(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់អង្គភាព CMAC​ ក្នុងការបោសសម្អាតមីន​នៃ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» (The China-Aided Cambodia Landmine Elimination Projection)​ មានថវិកាសរុបចំនួន៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ​ (០១​ មីនា​ ២០២៥-២៩​ កុម្ភៈ​ ២០២៦​)​ ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ​ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង​។

លោកបន្ថែមថា នៅគម្រោងនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់របស់អង្គភាព CMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖
១៖ ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣ ៤០០ហិកតា, ២៖ ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលេី, ៣៖ ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ​ និង៤៖ ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។

បើតាមលោក ហេង រតនា គម្រោងជំនួយឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលចិន​ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ក្នុងឆ្នាំ២០២៥នេះ​ ជាជំនួយឆ្នាំទី៣នៃដំណាក់កាលទី៣ (មីនា​ ឆ្នាំ២០២៣ ដល់កុម្ភៈ​ ឆ្នំា២០២៦) ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣ ២០០ ០០០ ដុល្លារសហរដ្ឋអាមេរិក​។

ទន្ទឹងនឹងនេះ​ បេីគិតចាប់ពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ​ អង្គភាព CMAC សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
* រំដោះផ្ទៃដីសរុបចំនួនជាង១៥ ០៦០​ ហិកតា
* រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២ ៨៤៤ គ្រាប់។
* ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦ ៦៦៨ សំណើ។
* អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង ១ ៨៦៦ ៧០០នាក់។
* ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២ ៤៨៥ ៣០០នាក់៕