(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហាញពីបំណងអភិរក្សជំនាញវិជ្ជាជីវៈដូនតា និងស្នើឲ្យចេញជាយន្តការច្បាស់លាស់។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងបែបនេះ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានលើកឡើងថា ពីមុនខ្មែរយើងមានមុខម្ហូបច្រើនណាស់ តែបានបាត់បង់ ព្រោះតែសង្គ្រាម និងគ្មានការកត់ត្រាទុក ស្របពេលអ្នកចេះ ក៏ត្រូវលាចាកលោក ដោយអត់បានបន្សល់ទុក។ លោកស្រីបានលើកឧទាហរណ៍ថា ម្តាយរបស់លោកស្រីធ្លាប់ធ្វើទឹកអម្រឹត ដែលបង្កើតពីផ្លែឈើ ប៉ុន្តែបច្ចុប្បន្ននេះ សួរនរណា ក៏អត់ស្គាល់របៀបធ្វើដែរ ខណៈអ្នកខ្លះអត់ទាំងដែលឮពីមុខម្ហូបនេះផង។
បើតាមលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា នៅប្រទេសចិន សូម្បីតែឈ្មោះក្រយាស្ងោយ (ម្ហូប) របស់ស្តេចចិនពីបុរាណ ដល់ស្តេចចិនចុងក្រោយ ព្រះនាម ពូយី ក៏មានកត់ត្រាទុកដែរ។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជំនាញដូនតា ខ្ញុំស្នើសុំអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ យកស្មារតីសម្រេចនៃអង្គសន្និបាតទៅរៀបចំឲ្យចេញជាយន្តការច្បាស់លាស់ រួមបញ្ចូលទាំងសកម្មភាពអនុវត្តជាក់ស្តែង ដែលបានពិនិត្យរួមគ្នា ព្រមទាំងរៀបចំរបាយការណ៍វឌ្ឍនភាពថ្មី ដើម្បីផ្ញើជូន ក្រសួង ស្ថាប័នពាក់ព័ន្ធ»។
សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដាក់ជំនាញវិជ្ជាជីវៈដូនតា ចូលកម្មវិធីបណ្ដុះបណ្ដាលនៃគោលនយោបាយអាទិភាព ដោយសម្តេចបានស្នើឲ្យមានការបណ្តុះបណ្តាល កុំឲ្យបាត់បង់។
នៅឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃ នៅទីតាំងចំនួន១៣ ក្នុង៨ រាជធានី-ខេត្ត។ ជំនាញដែលបណ្តុះបណ្តាលនោះ រួមមាន៖ ខ្មុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, តម្បាញក្រមាត្រុំ, ក្បួនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត្រ, គំនូរពណ៌, គំនូរបុរាណ និងចម្លាក់ស្និត។
ចំពោះសិស្សដែលមកអំពីគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ដែលមានបណ្ណសម្គាល់គ្រួសារងាយ រងហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨០,០០០ (ម្ភៃប្រាំបីម៉ឺន) រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សា ឲ្យបានត្រឹមត្រូវ៕