(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដឹកនាំកិច្ចប្រជុំគណៈកម្មការសង្ក្រាន្ដ ដើម្បីពិភាក្សាការងារត្រៀមរៀបចំកម្មវីធីព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំ ឆ្នាំ២០២៥ ដែលកម្មវិធីនេះប្រារព្ធធ្វើនៅសួនស្ទឹងសែន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។

លោក នួន ផារ័ត្ន បានលើកឡើងថា ការរៀបចំសង្ក្រានកំពង់ធំនេះ ក្នុងគោលបំណងដើម្បីជួបជុំគ្នា នាឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ព្រមទាំងបង្ហាញពីកត្តាសុខសន្តិភាពប្រទេសជាតិ ក៏ដូចជាបង្កើតភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ដនៅខេត្តកំពង់ធំ និងធ្វើការស្វែងយល់អំពីភាពសក្តានុពលនៅខេត្តកំពង់ធំផងដែរ។

ដូច្នេះអនុគណៈកម្មការនីមួយៗ ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ទៅតាមសកម្មភាពរបស់ខ្លួន ធ្វើយ៉ាងណាឲ្យកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ទទួលបាននូវជោគជ័យទាក់ទាញបេះដូងប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរឲ្យមកលេងកម្សាន្តបានច្រើនកុះករ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

លោក នួន ផារ័ត្ន បានលើកឡើងថា កិច្ចការទាំងនេះមន្ដ្រី និងអាជ្ញាធរទាំងអស់ ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ក្រោមបរិយាកាសសប្បាយរីករាយ និងមានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យទៀតផង។

សូមជម្រាបថា ការរៀបចំសង្ក្រាន្ដកំពង់ធំឆ្នាំនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា មាន១៣ទីតាំង។ ពិធីបើកព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំឆ្នាំ២០២៥នេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ៕