(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគទី៥ និងភរិយា ថ្នាក់ដឹកនាំ មេបញ្ជាការរង នាយ នាយរង ពលទាហានចំណុះយោធភូមិភាគ បានដង្ហែអង្គកឋិនទាននិងនាំបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្ត ពោធិិវាលក្រុងបាត់ដំបង បានបច្ច័យជាង៦១លានរៀល ។
បន្ទាប់ពីគណ:កម្មការអាចារ្យវត្តនិងព្រះសង្ឃសូត្រធម៌វេប្រគេនព្រះសង្ឃរួចមក លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានរំលឹកពីការធ្វើបុណ្យកឋិនទាននេះ គឺពុទ្ធបរិស័ទ្ធចំណុះជើងវត្តតែងតែ បានធ្វើជារៀងរាល់ឆ្នាំ បន្ទាប់ពីព្រះសង្ឃបានគង់ចាំព្រះវស្សាអស់ត្រីមាសរួចមក។
លោកមេបញ្ជាការបានបញ្ជាក់ថា ក្នុងអង្គកឋិនសាមគ្គីនេះ គឺបានផ្តួចផ្តើមពីថ្នាក់ដឹកនាំយោធភូមិភាគទី៥ និងស្បុរសជនក្នុងនិងក្រៅប្រទេស ពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងអស់ ក៏បានឯកភាពចូលរួមមូលមតិគ្នា រៀបចំអង្គកឋិននេះឡើង ដែលជនជាតិខ្មែរយើង ពិសេសអ្នកកាន់ព្រះពុទ្ធសាសនា តែងតែធ្វើជារៀងរាល់ឆ្នាំ គឺចាប់ធ្វើថ្ងៃ១រោចខែអស្សុចដល់ ថ្ងៃ៥កើតខែកក្តិក មានរយៈពេល ២៩ថ្ងៃ ដោយអង្គកឋិន មានគ្រឿងប្រើប្រាស់ របស់ព្រះសង្ឃ និងដើម្បីឧទ្ទិសកោសល្យជូនញាតិការ ទាំង៧សណ្តាន មានជីដូន ជីតា មាតា បិតា ពិសេស វីរៈជនវីរៈនារី យុទ្ធជន យុទ្ធនារី ដែលបានពលីនិងបានចែកឋានទៅហើយនោះ ឲ្យមកទទួលផល្លានុសង្ឃ ដោយបានទទួលទាំងអ្នកធ្វើ អ្នកស្លាប់ និងអ្នកទទួលគឺព្រះសង្ឃផងដែរ។
លោក ប៊ុន សេង បានបន្តថា បច្ច័យដែលបានចំណូលពីពុទ្ធបរិស័ទ្ធទាំងអស់គ្នាថ្ងៃនេះ មានគ្រឿងបរិក្ខាកឋិនទានជាច្រើន និងបានបច្ច័យសរុប ៦១.៥៨៥.៩០០រៀល សម្រាប់ទុកជូនព្រះសង្ឃ យកទៅប្រើប្រាស់ក្នុងវត្តតាមតម្រូវការ របស់គណៈកម្មការជាប្រយោជន៍វត្តផងដែរ។