(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជួបប្រទះបង្ហាញខ្វះគ្រូបង្រៀនផ្នែកសិល្បៈនាដសាស្ត្រ និងតន្ត្រីបុរាណ ដោយប្រការនេះ បានប្រឈមនឹងកិច្ចបណ្តុះបណ្តាលធនធានមនុស្ស ទៅថ្ងៃអនាគត។
នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងរបាយការណ៍បានឲ្យដឹងថា បញ្ហាប្រឈមរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រួមមាន៖
* ចំនួនមន្ត្រីមានសមត្ថភាពមិនឆ្លើយតបទៅនឹងទំហំការងារដែលមាន
* គ្រូបង្រៀនផ្នែកសិល្បៈនាដសាស្ត្រ និងតន្ត្រីបុរាណមានចំនួនតិច និងមានវ័យកាន់តែចាស់ ដែលនាំឲ្យមានបញ្ហាប្រឈម ក្នុងកិច្ចបណ្តុះបណ្តាលធនធានមនុស្សទៅថ្ងៃអនាគត
* ប្រសិទ្ធភាពក្នុងការផ្តល់សេវា និងការគ្រប់គ្រង មិនទាន់ល្អគ្រប់គ្រាន់ ដោយសារទីតាំងពីរកន្លែង
* ការថែទាំ ជួសជុលអគារ សួនច្បារមានការចំណាយខ្ពស់។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានស្នើសុំមន្ត្រីក្របខណ្ឌទៅតាមចំនួនមន្ត្រីចូលនិវត្តន៍ ដើម្បីធានាបាននិរន្តរភាពការងារ ព្រមទាំងសំណូមពររដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំក្រសួង ជួយនាំសំណើនិងកង្វល់លោកគ្រូ អ្នកគ្រូ និស្សិត ផ្នែកសិល្បៈនាដសាស្ត្រ និងតន្ត្រីបុរាណ ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យនិស្សិតបានចូលក្របខណ្ឌក្រោយពេលរៀនចប់ ដើម្បីបានក្លាយជាអ្នកបន្តវេនក្នុងការបណ្តុះបណ្តាលទៅថ្ងៃអនាគត៕