(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី២៣ តុលា ឆ្នាំ២០១៦ ស្អែកនេះ គណបក្សសង្រ្គោះជាតិ បានសម្រេចរៀបចំពិធីជួបជុំសម្តែងមតិដើម្បីអបអរដល់ខួបលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីស្នាក់ការកណ្តាលរបស់ខ្លួនវិញ ដោយមិនធ្វើនៅទីលានប្រជាធិបតេយ្យទេ។ នេះបើតាមការប្រកាសរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។
ការសម្រេចគោលជំហរចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ បានចេញលិខិតបដិសេធមួយ ចំពោះសំណើរបស់គណបក្សនេះ ដោយមិនអនុញ្ញាតឱ្យ រៀបចំជួបជុំសម្តែងមតិ នៅលើទីលានប្រជាធិបតេយ្យឡើយ។
ក្នុងពិធីផ្សព្វផ្សាយស្តីពីការរៀបចំក្រុមប្រឹក្សាយុវជនគណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការរបស់គណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានលើកឡើងយ៉ាងដូច្នេះថា «នៅថ្ងៃស្អែកនេះ យើងនឹងប្រារព្វទិវាអបអរសាទរកិច្ចព្រមព្រៀងទីក្រុងប៉ារីសលើកទី២៥ឆ្នាំ យើងសុំនៅទីលានប្រជាធិបតេយ្យគេមិនឱ្យ ប៉ុន្តែយើងនឹងជួបជុំគ្នានៅទីនេះ»។
កាលពីម្សិលមិញ បន្ទាប់ពីបដិសេធចំពោះសំណើរបស់គណបក្សសង្រ្គោះជាតិ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា មូលហេតុដែលអាជ្ញាធរបដិសេធចំពោះ សំណើគណបក្សប្រឆាំងនេះ ដោយសារតែនៅថ្ងៃទី២៣ ខែតុលានោះ មានគណបក្ស និងអង្គការសង្គមស៊ីវិលជាច្រើន បានស្នើរៀបចំពិធីនេះផ្តាច់មុខនៅលើទីលានប្រជាធិបតេយ្យដូចៗគ្នា ដូច្នេះហើយទើបសាលារាជធានីភ្នំពេញ បានសម្រេចមិនអនុញ្ញាតឱ្យទាំងអស់គ្នាតែម្តង៕