(ភ្នំពេញ)៖ ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ បានផ្ញើសារលិខិតថ្លែងអំណរគុណ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលផ្ញើសារំលែកទុក្ខជូនឯកឧត្តម ចំពោះមរណភាពម្តាយក្មេក។
ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ បានបញ្ជាក់ថា «ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខ អ្នកម្តាយក្មេករបស់ខ្ញុំបាទ លោកជំទាវ គឹម អ៊ីហ្សាបែល ដោយលោកបានទទួលមរណភាព កាលពីថ្ងៃចន្ទ ៦កើត ខែមាឃ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក នៅប្រទេសបារាំង ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ»។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតដែល សម្តេចតេជោ បានសម្តែងនូវ សេចក្តីទុក្ខព្រួយដ៏សង្វេកក្រៀមក្រំនិងចូលរួមរំលែកមរណទុក្ខជាមួយ ក្រុមគ្រួសារខ្ញុំបាទ។ សាររំលែកមរណទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ពិតជាបានផ្តល់នូវមហាកិត្តិយសដ៏ ធំធេង ដល់ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ ធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាទទួលបាននូវភាពកក់ក្តៅ និងមិនអាច បំភ្លេចសមានចិត្តដ៏ថ្លៃថ្លារបស់ សម្តេចតេជោ បានឡើយ។
យើងខ្ញុំសូមគោរពថ្លែងអំណរគុណនិងដឹងគុណជាអនេក និងសូមគោរពជូនពរ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងទទួលបាន ពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕