(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញពីគំនិតផ្តួចផ្តើម ក្នុងការបង្កើតបង្កើតសួនឌីជីថលមួយ ក្នុងគោលបំណងគាំទ្រ ដល់ធុរកិច្ចថ្មីឌីជីថល និងកសាងសហគមន៍ឌីជីថលនៅកម្ពុជា។
នេះបើតាមរយៈបទបង្ហាញ របស់លោក ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ហាក់ សុខហេង បានឱ្យដឹងថា សួនឌីជីថលនេះ នឹងក្លាយជាច្រកចេញ-ចូលតែមួយ ដើម្បីគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ផ្តល់ការគាំទ្រកិច្ចការរដ្ឋបាល និងអនុលោមភាព, ផ្សារភ្ជាប់ធុរកិច្ចថ្មីឌីជីថល ទៅនឹងឧស្សាហកម្ម និងការអប់រំជំនាញឌីជីថល ដោយផ្សារភ្ជាប់នឹងឱកាសការងារ។
លោកបានបន្ថែមទៀតថា សួនឌីជីថល នឹងចាប់ដៃគូជាមួយវិទ្យាល័យ សកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុងការដើរតួនាទីជាមជ្ឈមណ្ឌលអប់រំ ដើម្បីជំរុញការអភិវឌ្ឍ ជំនាញឌីជីថល, ផ្តល់ឱកាសហ្វឹកហាត់ការងារ, ផ្តល់កម្មវិធីបណ្តុះបណ្តាល និងឱកាសការងារដោយផ្ទាល់ និងការងារពីចម្ងាយ។
លើសពីនោះទៀត លោក ហាក់ សុខហេង បានឲ្យដឹងថា សួនឌីជីថលនេះ ក៏នឹងលើកទឹកចិត្តសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ ចាប់យកជំនាញឌីជីថល ក្នុងការបន្តការសិក្សា នៅសាកលវិទ្យាល័យ។
លោកបានឱ្យដឹងទៀតថា សួនឌីជីថលនេះ ក៏នឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យជាតិទី១ សម្រាប់បំពេញតម្រូវការ ទាំងវិស័យសាធារណៈ និងឯកជន, ផ្តល់សេវា Data Hosting មួយប្រកប ដោយសុវត្ថិភាព ការជឿទុកចិត្ត និងតម្លៃសមរម្យ, ទីស្នាក់ការសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា, ទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យា ក្នុងតំបន់នឹងពិភពលោកមកដាក់ប្រតិបត្តិការនៅកម្ពុជា។
សួនឌីជីថលនេះ ក៏នឹងដើរតួនាទីជាច្រកទ្វារ សម្រាប់ភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន, ផ្តល់ទីកន្លែងតាំងពិព័រណ៍ នូវស្នាដៃនវានុវត្តន៍ពីធុរកិច្ចថ្មីឌីជីថល មជ្ឈដ្ឋានសិក្សា អ្នកសិក្សាស្រាវជ្រាវ វិស័យឯកជន និងភ្នាក់ងាររដ្ឋាភិបាលនានា និងផ្តល់ជាទីតាំងសម្រាប់ ការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា ដើម្បីជំរុញកិច្ចសហការ និងការចូលរួមពីសាធារណជន។
បើតាមលោក ហាក់ សុខហេង, ក្រសួងប្រៃសណីយ៍ កំពុងតែសិក្សា ដើម្បីកំណត់ជម្រើសទីតាំងសួនឌីជីថល និងរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។
លោកថា ការបង្កើតសួនឌីជីថល នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជំនាញឌីជីថល ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលគាំទ្រ រួមមាន មជ្ឈមណ្ឌលទិន្នន័យ និងការកសាងសហគម ន៍ឌីជីថលមួយ ក្នុងការទាក់ទាញវិនិយោគិន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមនៃការបង្កើតសួនឌីជីថលនេះ គឺបន្ទាប់ពីក្រសួងបានសិក្សាពីប្រទេសថៃ គឺគម្រោង Thailand Digital Valley ស្ថិតលើទំហំដីប្រមាណ ១២ហិកតា ក្នុងខេត្តឈុនបុរី ចម្ងាយ ៨០គីឡូម៉ែត្រ ពីទីក្រុងបាងកក ដែលគម្រោងនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៨ ដោយសម្រេចបាន៦០%។
គម្រោងនេះ បានផ្តល់ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល និងរកសាងសហគមន៍ឌីជីថល និងការលើកចិត្ត ដូចជា៖ ពន្ធសាជីវកម្ម និងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនជាដើម៕