(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពិធីបើកសន្និបាតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) អង្គសន្និបាត បានរៀបចំវេទិកាពិភាក្សាលើប្រធានបទទី១ ស្តីពី «ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច»។
វេទិកានេះ សម្របសម្រួលដោយលោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ ក.ប.ទ. ដោយក្នុងនោះមានបទអន្តរាគមន៍ចំនួន ៣ ត្រូវបានលើកយកមកពិភាក្សារួមគ្នា ដូចខាងក្រោម៖
* បទអន្តរាគមន៍ទី១ «ប្រសិទ្ធភាពនៃការអនុវត្តមុខងារភារកិច្ច និងការធ្វើទំនើបកម្មកិច្ចការផ្ទៃក្នុងរបស់ ក.ប.ទ.» ដោយលោក ម៉ុក រ៉ាឌី អគ្គនាយកនៃអគ្គនាយករដ្ឋបាល ក.ប.ទ.
* បទអន្តរាគមន៍ទី២ ស្ដីពី «ការពង្រឹងមុខងារអធិការកិច្ចរបស់ ក.ប.ទ.» ដោយលោក ង៉ាន់ ដានី អគ្គាធិការនៃអគ្គាធិការដ្ឋាន ក.ប.ទ. និង
* បទអន្តរាគមន៍ទី៣ ស្ដីពី «ការពង្រឹងមុខងារសវនកម្មផ្ទៃក្នុងរបស់ ក.ប.ទ.» ដោយលោក ឃុន សុផល ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក.ប.ទ.។
ជារួម បទអន្តរាគមន៍ទាំង៣ ខាងលើនេះ រំលេចអំពីសមិទ្ធផលសំខាន់ៗដែល ក.ប.ទ. សម្រេចបាន ក្នុងរយៈពេល ៥ ឆ្នាំ លើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ឱ្យស្របតាមគោលការណ៍ លើកទឹកចិត្តនិងលើកកម្ពស់សុខុមាលភាពមន្រ្តី ដែលក្នុងនោះមានដូចជា (១)ការងារកែទម្រង់ការគ្រប់គ្រងរដ្ឋបាល (២)ការងារកែទម្រង់ហិរញ្ញវត្ថុ (៣)ការងារកែទម្រង់ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស (៤)ការងារនីតិកម្ម និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ (៥) ការងារកែទម្រង់អង្គភាព និង(៦)ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង។
គូសបញ្ជាក់ថា ការងារកែទម្រង់ គឺជាបុរេលក្ខខណ្ឌដ៏មានសារៈសំខាន់សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ប្រសិទ្ធភាពនិងផលិតភាពការងារ។
ក.ប.ទ. បានកំណត់យកការកែលម្អនិងការពង្រឹងគុណភាព នៃកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ ការគ្រប់គ្រងនិងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស នីតិកម្ម កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកែទម្រង់អង្គភាព ជាមួយនឹងការពង្រឹងកិច្ចការអធិការកិច្ច និងសវនកម្មផ្ទៃក្នុង គឺជាស្នូលនៃបេសកកម្មការងាររបស់ខ្លួន ដែលត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានជោគជ័យ ដើម្បីបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដល់ការងារនៃវិស័យក្រោមការទទួលខុសត្រូវរបស់ ក.ប.ទ.៕