(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបការងាររយៈ​ពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ក្រសួង​ប្រៃ​សនីយ៍ និងទូរគមនាគមន៍។

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ត្រូវបានប្រកាសបង្កើតឡើងដោយ​ព្រះរាជ​ក្រម​នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៦ ដោយសម្តេចព្រះបរមរត​នកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ។

ក្រសួងនេះ មានចក្ខុវិស័យជំរុញការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់​សេ​វា លើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យា​គមនា​គមន៍ និងព័ត៌មាន នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា នៅក្នុង​តំបន់ និងពិភពលោក ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិ​ភាព ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ចម្បងៗរួមមាន៖

១៖ ដឹកនាំ និងគ្រប់គ្រងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំង​បច្ចេក​វិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ​ឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងសមធម៌សង្គម។
២៖ ពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងរឹងមាំ ល្បឿនលឿន សុវត្ថិ​ភាព និងជឿទុកចិត្ត ឱ្យបានដល់គ្រប់ទីកន្លែងទាំអស់នៅកម្ពុជា។
៣៖ អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យា​គម​នាគមន៍និងព័ត៌មាន ឱ្យមានលក្ខណៈទំនើប មានគុណភាពខ្ពស់ មានតម្លៃ​សម​រម្យ និងមានសេវាគ្របដណ្តប់ទូទាំងប្រទេសសម្រាប់​ប្រជាជនប្រើ​ប្រាស់ និងទទួលបានផលប្រយោជន៍ពីសេវានេះ។
៤៖ អភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលឌីជីថលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បី​ជំរុញការសម្របសម្រួលការគ្រប់គ្រងកិច្ចការរដ្ឋបាល រវាងក្រសួង ស្ថាប័ន​ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងការផ្តល់សេវាសាធា​រណៈ​​ជូន​ប្រជាជនប្រកបដោយភាពរហ័ស ប្រសិទ្ធភាព តម្លាភាព សុវត្ថិ​ភាព សន្សំសំចៃខ្ពស់ និងចំណេញពេលវេលា។
៥៖ ជំរុញនិងបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់ និងផលប្រយោជន៍នៃ​បច្ចេក​វិទ្យាគមនាគមន៍និងព័ត៌មាន តាមរយៈការផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ ការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពមន្ត្រីរាជការ សិស្ស និស្សិត រួមទាំងវិស័យឯកជន។
៦៖ លើកទឹកចិត្តវិនិយោគិនក្នុងការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងធ្វើការរៀប​ចំ​អភិក្រម ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍលើវិស័យប្រៃ​សណី​យ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
៧៖ ជំរុញប្រតិបត្តិករវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំង​បច្ចេក​វិទ្យាគមនាគមន៍និងព័ត៌មាន អនុវត្តសិទ្ធិ និងកាតព្វកិច្ច ស្របតាម​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការប្រកួត​ប្រជែង​ដោយ​ស្របច្បាប់ និងស្មោះត្រង់ និងដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់។

ក្នុងរយៈពេលពីរទសវត្សកន្លះក្រោយទទួលបានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច​តេជោ ហ៊ុន សែន បានកសាងសមិទ្ធផលសំខាន់ៗ លើគ្រប់វិស័យ​ជូនជាតិ​មាតុភូមិ។ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសមិទ្ធផលដែលកសាងបាននេះ រាជ​រដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្ត​ដាក់​ចេញ​នូវទិសដៅច្បាស់លាស់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​សម្រាប់​ដំណាក់​កាលបន្ទាប់ ដូចដែលបានឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្របញ្ច​កោណ​-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែល​បាន​កំណត់គោលដៅរក្សាចលនាការណ៍នៃសុខសន្តិភាព កំណើន​សេដ្ឋ​កិច្ច និងការអភិវឌ្ឍជារួម ព្រមជាមួយនឹងការកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល​សម្រាប់​ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល​នៃ​សេដ្ឋកិច្ច និងសង្គមកម្ពុជា។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចូលរួមចំណែក​យ៉ាង​សកម្មប្រកបដោយការទទួលខុស ត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធសាស្ត្រ​ត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ក៏ដូចជាយុទ្ធ​សាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ក្នុងរយៈពេល ៥ឆ្នាំ ២០២០-២០​២៤ ដែលជារយៈពេលឆ្លងពីការអនុវត្តយុទ្ធសាស្ត្រចតុកោណ-ដំណាក់​កាល​ទី៤ ទៅរកការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក.ប.ទ. បានបន្តខិតខំធ្វើការកែទម្រង់លើ ការងាររបស់ខ្លួនប្រកបដោយឆន្ទៈ​មោះ​មុត ដើម្បីជំរុញការអភិវឌ្ឍនិងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព​ខ្ពស់នូវវិស័យ៣ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួង រួមមាន វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌​មាន ដែលទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រួម​បញ្ចូល​គ្នាជាវិស័យឌីជីថល និងការរួមចំណែក នៅក្នុងដំណើរការ​កសាង​ពល​រដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ស្របតាមក្រប​ខណ្ឌ​គោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០​៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការ​ចាប់យក ការប្រើប្រាស់ និងការធ្វើបរិវត្តកម្មឌីជីថល​ក្នុង​សេដ្ឋកិច្ច និងសង្គមទាំងមូល។

ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផលដែលក្រសួងសម្រេចបាននាពេលកន្លងទៅ ជាពិសេសក្នុងរយៈពេល៥ឆ្នាំចុងក្រោយ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ​២០២៤ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានបើកសន្និបាត​បូកសរុប​លទ្ធផលការងារ៥ឆ្នាំ ២០២០~២០២៤ នៃដំណើរឆ្ពោះទៅបរិវត្ត​កម្មឌីជី​ថល និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍​និងទូរគម​នា​គមន៍។ សន្និបាតនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រយៈពេល២ថ្ងៃ គឺពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមរយៈសន្និបាតនេះ ក្រសួងបានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួនរួមមាន៖ ការងារកែទម្រង់ និងការពង្រឹងអភិបាលកិច្ច, ការងារវិស័យប្រៃ​សណីយ៍, ការងារវិស័យទូរគមនាគមន៍, ការងារវិស័យបច្ចេកវិទ្យាគម​នាគមន៍ និងព័ត៌មាន និងវិស័យឌីជីថល និងការងារសង្គម។

របាយការណ៍បូកសរុបការងាររយៈពេល៥ឆ្នាំមកនេះ ក្រសួង បានរំលេច​នូវសមិទ្ធផលជាច្រើន តែក៏បានរំលេចបញ្ហាប្រឈមជាច្រើន​ផងដែរ។

ក្រសួងបានគូសរំលេចថា ក្នុងរយៈពេល ៥ឆ្នាំ ២០២០-២០២៤ កន្លងមក​នេះ ទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមមួយចំនួនក្តី ក៏ក្រសួង បាននិង​កំពុង​ខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម និងម៉ឺងម៉ាត់ក្នុងការ​ធ្វើ​កំណែ​ទ​ម្រង់ និងការលើកកម្ពស់ ផលិតភាពការងារដែលបម្រើឱ្យការ​អភិ​វឌ្ឍ ​និងការគ្រប់គ្រងវិស័យទាំង៣ របស់ក្រសួង រួមមាន វិស័យប្រៃស​ណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាការ​ចាប់​យកបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញល្បឿនបរិវត្តកម្ម ឌីជីថលក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា រហូតសម្រេចបានសមិទ្ធផល​ការងារ​ជាច្រើន ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រគន្លឹះ និងកម្មវិធីនយោបាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ថែមទាំងទទួលបានការ​ទទួល​ស្គាល់ លើឆាកអន្តរជាតិអំពីការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា តាម​រយៈការឈ្នះពានរង្វាន់ថ្នាក់តំបន់និងពិភពលោក និងកិច្ចសហប្រតិបត្តិ​ការ​​អន្តរជាតិ​នៅក្នុងវិស័យឌីជីថល។

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានលើកឡើងផងដែរថា សមិទ្ធ​ផល​សំខាន់ៗជាច្រើន ​ត្រូវបានលេចចេញជារូបរាងឡើងជា បន្តបន្ទាប់ក្នុង​រយៈពេល ៥ឆ្នាំនេះ រួមមាន ការកសាងគោលនយោបាយ និងបទដ្ឋាន​គតិយុត្ត ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ការកៀរគរចំណូល ការអភិវឌ្ឍនិងដាក់ឱ្យប្រើប្រាស់ថ្នាលកម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យា​ឌីជី​ថល​ដែលជាឃ្នាស់នៅក្នុងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ ការបណ្តុះ​បណ្តាលជំនាញឌីជីថលនិងអក្ខរកម្មឌីជីថល ការជំរុញការ ចាប់យកឌីជី​ថល ហើយក្រសួង ក៏នឹងបន្តធ្វើឱ្យប្រសើរឡើងនូវវិស័យដែលស្ថិតនៅ​ក្រោម​សមត្ថកិច្ចរបស់ក្រសួង និងការ បណ្តុះបណ្តាលធនធានមនុស្ស​ឌីជី​ថល ព្រមទាំងចូលរួមគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ នីតិបុគ្គលសាធារណៈ និងគ្រឹះស្ថានអប់រំ ដើម្បីជំរុញការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និង ការរួម​ចំណែក​ពង្រឹងសន្តិសុខឌីជីថល។

សមិទ្ធផលជាច្រើនដែលក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ សម្រេច​បាន​ក្នុងរយៈពេល៥ឆ្នាំកន្លង​មកនេះ គឺជាការកសាងបាននូវមូលដ្ឋាន គ្រឹះ​សម្រាប់គាំទ្រដល់ដំណើរការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ហើយ​ផ្អែក​លើទិសដៅការងារដែលបានកំណត់ថ្នាក់ដឹកនាំ និងមន្ត្រីរាជ​ការទាំង​អស់របស់ ត្រូវខិតខំប្រឹងប្រែងរួមគ្នាបន្តទៀត ធ្វើយ៉ាងណាឱ្យផែនកា​រស​កម្មភាព និងទិសដៅការងារដែលក្រសួង បានដាក់ចេញទាំង​នេះអាច​សម្រេច​ជោគជ័យ និងទទួលបាននូវលទ្ធផលជាផ្លែផ្កា ត្រចះត្រចង់ ហើយ​ក្លាយ​ជាគ្រឹះដ៏រឹងមាំក្នុងការប្រែក្លាយសេដ្ឋកិច្ច រដ្ឋាភិបាល និងសង្គមកម្ពុជា ទៅជាសេដ្ឋកិច្ច រដ្ឋាភិបាល និងសង្គមឌីជីថលរស់រវើក ស្របតាមផែនការ​យុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏មោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងឈានទៅសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្នុងពិធីបើកសន្និបាត លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើសុំកិច្ចសហការ កាន់តែខ្លាំងខ្លាថែមទៀត ពីបណ្តាក្រសួងស្ថាប័ន និងផ្នែកដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីចូល​រួមជាមួយគ្នា ក្នុងការបង្កើនល្បឿន នៃការជំរុញបរិវត្តកម្មរដ្ឋាភិបាល​ឌីជី​ថល។

លោក ជា វ៉ាន់ដេត បានឲ្យដឹងថា​ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ បើទោះ​បីជា​ត្រូវ​ជួប​ប្រទះ នឹងបញ្ហាប្រឈមមួយចំនួនក្តី ក៏ក្រសួងពិតជាបានខិតខំ​បំពេញ​តួនាទីរបស់ខ្លួន យ៉ាងម៉ឺងម៉ាត់ ដើម្បីសម្រេចឱ្យបានសមិទ្ធផល​លេច​ចេញ​ជារូបរាងជាក់ស្តែង ជាបន្តបន្ទាប់។

ទន្ទឹមគ្នានេះ លោក ជា វ៉ាន់ដេត លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់​ជាន់​ថ្នាក់ទាំងអស់ បន្តចូលរួមជាធ្លុងមួយខិតខំ អនុវត្តការងារទៅតាម​ផែន​ការ និងទិសដៅ ដែលបានដាក់ចេញ។

លោក ជា វ៉ាន់ដេត បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួង យកចិត្តទុកដាក់លើកិច្ចការកែទម្រង់ និងការលើកកម្ពស់ផលិតភាពការ​ងារ ការអភិវឌ្ឍ និងគ្រប់គ្រងវិស័យរបស់ក្រសួង ការអភិវឌ្ឍ និងការប្រើ​ប្រាស់​បច្ចេកវិទ្យាឌីជីថល ការបង្កើនសមត្ថភាព។

បន្ថែមពីនោះទៀត លោក ជា វ៉ាន់ដេត បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួង ចាប់យកបច្ចេកវិទ្យា គឺជាមុខព្រួញគន្លឹះ ដែលត្រូវបន្តពួតដៃគ្នា និងធ្វើការឱ្យស្រុះដៃគ្នា ដើម្បីសម្រេច បានផ្លែផ្កាជាបន្តទៀត នៅក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថលនៅកម្ពុជា ដែលត្រូវបានចាត់ទុកជាកាតាលីករ នៃការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕