(តាកែវ)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធស ភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈ-កម្មការ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដើម្បីជួបសំណេះសំណាល និងឈ្វេងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងវឌ្ឍន ភាព បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់រដ្ឋបាល ខេត្តតាកែវ ស្ថិតនៅសាលប្រជុំសាលាខេត្តតាកែវ នាព្រឹកថ្ងៃពុធទី៥ ខែមករា ឆ្នាំ២០២៥។
ក្នុងនាមប្រធានគណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹក ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពល រដ្ឋទូទាំងខេត្តតាកែវ ។
ប្រធានគណៈកម្មការទី១០ បានជម្រាបជូនអង្គប្រជុំអំពីដំណើរការរៀបចំ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភាថា «មកដល់ពេលនេះ ព្រឹទ្ធសភាបានដំណើរការមកដល់ឆ្នាំទី២ នីតិកាលទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន , លោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី១ និងលោក ធន់ វឌ្ឍនា ជាអនុ-ប្រធានទី២ព្រឹទ្ធសភា។ ព្រឹទ្ធសភាបានបង្កើតរចនាសម្ព័ន្ធចាត់តាំង និងតួនាទី ភារកិច្ចរបស់យន្តការនីមួយៗរួចរាល់ ជាអាទិ៍ៈ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា, គណៈកម្មការ នានាចំនួន១០, ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា និងក្រុមមិត្តភាពទ្វេ ភាគី និងពហុភាគី...។ល។
ទន្ទឹមនឹងនេះ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កន្លងមកនេះ ព្រឹទ្ធ ស ភា បានបើកកិច្ចប្រជុំជាវិសាមញ្ញ ធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដើម្បីឱ្យការអនុវត្តមុខងារ ស្របនឹងបរិបទនៃការរីកចម្រើនរបស់សង្គម-សេដ្ឋកិច្ច បច្ចេកវិទ្យា និងឆ្លើយតបទៅនឹងទស្សនវិស័យរបស់ព្រឹទ្ធសភា គឺសភាការទូត និងភាពជាតំណាងពិតប្រា ក ដរបស់ប្រជាជាតិខ្មែរ តាមរយៈការអនុវត្តមុខងារស្នូលទាំងបីរបស់ខ្លួន ពោលគឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារតំណាង។
លោកប្រធានបានគូសបញ្ជាក់ថា ក្នុងចន្លោះពេលសម័យប្រជុំព្រឹទ្ធសភា ដែលមានរយៈពេលបីខែ គ្រប់យន្តការរបស់ព្រឹទ្ធសភាមានជាអាទិ៍ៈ គណៈកម្មការទាំង១០ ក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងក្រុមសមាជិកាព្រឹទ្ធសភា បានចុះទៅក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដើម្បីតាមដានការអនុវត្តច្បាប់ និងគោលនយោបាយនានាតាមវិស័យជាសមត្ថកិច្ច ព្រមទាំងវឌ្ឍនភាព បញ្ហាប្រឈមនានា ហើយ ធ្វើ របាយការ ណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និ ង ព្រឹទ្ធស ភា ដើម្បីចាត់វិធានការចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងទឹកដីនៃខេត្តតាកែវ។
លោកអភិបាលខេត្ត បានធ្វើសេចក្តីរាយការណ៍អំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រហេដ្ឋារចនាសម្ព័ន្ធ សក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្ម សេវាកម្ម សុខាភិបាល និងអបរំ។
ទន្ទឹមនោះរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់លើការងារសង្គមកិច្ច តាមរយៈការចុះបញ្ជីសមាជិកបេឡាសន្តិសុខសង្គមជូន មន្ត្រីរាជការ, អតីតមន្ត្រីរាជការ, អតីតយុទ្ធជន ,កម្មករនិយោជិត និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានផ្តល់ប័ណ្ណមូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារងាយរងហានិភ័យ និងបានអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ។
ទាក់ទងនឹងការចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តតាកែវបានខិតខំលើកកម្ពស់និងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការិយាល័យច្រកចេញចូលតែមួយ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ក្រៅពីនេះ រដ្ឋបាលខេត្តបានអបរំផ្សព្វផ្សាយអំពីបទបញ្ញត្តិច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដល់មន្ត្រី និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានបិទផ្សាយ ចងបដាដែលមានខ្លឹមសារប្រឆាំងអំពើពុករលួយ។
រដ្ឋបាលខេត្តបានអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួន និងទៀងទាត់ចំពោះមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបបពីរឆ្នាំម្តង។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក លោក ម៉ម ប៊ុននាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញតួនាទី ភារកិច្ច យ៉ាងល្អប្រសើររបស់ថ្នាក់នាំខេត្ត និងមន្ត្រីរដ្ឋបាលខេត្តគ្រប់ជាន់ថ្នាក់ដែលធ្វើឱ្យខេត្តតាកែវ សម្រេចបានសមិទ្ធ ផលជាវិជ្ជមានយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
លោកប្រធាន បានលើកទឹកចិត្ត និងអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងអាជ្ញា ធរ គ្រប់លំដាប់ថ្នាក់ សូមចូលរួមលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងអំពើពុករលួយ គ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់។ សូមបន្តលើកកម្ពស់ការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ សំដៅចូលរួមពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំគ្រប់គ្រង។ សូមបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អ កាន់តែងាយស្រួល និងប្រសើរឡើងជាលំដាប់ «សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ»៕