(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូន ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ ចំពោះមរណភាពម្តាយក្មេក។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ថា «ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីរាប់អានដ៏ជ្រាលជ្រៅ!ខ្ញុំមានសេចក្តីសោកស្តាយ និងក្ដុកក្ដួលរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ គឹម អ៊ីសាបែល ដែលត្រូវជាម្តាយ ម្តាយក្មេករបស់ ឯកឧត្តម លោកជំទាវ បាន ទទួលមរណភាពនៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ»។
ក្នុងបរិយាកាសដ៏សែនវិយោគសោកសៅ និងសោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ ខ្ញុំសូម ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះ ការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់បំផុត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ ល្អប្រពៃ និងការបាត់ធនធានដ៏កម្រមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបីបាច់ថែរក្សាបុត្រា បុត្រី ចៅប្រុស ចៅស្រីឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។ ទោះបីរូបកាយរបស់ លោកជំទាវ បានរំលាយខន្ធ ទៅកាន់បរលោកក៏ពិតមែន ប៉ុន្តែកិត្តិយស សេចក្តីថ្លៃថ្នូរ គុណធម៌ និងភាពអំណត់តស៊ូនឹងគង់វង្សស្ថិតស្ថេរ ក្នុងដួងចិត្តកូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់គ្នាជានិច្ចនិរន្តរ៍។
ក្នុងវេលាប្រកបដោយក្ដីក្ដុកក្ដួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ ខ្ញុំសូមចូលរួមរំលែក នូវសមានទុក្ខដោយក្តីស្រណោះអាឡោះអាល័យជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសពដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ គឹម អ៊ីសាបែល សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕