(ទីក្រុងតូក្យូ)៖ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជប៉ុនចំនួន៣ស្ថាប័ន រួមមាន លោក Iwao Nobuyuki ប្រធានគណៈកម្មាធិការនីតិកម្ម នៃគណៈរដ្ឋមន្ត្រីជប៉ុន (Commissioner of the Cabinet Legislation Bureau), លោក Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងលោក Atsumi Gamo ប្រធានអង្គការទេសចរណ៍ជាតិជប៉ុន (JNTO)។

ក្នុងជំនួបជាមួយគណៈកម្មាធិការនីតិកម្ម នៃគណៈរដ្ឋមន្ត្រីជប៉ុន លោក Iwao Nobuyuki បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វង្សី វិស្សុត និងគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងបានបង្ហាញនូវស្មារតីសហការខ្ពស់ ក្នុងការចែករំលែកបទពិសោធ និងចំណេះដឹងនានាពាក់ព័ន្ធដំណើការការងារ និងប្រព័ន្ធការងាររបស់គណៈកម្មាធិការនីតិកម្ម នៃគណៈរដ្ឋមន្ត្រីជប៉ុន ដែលមានមុខងារប្រហាក់ប្រហែលគ្នាជាមួយនឹងទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា លើការងារនីតិកម្ម និងការងារកែទម្រង់ច្បាប់។

ក្នុងឱកាសនេះ លោក វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការកសាងស្ថាប័ន និងប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាព ប្រសិទ្ធភាព ស្អាតស្អំ និងឆ្លាតវៃ ជាអាទិភាពដ៏សំខាន់ និងជាកត្តាចាំបាច់សម្រាប់ការកសាងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេស។

ក្នុងនាមជាប្រធានស្ថាប័នទទួលបន្ទុកការងារនីតិកម្ម និងការកែទម្រង់ច្បាប់ លោក វង្សី វិស្សុត បានបញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្ត្រីបាននិងកំពុងខិតខំសិក្សា និងដកស្រង់បទពិសោធល្អៗ ពីបណ្ដាប្រទេសនានា និងថ្លែងអំណរគុណដល់លោក Iwao Nobuyuki និងមន្ត្រីពាក់ព័ន្ធនៃគណៈកម្មាធិការនីតិកម្ម នៃគណៈរដ្ឋមន្ត្រីជប៉ុន ដែលបានចែករំលែកបទពិសោធការងារ និងចំណេះដឹងដល់គណៈប្រតិភូកម្ពុជា ប្រកបដោយស្មារតីបើកចំហ និងបានយល់ព្រមបន្តកិច្ចសហប្រតិបត្តការនេះសម្រាប់ជាប្រយោជន៍ដល់ស្ថាប័នទាំងពីរ។

នាថ្ងៃដដែលនេះ ក្នុងជំនួបជាមួយលោក Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) លោក វង្សី វិស្សុត បានស្វែងយល់អំពីបញ្ហាប្រឈម និងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងជប៉ុន។ លោក Ishiguro Norihiko បានលើកឡើងថា ក្នុងបរិការណ៍នៃសង្គ្រាមពាណិជ្ជកម្មសកល ក្រុមហ៊ុនជប៉ុនជាច្រើនបាននិងកំពុងពិនិត្យឡើងវិញ និងរៀបចំខ្សែច្រវាក់តម្លៃនិងផលិតកម្ម ដើម្បីធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម តាមរយៈការបង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។

លោក វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ JETRO និងបានគូសរំលេចអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការតាមដាន និងដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងបានជំរុញឲ្យសហគមន៍វិនិយោគិនជប៉ុនលើកឡើងអំពីបញ្ហាប្រឈមនានាដោយបើកចំហជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាទាំងនោះ។

ក្រៅពីនេះ លោកក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើផែនការដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងកង្វះកម្លាំងពលកម្ម, ការបណ្តុះបណ្តាលពលករជំនាញ, ការជំរុញធុរកិច្ចថ្មី, និងយន្តការលើកទឹកចិត្តនានា។ល។ ក្នុងគោលដៅទាក់ទាញការវិនិយោគថ្មីៗទៀតមកកាន់ប្រទេសកម្ពុជា។ លើសពីនេះទៀត ភាគីទាំងពីក៏បានផ្លាស់ប្តូរ យោបល់អំពីការបង្កើនសមត្ថភាពផលិតកម្ម គុណភាព និងស្តង់ដាទំនិញកម្ពុជា ដើម្បីនាំចូលទីផ្សារជប៉ុន និងបានពិភាក្សាអំពីគោលនយោបាយថ្មីរបស់ JETRO ដែលមានបំណងលើកស្ទួយធុរកិច្ចថ្មីកម្ពុជា តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការធុរកិច្ចថ្មី កម្ពុជា-ជប៉ុន។

ទន្ទឹមនេះ ក្នុងជំនួបជាមួយអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) លោក Atsumi Gamo បានចែករំលែកបទពិសោធ អំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលជប៉ុន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ រហូតក្លាយជាវិស័យដ៏មានសក្តានុពល និងជាជន្ទល់សេដ្ឋកិច្ចទី២របស់ជប៉ុន។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាប្រឈមក្នុងខ្សែច្រវាក់តម្លៃ នៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរជារួម ហើយបានផ្តោតទៅលើបញ្ហានៅកម្ពុជា ដោយស្វែងយល់អំពីទស្សនរបស់ភ្ញៀវទេសចរជប៉ុន និងគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ព្រមទាំងដំណោះស្រាយបញ្ហានៅក្នុងវិស័យនេះ ដើម្បីជំរុញកំណើនទេសចរជប៉ុនមកកាន់កម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ក៏ដូចជាការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ជំនួបពិភាក្សាទាំងនេះធ្វើឡើងនៅក្នុងទស្សនកិច្ចរបស់គណៈប្រតិភូ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោក វង្សី វិស្សុត តាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន៕