(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Reto Grueninger ប្រធានផ្នែកសហប្រតិបត្តិការនៃភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) ចូលជួបពិភាក្សាអំពីកាលានុវត្តភាពសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) អនុវត្តដោយអង្គការស្វីសខន់ថាក់ និងគម្រោងបង្កើតឱកាសការងារសមរមដល់យុវជន (DEY) អនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការ យូនីដូ (UNIDO) សំដៅចូលរួមលើកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា បង្កើតឱកាសការងារ លើកកម្ពស់ប្រាក់ចំណូល និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ស្របតាមស្តង់ដាជាតិនិងអាស៊ាន។

ជំនួបនេះធ្វើឡើងនារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី និងលោក Reto Grueninger បានពិភាក្សាគ្នាបន្ថែមពីការជំរុញអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបន្តអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ ការរៀបចំយន្តការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា រៀបចំប្រព័ន្ធធ្វើតេស្តសមត្ថភាព និងកម្មវិធីកសិ-អាហារ គាំទ្រដល់ខ្សែច្រវាក់ក្នុងវិស័យទេសចរណ៍។

ជាមួយគ្នានេះ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ (SDC) បានបង្ហាញជំហរគាំទ្រគំនិតផ្តួចផ្តើមកិច្ចសហការទាំង៥របស់លោករដ្ឋមន្ត្រី និងបន្តគាំទ្រការបណ្តុះបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ចំពោះក្រសួងទេសចរណ៍ ដើម្បីជំរុញបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជនក្រីក្រ ងាយរងគ្រោះ បោះបង់ការសិក្សា អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មសរុបចំនួន៣,៥២០នាក់ ចាប់ពីឆ្នាំ២០២៥-២០២៨ នៅតាមខេត្តគោលដៅគម្រោងចំនួន១២ខេត្តទូទាំងប្រទេស៕