(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអង្គការទស្សនៈពិភពលោក នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកយុទ្ធនាការ «គ្រប់គ្រាន់» ដើម្បីកុមារទទួលបានជីវជាតិគ្រប់គ្រាន់ និងអាហារគ្រប់គ្រាន់ នៅតាមសហគមន៍។ ពិធីនេះត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សាត្របែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ក្រោមអធិបតីភាព លោក លី វណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកស្រី ងួន សុភ័ណ ប្រធានអង្គការទស្សនៈពិភពលោកអន្តរជាតិ។
លោកស្រី ងួន សុភ័ណ្ឌ បានលើកឡើងថា បច្ចុប្បន្នអង្គការទស្សនៈពិភពលោក បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបយ៉ាងសកម្ម ទៅនឹងសុខុមាលភាពកុមារកម្ពុជានៅតាមមូលដ្ឋាន និងសហគមន៍ឲ្យបានសមស្របតាម រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សំដៅបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឲ្យទំនើប សម្បូរបែប និងមានភាពធន ដែលគាំទ្រដល់ការអភិវឌ្ឍជនបទសំដៅធានាសន្តិសុខស្បៀង និងសុវត្ថិភាពស្បៀង បង្កើន តម្លៃបន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទផងដែរ។
លោកស្រី ងួន សុភ័ណ្ឌ បានបន្ដទៀតថា រាជរដ្ឋាភិបាលក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកស្ទួយសុខុមាលភាពរបស់ប្រជាជន តាមរយៈការលើកកម្ពស់សេវាសុខភាពសាធារណៈ អាហារូបត្ថម្ភ និងពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀងឲ្យកាន់តែរឹងមាំ ប្រកបដោយ សមធម៌ ភាពធន និងបរិយាប័ន្នដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។
ក្នុងយុទ្ធនាការនោះ លោក លី វណ្ណា រិទ្ធ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ បានគាំទ្រ និងផ្ដល់កិច្ចសហការដល់អង្គការទស្សនៈពិភពលោក ដើម្បីរៀបចំពិធីសម្ពោធយុទ្ធនាការគ្រប់គ្រាន់ ក្រោមពាក្យស្លោក ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ ដល់កុមារទូទាំងប្រទេសកម្ពុជានេះឡើង ដើម្បីអំពាវនាវឲ្យមានការវិនិយោគ ភាពជាម្ចាស់ និងការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អរបបអាហារដែលមានសុខភាព ជំរុញការប្ដេជ្ញាចិត្ត ក្នុងចំណោមភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តយុទ្ធសាស្ត្រសន្តិសុខភាពស្បៀងជាតិ ឆ្នាំ២០២៤-២០២៨ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយស្តី អំពីសុវត្ថិភាពចំណីអាហារ របបអាហារដែលមានសុខភាពល្អ ការជ្រើសរើសអាហារ និងទម្លាប់នៃការបរិភោគឲ្យបានសមស្របដូចជាបន្លែបៃតង ដែលជួយផ្ដល់អាហារូបត្ថម្ភដល់កុមារយ៉ាងខ្លាំងផងដែរ។
លោក លី វណ្ណា រិទ្ធ បានបន្ដទៀតថា គម្រោងអប់រំ បានកំពុងចូលរួមពង្រឹងជំនាញដល់មូលដ្ឋានសម្រាប់កុមារដើម្បី លើកកម្ពស់លទ្ធផលសិក្សារបស់កុមារឲ្យកាន់តែល្អ តាមរយៈបទអន្តរាគមន៍សំខាន់ៗ រួមមាន ការបណ្តុះបណ្តាលគ្រូ ការបង្កើតថ្នាក់រៀនដែលមានសម្ភារៈសិក្សាសម្បូរបែប សាងសង់បណ្ណាល័យ សួនជីវចម្រុះ និងបង្កើនការចូលរួមរបស់មាតាបិតាសិស្សផងដែរ។
គម្រោងកិច្ចការពារកុមារ និងការចូលរួមបានពង្រឹងយន្តការ ការពារកុមារ យន្តការរាយការណ៍ ការបញ្ជូន និងឆ្លើយតបករណីរំលោភបំពានលើកុមារ ដើម្បីបង្កើតសហគមន៍ដែលមានសុវត្ថិភាពដល់កុមារ និងការលើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងដំណើរការធ្វើការសម្រេចចិត្ត លើការងារអភិវឌ្ឍន៍នៅឯថ្នាក់មូលដ្ឋានជាដើម៕