(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរចំពោះការរៀបចំផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍ ពិតជាទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងនេះ មិនទាន់គ្រប់ជ្រុងជ្រោយ ប៉ុន្តែលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នឹងបន្តរៀបចំឲ្យកាន់តែល្អថែមទៀត ជាមួយការបំពេញបន្ថែមចំពោះអ្វីខ្វះខាត។

ការលើកឡើងរបស់លោក ម៉ប់ សារិន បានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤។ ក្នុងនោះក៏មានការចូលរួមពី លោក កើត ឆែ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមកន្លងមកថ្មីៗនេះ គឺមិនមានការដុតផាវ បង្កសំលេងរំខាន។ ចំពោះបញ្ហាគ្រោះអគ្គីភ័យ បើទោះបីបានកើនឡើង ប៉ុន្តែដោយការយកចិត្តទុកដាក់ពីអាជ្ញាធរ និងកងម្លាំង យើងអាចទប់ស្កាត់ និងពន្លត់បានទាន់ពេល។ ការចាត់វិធានការលុបបំបាត់មូសខ្លាបានល្អ និងទាន់ពេលវេលា។ ការងារនេះ អនុវត្តបានល្អដោយមានការចូលរួមសហការគ្នាបានល្អ រវាងអាជ្ញាធរ និងមន្ទីរសុខាភិបាល។ សង្ឃឹមថា កិច្ចការងារនេះ នឹងដំណើរការបានល្អនៅឆ្នាំ២០២៥នេះ គឺមិនមានការឆ្លងរាលដាលជំងឺក្រុនឈាម។

លោក ម៉ប់ សារិន បញ្ជាក់ដែរថា សមាគមជាតិក្រុមប្រឹក្សារាជធានីភ្នំពេញ កំពុងរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងដល់សមាជិកក្រុមប្រឹក្សា។ នេះជាការងារចាំបាច់របស់សមាជិកក្រុមប្រឹក្សា ដើម្បីបានដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួន ថាតើក្រុមប្រឹក្សាមានទំនាក់ទំនងបែបណាជាមួយគណៈអភិបាលរដ្ឋបាលរាជធានី ខេត្ត ហើយក្រុមប្រឹក្សា មានតូនាទី និងភារកិច្ចអ្វីខ្លះ។ ក្រុមប្រឹក្សារាជធានី ខេត្ត មិនអាចដឹកនាំបញ្ជា ទៅលើអាជ្ញាធរ និងកងកម្លាំងនោះទេ។

លោក កើត ឆែ បានលើកឡើងថា ចំពោះការចាត់វិធានការលុបបំបាត់មូសខ្លា អ្វីដែលត្រូវអនុវត្តបន្តអនុវត្តនោះ គឺសូមឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាមនេះ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈ ចំនួន៦ក្នុងនោះរួមមាន៖

*ទី១៖ អានប្រកាសស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤
*ទី២៖ ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់លោក សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ចំនួនបួនលើកជាប់គ្នា
*ទី៣៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥
*ទី៤៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ
*ទី៥៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤
*ទី៦៖ បញ្ហាផ្សេងៗ៕