(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពង្រឹងគុណភាពប្រព័ន្ធអប់រំ និងការគ្រប់គ្រងសាលារៀនឲ្យមានវិន័យល្អ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងបន្ដពង្រឹងកិច្ចសហការជាមួយបណ្ដាដៃគូអភិវឌ្ឍនានាទាំងអស់។
សារជំរុញរបស់លោកស្រីអភិបាលខេត្ត ធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស ជាអាទិភាព នៃការអនុវត្តន៍យុទ្ធសាស្ត្រគោលនយោបាយ នៅគ្រប់ដំណាក់កាល សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈសមត្ថភាព សហគ្រិនភាពការច្នៃប្រឌិតនវានុវត្តន៍ គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ សុខភាពល្អ និងកាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គម។ ដូច្នេះសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡានេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរកឲ្យឃើញនូវបញ្ហាចម្បងៗ ដើម្បីដាក់ចេញជាអនុសាសន៍សម្រាប់អនុវត្តនាឆ្នាំសិក្សាថ្មី ឲ្យសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក។
បើតាមលោកស្រីអភិបាលខេត្ត, វិស័យអប់រំយុវជន និងកីឡា ពិតជាមានសារៈ សំខាន់សម្រាប់សង្គម និងប្រទេសជាតិយើងទាំងមូល ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យមិនអាចខ្វះបាននោះទេ ហើយដោយផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍ វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតជាសំខាន់លើរបៀបវារៈធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់» ដែលនេះជាគតិបណ្ឌិត ដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យតែម្តង។
បើតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា ឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន៩កន្លែង ក្នុងនោះវិទ្យាល័យចំនួន៣ និងអនុវិទ្យាល័យចំនួន៦ ដែលមានសិស្សសរុប៥,៨៥៩នាក់ ស្រី៣,១៩៧នាក់, គ្រឹះស្ថានមធ្យមសិក្សាឯកជនចំនួន១កន្លែង ក្នុងនោះអនុវិទ្យាល័យចំនួន១ ដែលមានសិស្សសរុប៩៨នាក់ ស្រី៦១នាក់, គ្រឹះស្ថានបឋមសិក្សាសាធារណៈចំនួន៥៣សាលា ដែលមានសិស្សសរុប១៦,១៩៥នាក់ ស្រី៥,៣០៥នាក់ (ក្នុងនោះសិស្សគ្រប់អាយុចុះឈ្មោះចូលរៀនថ្នាក់ទី១ ចំនួន១,៣៩៩នាក់ ស្រី៦៨២នាក់), មត្តេយ្យសិក្សាសាធារណៈចំនួន២៥សាលា ដែលមានសិស្សចុះឈ្មោះចូលរៀនថ្មីសរុប៤៨១នាក់ ស្រី២៤៤នាក់ និងមត្តេយ្យសិក្សាសហគមន៍សិស្សចុះឈ្មោះចូលរៀនថ្មីសរុប១១៧នាក់ ស្រី៦៧នាក់៕