុជា ដែលអនុញ្ញាតឱ្យនិស្សិតខ្មែរបានទៅសិក្សានៅប្រទេសហុងគ្រី ដែលជាប្រទេសមួយមានការ រីកចម្រើនលើគ្រប់វិស័យ។ សម្តេចបានគូសបញ្ជាក់ថា ធនធានមនុស្សជាផ្នែកសំខាន់ចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់បំផុតលើធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចប្រធានរដ្ឋសភា បានទទួលយកការគោរពអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ដោយសន្យាថានឹងរកពេលវេលាសមស្របនៅក្នុងឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកស្រី ម៉ាតា ម៉ាត្រៃ បានវាយតម្លៃខ្ពស់ពីតួនាទីនិងសារៈសំខាន់នៃការងារការទូតសភា ក្នុងការចូលរួមចំណែកបន្ថែមលើការងារការទូតរបស់រដ្ឋាភិបាលដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្នដើម្បីមនុស្សជាតិនៅលើភពផែនដី នៅក្នុងស្ថានការណ៍ពិភពលោកមានភាពមិនច្បាស់លាស់ ប្រែប្រួលឆាប់រហ័ស ដោយសារការប្រទាញប្រទុងបញ្ហាភូមិសាស្រ្តនយោបាយដូចពេលបច្ចុប្បន្ននេះ៕