(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជាអ្នកនាំពាក្យរបស់ក្រសួងមួយរូប តែងបង្ហាញមុខ និងសំឡេងលើបណ្ដាញព័ត៌មានអំឡុងពេលកម្ពុជា ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដើម្បីបង្ហាញអំពីបច្ចុប្បន្នភាពប្រចាំថ្ងៃនោះ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញផ្សាយសៀវភៅទី២របស់លោកស្រី ដែលមានចំណងជើង «១០៩៩ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ១៩ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ នៅកម្ពុជា ឆ្នាំ២០២០ ដល់ឆ្នាំ២០២២»។
លោកស្រី ឱ វណ្ណឌីន ដែលជាវេជ្ជបណ្ឌិតជំនាញសុខភាពសាធារណៈរូបនេះ បានអះអាងថា ការបោះពុម្ពផ្សាយជាសៀវភៅទី២នេះ ធ្វើឡើងក្នុងគោលបំណងកត់ត្រាទុកជាឯកសារប្រវត្តិសាស្ត្រ ចែករំលែកនូវមេរៀន បទពិសោធន៍ និងឆ្លុះបញ្ចាំងនូវកិច្ចការជាស្ត្រីអ្នកនាំពាក្យ ឬបំពេញការងារជាអ្នកទំនាក់ទំនងហានិភ័យ ដែលត្រូវធ្វើជាចាំបាច់នៅក្នុងកាលៈទេសៈដ៏ប្រឈមបំផុត ទៅនឹងការឆ្លងវីរុសកូវីដ១៩ សម្រាប់អ្នកជំនាន់ក្រោយៗ ដែលចង់ធ្វើការសិក្សាស្រាវជ្រាវ រៀនសូត្រ ដកស្រង់យកនូវចំណេះដឹង និងចំណេះធ្វើ សម្រាប់ការងារឆ្លើយតបទៅនឹងជំងឺរាតត្បាតណាមួយ ដែលនឹងអាចកេីតមាននាពេលអនាគត (ប្រសិនបើមានការផ្ទុះឡើង)។
ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលបានបង្ហោះជាមួយការចេញផ្សាយសៀវភៅទី២នេះ៖
«សៀវភៅដែលមានចំណងថា៖ «១០៩៩ ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ-១៩ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ នៅកម្ពុជា ឆ្នាំ២០២០ ដល់ឆ្នាំ២០២២» ត្រូវបានសម្រេចចេញផ្សាយជាដំបូងនៅថ្ងៃនេះ ដើម្បីជម្រាបជូនសាធារណជនទាំងអស់បានជ្រាបជាមុន ស្របពេលដំណើរបំពេញបេសកម្មរបស់ខ្ញុំទៅខេត្តមណ្ឌលគីរី និងព្រះវិហារ។
ថ្ងៃនេះ ខ្ញុំសូមបង្ហាញចេញសៀវភៅនេះ ជាពីរភាសា គឺភាសាខ្មែរ (យកជាគោល) និងភាសាអង់គ្លេស (ជាការបកប្រែពីភាសាខ្មែរ) ដែលវាជាសៀវភៅទីពីររបស់ខ្ញុំ ដែលខ្ញុំបានចំណាយពេលអស់បីឆ្នាំ (២០២២-២០២៤) ក្នុងការសរសេរចងក្រងឲ្យបានចេញជារូបរាងនាពេលនេះ។ សៀវភៅទី២នេះ បានបង្កប់នូវរឿងរ៉ាវពិតដែលបានកើតឡើង ក្នុងអំឡុងពេលនៃការរាតត្បាតវីរុសកូវីដ-១៩ នៅកម្ពុជា បន្ទាប់ពីសៀវភៅទី១របស់ខ្ញុំ ត្រូវបានចេញផ្សាយរួចហើយកាលពីឆ្នាំ២០២១។
ការចងក្រងសៀវភៅទី២របស់ខ្ញុំនេះ គឺក្នុងគោលបំណងធ្វេីកំណត់ត្រាទុកជាឯកសារប្រវត្តិសាស្ត្រ ចែករំលែកនូវមេរៀន បទពិសោធន៍ និងឆ្លុះបញ្ចាំងនូវកិច្ចការជាស្ត្រីអ្នកនាំពាក្យ ឬបំពេញការងារជាអ្នកទំនាក់ទំនងហានិភ័យ ដែលត្រូវធ្វើជាចាំបាច់នៅក្នុងកាលៈទេសៈដ៏ប្រឈមបំផុត ទៅនឹងការឆ្លងវីរុសកូវីដ-១៩ សម្រាប់អ្នកជំនាន់ក្រោយៗ ដែលចង់ធ្វើការសិក្សាស្រាវជ្រាវ រៀនសូត្រ ដកស្រង់យកនូវចំណេះដឹង និងចំណេះធ្វើ សម្រាប់ការងារឆ្លើយតបទៅនឹងជំងឺរាតត្បាតណាមួយដែលនឹងអាចកេីតមាននាពេលអនាគត (ប្រសិនបើមានការផ្ទុះឡើង) ហើយដែលត្រូវតែមានការត្រៀមលក្ខណៈទុកជាមុន (Preparedness for response) ដោយត្រូវបន្តវិនិយោគលើការពង្រឹងប្រព័ន្ធសុខាភិបាល និងអភិវឌ្ឍន៍ធនធានមនុស្ស បង្កើតបាននូវភាពធន់នៃប្រព័ន្ធ និងធនធានមនុស្សប្រកបដោយសក្តានុពល សមត្ថភាព និងបច្ចេកវិទ្យាទំនើប ក្នុងនោះ ក៏មានការជំរុញបង្កើនការថែទាំសុខភាពបឋម [Primary Health Care Booster Implementation Framework (PHC-BIF)] ដែលជាគោលការណ៍គ្រឹះនៃការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល [Universal Health Coverage (UHC)] ដើម្បីលេីកកម្ពស់សុខភាពប្រជាជនកាន់តែបានល្អប្រសើរឡើង និងមានអាយុកាលរស់នៅបានយូរអង្វែង។
សៀវភៅទីពីររបស់ខ្ញុំ ដែលខ្ញុំមានមោទកភាពក្នុងការចែករំលែកនាពេលនេះ មាន៩ជំពូក ចែកចេញជា ៥ភាគ (សៀវភៅ ៥ក្បាល ជាភាសាខ្មែរ និង ៥ក្បាល ជាភាសាអង់គ្លេស)។ នៅក្នុងទំព័រទាំងនេះ ខ្ញុំខិតខំឆ្លុះបញ្ចាំងពីបទពិសោធន៍របស់ប្រជាជនកម្ពុជា តាមរយៈរឿងពិតដ៏គួរឲ្យអាណិតអាសូរ ដោយផ្តល់ជាទិដ្ឋភាពក្នុងជីវិតរបស់មនុស្សយើង ក្នុងអំឡុងពេលដ៏លំបាកគួរឲ្យសង្វែក។ រឿងនីមួយៗ ដែលបានជ្រើសរើសយកមកសរសេរ ត្រូវបានបោះយុថ្កាក្នុងកាលបរិច្ឆេទ និងឆ្នាំច្បាស់លាស់ ដោយរំលេចព្រឹត្តិការណ៍សំខាន់ៗ ការលះបង់ និងការពិតដែលយើងបានជួបប្រទះ។
ពេញមួយសៀវភៅ ៤៧៤៣ ទំព័រជាភាសាខ្មែរ និង៣៦៧០ ទំព័រជាភាសាអង់គ្លេសនេះ ខ្ញុំសូមចែករំលែកពីផលប៉ះពាល់យ៉ាងជ្រាលជ្រៅនៃការរាតត្បាតនៃវីរុសកូវីដ-១៩ ដោយរៀបរាប់លម្អិតផងដែរ អំពីចំនួនអ្នកឆ្លង និងអ្នកដែលបានបាត់បង់ជីវិតដោយសោកនាដកម្មនាពេលនោះ។ កំណត់ត្រាទាំងនេះ មិនត្រឹមតែបម្រើជាសក្ខីភាពនៃការតស៊ូប្តូរផ្តាច់រួមគ្នារបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីរក្សាជំពូកនៃប្រវត្តិសាស្ត្រជំងឺរាតត្បាតនៅកម្ពុជាផងដែរ ជាពេលមួយដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់យើងទាំងអស់គ្នា ចាប់តាំងពីជំងឺដ៏កាចសាហាវនេះ ចាប់ផ្តើមផ្ទុះឡើងនាឆ្នាំ២០២០មក។
វាជាក្តីសង្ឃឹមរបស់ខ្ញុំដែលថារឿងពិតទាំងនេះ នឹងដក់ជាប់ជាមួយអ្នកអាន ជំរុញការស្រឡាញ់ អាណិតអាសូរ និងការយល់ដឹង ព្រមទាំងបណ្តុះនូវគំនិតជួយសង្គ្រោះគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាពរឹងមាំ សម្រាប់ដំណើររួមដែលយើងបានស៊ូទ្រាំជំនះឧបស័គ្គទាំងអស់គ្នា។
ខ្ញុំសូមអរគុណជាអនេក ជូនដល់លោកអ្នកដែលបានគាំទ្រសៀវភៅទី១ និងទី២ របស់ខ្ញុំនេះ ហេីយសូមកោតសរសើរនូវរាល់ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ដែលខ្ញុំសូមលើកជាពាក្យស្លោកថា៖ «បុគ្គលម្នាក់ គឺជាអ្នកអប់រំ និងជាអ្នកថែទាំសុខភាពក្រុមគ្រួសាររបស់ខ្លួនបានល្អប្រសើរបំផុត» ដោយមិនត្រូវរងចាំ ទាល់តែឈឺហើយទើបទៅរកការព្យាបាលនោះឡើយ ដោយអនុលោមតាមអភិក្រម «ការពារ ប្រសើជាងព្យាបាល» ដែលគ្រួសារនីមួយៗ ត្រូវតែប្រកាន់យក ដើម្បីនាំសមាជិកគ្រួសាររបស់លោកអ្នក ឆ្ពោះទៅរកការចៀសផុតនូវជំងឺដង្កាត់នានាដែលអាចការពារបាន។
ជាពិសេសសូមចូលរួមអនុវត្តន៍ទាំងអស់គ្នានូវសារអប់រំសុខភាព «តិចអំបិល តិចខ្លាញ់ តិចស្ករ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ព្រមទាំងបញ្ឈប់ការប្រើប្រាស់ផលិតផលថ្នាំជក់ រួមទាំងបារីអេឡិចត្រូនិក» ដែលជាកត្តាបង្កឲ្យមានជំងឺមិនឆ្លងផងដែរ។ សូមអរគុណជាពន្លឹក ចំពោះលោកអ្នក ដែលបាន និងនឹងអានសៀវភៅទាំងនេះ របស់ខ្ញុំ តាំងពីដេីម ដល់ភាគបញ្ចប់ដោយភាពអត់ធ្មត់»៕