(កំពង់ឆ្នាំង)៖ ពលរដ្ឋរស់នៅក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានដាច់ស្រយាល ដោយបានបញ្ជូនមន្ត្រីវាស់វែងដីធ្លី ចុះវាស់វែងដីលំនៅឋាន និងដីកសិកម្ម ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ សម្រាប់យកទៅប្រើប្រាស់ទៅតាមតម្រូវការចាំបាច់។
ការថ្លែងអំណរគុណ និងដឹងគុណពីប្រជាពលរដ្ឋរស់នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង គឺបានធ្វើឡើងនៅក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រោមវត្តមានលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ។
ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធខាងលើនេះ ដោយមានការចូលរួមលោកអភិបាលរងស្រុកកំពង់លែង លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មន្ត្រីសុរិយោដី អាជ្ញាធរឃុំ និងប្រជាពលរដ្ឋចូលរួមប្រមាណជា៨០០នាក់។
លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោមការខិតខំយកចិត្តទុកដាក់ពីក្រុមការងារវាស់វែងដីធ្លី និងដោយមានការសហការយ៉ាងល្អ ពីអាជ្ញាធរមូលដ្ឋានផងនោះ លទ្ធផលនៃការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងភូមិកង្កែប ឃុំច្រណូក ទទួលបានលទ្ធផលដែលជាទីមោទនៈ រហូតឈានដល់មានការបិទប្រកាសផ្សាយជាសាធារណៈ នៅឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានចំនួនរហូតដល់២,៥៨៦ក្បាលដី។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងឃុំច្រណូកនេះ មាន៤ភូមិ ក្នុងនោះ ភូមិកង្កែប គឺជាភូមិទី១ ដែលក្រុមការងារបានអនុវត្តនៃដំណាក់កាលនីមួយៗ រហូតដល់មានការបិទផ្សាយជាសាធារណៈ នៃការវិនិច្ឆ័យលើការចុះបញ្ជីមានលក្ខណៈប្រព័ន្ធជាផ្លូវការ ហើយទទួលបានលទ្ធផលការកំណត់ព្រំសរុបចំនួន២,៥៨៦ក្បាលដី ក្នុងនោះដីកសិកម្មចំនួន២,០៧៥ក្បាលដី និងដីលំនៅដ្ឋាន៤៩៨ក្បាលដី។
លោក សាន់ យូ អភិបាលរងខេត្ត ក៏បានគូសបញ្ជាក់ថា ដោយអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បន្ដជំរុញដល់មន្ត្រីវាស់វែងឲ្យខិតខំអនុវត្តយុទ្ធនាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឲ្យបានចប់សព្វគ្រប់នៅទូទាំងខេត្ត ដើម្បីដោះស្រាយ និងបិទបញ្ចប់នៅបញ្ហានានា ឬទំនាស់ដែលពាក់ព័ន្ធនឹងដីធ្លីដែលនឹងបង្កើតនូវលក្ខណៈអំណោយផលដល់សិទ្ធិកាន់កាប់ និងទាញយកផលប្រយោជន៍ពីដីធ្លីរបស់ប្រជាពលរដ្ឋទៅតាមតម្រូវការផ្សេងៗ។
ក្នុងន័យនេះ អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដល់កិច្ចសហការចូលរួម និងការគាំទ្រឲ្យបានសកម្មថែមទៀត នៅក្នុងដំណើរការចុះបញ្ជីដីធ្លីនេះ និងជំរុញដំណើរការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ព្រមទាំងខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីនេះឲ្យបានលឿន និងមានប្រសិទ្ធភាព។
លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា តាមការណែនាំរបស់អភិបាលខេត្ត ក៏បានជំរុញឲ្យខិតខំដោះស្រាយទំនាស់ដីធ្លីនៅមូលដ្ឋានដែលបានកើត មានកន្លងមកប្រកបដោយតម្លាភាព សុចរិតភាព យុត្តិធម៌ និងឆាប់រហ័ស ហើយខិតខំអប់រំ បង្ការ ទប់ស្កាត់កុំឲ្យកើតមាននូវទំនាស់ដីធ្លីថ្មីៗ កើតឡើងបន្ថែមទៀត។ ចំពោះបញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃមានរយៈពេលយូរ និងមិនអាចសម្របសម្រួលដោះស្រាយបានដោយថ្នាក់ខេត្ត រដ្ឋបាលខេត្ត នឹងធ្វើសេចក្តីរាយការណ៍ជូនអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីដើម្បីមានវិធានការដោះស្រាយបន្តផងដែរ៕