Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផលិតករ និង​តារា​ល្បីៗ ជប់​លៀង​អបអរ​​សាទរ​រឿង «ហង្ស​បាក់​ស្លាប» ត្រូវ​បាន​ថត​បញ្ចប់ ត្រៀម​បញ្ចាំង​ក្នុង TV5

22-10-2016 12:40

(ភ្នំពេញ)៖ ផលិតករមក​​ពីប្រទេសថៃ និងប្រទេសកម្ពុជា ព្រមទាំងតារាល្បីៗ​ជាច្រើនដួង បានបង្ហាញវត្តមាន យ៉ាងសប្បាយរីករាយ ក្នុងពិធីជប់លៀង​ បិទបញ្ចប់ការថតខ្សែភាពយន្តភាគ រឿង «ហង្សបាក់ស្លាប» ដែលនឹងត្រូវ​ចាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ​ប៉ុស្ដិ៍លេខ (TV5) ក្នុងពេលឆាប់ៗនេះ។ ពិធីជួបជុំរបស់ផលិតករ និងតារាសម្ដែង ក្នុងរឿង «ហង្សបាក់ស្លាប» ត្រូវបានប្រារព្ធឡើង នៅឯភោជនីយដ្ឋាន​ទន្លេបាសាក់ពីរ ក្បែរស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នារាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ។

ផលិតករ នៃស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍លេខ៥ បានថ្លែងឲ្យដឹងថា ពិធីជួបជុំនេះ មិនមែនជាលើកទី១ទេ ពោលសម្រាប់ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ឲ្យតែថតបញ្ចប់ភាពយន្តភាគ​ណាមួយ គឺរមែងតែងតែ រៀបចំពិធី​ជប់លៀង ជួបជុំគ្នា ដើម្បីបង្កើនភាព​ស្និទ្ធស្នាល រវាងផលិតករ និងតារាសម្ដែង ក៏ដូចជាអបអរសាទរ នូវសមិទ្ធផលរឿងភាគថ្មី ដែលពួកគេបាន​ប្រើប្រាស់ ពេលវេលាថត អស់ជាច្រើនខែ។

ផលិតករដដែល​បានបន្តថា ភាពយន្តភាគរឿង «ហង្សបាក់ស្លាប» គឺត្រូវបានចំណាយពេល​អស់ជាច្រើនខែ នៅក្នុងការសម្រិតសម្រាំងថត ដើម្បីទទួលបាននូវគុណភាពល្អ ក្រោមការដឹកនាំសម្ដែង ពីសំណាក់ផលិតករ មកពីប្រទេសថៃ។ ស្របជាមួយនឹងការចំណាយទុន ក៏មានទំហំធំ អាចឲ្យរឿងមួយនេះ មានស្ដង់ដារ​មិនចាញ់រឿង របស់​ប្រទេសជិតខាងឡើយ។ រឿង «ហង្សបាក់ស្លាប» គ្រោងនឹងដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិ​ន្ទប៉ុស្ដិ៍លេខ (TV5) ក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា ក្នុងពិធីជួបជុំអបអរបិទ​បញ្ចប់រឿង «ហង្សបាក់ស្លាប» នេះ គេសង្កេតឃើញ​មានតារាល្បីៗ ជាច្រើនដួងចូលរួម មានដូចជា កញ្ញា ទឹម រដ្ឋា កញ្ញា នី មុនីនាថ កញ្ញា ដួង ម៉ានិច កញ្ញា នីតា លោក យិត មាសឧហ្សាហ៍ កញ្ញា ទឹម វត្តី លោក ឡាទីន លោក វឌ្ឍនៈ កញ្ញា យ៉ែម ស្រីពេជ្រ លោក លាង ឧត្តម ព្រមទាំងតារាប្រុស ស្រី ល្បីៗជាច្រើនដួងទៀត។ ក្នុងនោះក៏មានការច្រៀង និងរាំលេងយ៉ាងសប្បាយរីករាយ ផងដែរ៕