(ភ្នំពេញ)៖ ផលិកម្ម HD Production បានប្រកាសជាផ្លូវការ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ពីការប្រគំតន្រ្តីដ៏ធំពុំធ្លាប់មាន គឺរយៈពេល៦ថ្ងៃ ជាប់ៗគ្នា ក្នុងគោលបំណង ដើម្បីស្វែងរកថវិកា ជួយទ្រទ្រង់ ក៏ដូចជាផ្ដល់ជូនមន្ទីរពេទ្យ «គុន្ធបុប្ផា» និងជួយដល់ជនក្រីក្រគ្មានទីពឹង ចាស់ជរា ជាសកម្មភាពមនុស្សធម៌មួយ ជួយដល់សង្គម ដែលផលិតកម្ម HD ក៏ដូចជាដៃគូសហការ គឺក្រុមហ៊ុន ហេង អៀកសុង តែងតែគិតគូ ក្នុងការចូលរួមចំណែក។
លោក សុខ សន្យា ចាងហ្វាងផលិតកម្ម HD Production បានថ្លែងឲ្យអ្នកសារព័ត៌មានដឹងថា ទោះបីជាផលិតកម្ម ធ្លាប់បានដឹកនាំធ្វើការប្រគំ តន្រ្តីសប្បុរសធម៌នេះ មិនបានទទួលផ្លែផ្កាម្ដង រួចមកហើយក្ដី ព្រោះតែជួបនូវបញ្ហាអាកាសធាតុ ក៏ផលិតកម្មនៅតែមិនបាក់ទឹកចិត្ត នៅបន្តតស៊ូ ដឹកនាំតារាចម្រៀង និងសប្បុរសជន ក៏ដូចជាដៃគូសហការ បង្កើតព្រឹត្តិការណ៍នេះ ឡើងម្ដងទៀត ដើម្បីសម្រេចគោលដៅ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជនក្រីក្រ។
លោកបន្តថា ការប្រគំតន្រ្តីលើកទី២នេះ គឺមានលក្ខណៈទ្រង់ទ្រាយធំ ជាមុនទៅទៀត ពោលគឺមានរយៈពេល៦ថ្ងៃ ត្រូវបានធ្វើឡើងនៅតំបន់បឹងបាយាប ក្នុងខណ្ឌសែនសុខ ក្រោមវត្តមានតារាចម្រៀង និងតារាកំប្លែងល្បីៗ ដូចជា លោក អ៉ីណូ លោក ពេជ្រ ថាណា កញ្ញា រ៉ាប៊ូទី នាយក្រូច នាងអ៉ីត តារាចម្រៀងប្រចាំក្នុងផលិតកម្ម HD លោក ណាគ្រីត និងលោក ខេម៉ាយ ព្រមទាំងតារាល្បី ជាច្រើនទៀត។
តារាចម្រៀងក្នុងស្រទាប់យុវវ័យ លោក អ៉ីណូ បានថ្លែងថា លោកពិតជាសប្បាយរីករាយ និងពេញចិត្តចំពោះកម្មវិធីតន្រ្តី សប្បុរសធម៌នេះ ហើយលោកសូមចូលរួមគាំទ្រ និងបង្ហាញវត្តមាន ដោយមិនអល់អែកចិត្តនោះឡើយ។ ទោះបីជាលោកជាប់រវល់ នឹងការងារសិល្បៈ ជាពិសេសការចូលរួមសម្ដែង ក្នុងកម្មវិធីពិព័រណ៍ផលិតផលក្ដី ក៏លោកត្រូវតែលៃលកពេលវេលា ដើម្បីចូលរួមកម្មវិធី ឲ្យទាល់តែបានដែរ។
យ៉ាងណាមិញ តារាចម្រៀងកំពុងឡើងកូដ ប្រជាប្រិយភាពខ្លាំង លោក ពេជ្រ ថាណា ក៏បានថ្លែងមិនខុសពីតារាម្រៀង លោក អ៉ីណូ ដែរ ដោយលោកបានបញ្ជាក់ថា លោកស័្មគ្រចិត្តចូលរួម ដោយក្ដីរីករាយ ព្រោះក្នុងនាមជាកូនខ្មែរ ត្រូវតែជួយខ្មែរ ហើយលោកក៏បានត្រៀមបទចម្រៀងជាច្រើន សម្រាប់កម្មវិធីប្រគំតន្ត្រីនេះ។
ដោយឡែក សម្រាប់ថវិកា ដែលទទួលបានពីការប្រគំតន្រ្តីនេះ ត្រូវបានលោក សុខ សន្យា អះអាងថា នឹងយកទៅជួយមន្ទីរពេទ្យ គន្ធបុប្ផាចំនួន ៣០ ភាគរយ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ៣០ ភាគរយ។ ចំណែកឯក៤០ ភាគរយទៀត នឹងបែងចែកទៅខាងឆាកតន្រ្តី និងចំណាយផ្សេងបន្ថែមទៀត។ លោកក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់តារាចម្រៀង ទាំងអស់ដែលបានចំណាយកម្លាំងកាយចិត្ត ចួលរួមក្នុងសកម្មភាពមនុស្សធម៌នេះ ។ ជាមួយគ្នានេះ លោកក៏សូមអរគុណ ដល់ដៃគូសហការ គឺក្រុមហ៊ុន ហេង អៀកសុង និងម្ចាស់ក្លឹបកំសាន្ត លីឡា ដែលបានផ្ដល់ទីតាំងធ្វើសន្និសីទកាសែត ថ្ងៃនេះ៕