(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុងលុះដល់ចំណុចម្តុំរោងចក្រទុយោទឹក ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល បានប្រទះឃើញជនសង្ស័យ ក៏ឃាត់សួរនាំពិនិត្យស្វែងរកសារធាតុញៀនតែម្ដង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ជនសង្ស័យទាំង៣នាក់រួមមាន ឈ្មោះ ថាន ដាវ អាយុ២៥ឆ្នាំ, ឈ្មោះ សំ លីន អាយុ២៧ឆ្នាំ, ឈ្មោះ កាន ថាមសុ អាយុ៣០ឆ្នាំ ជនជាតិថៃ។

ដោយផ្អែកលេីចម្លេីយសារភាព និងតាមការធ្វើតេស្តលើទឹកនោមជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត៕