(កំពង់ធំ)៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅត្រួតពិនិត្យភូមិសាស្ត្រស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទ នៅតំបន់បាក់ដាវ ក្នុងបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិ ភាគទី៤ និងការឯកភាពពីលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។
កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន សហការជាមួយមន្ត្រីរដ្ឋបាលជលផលសង្កាត់ពាមបាង នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដំណើរការបង្ក្រាបបទល្មើសនេសាទ ដែលកំពុងមានការកើតឡើងនៅក្នុងតំបន់បាក់ដាវ ក្នុងភូមិសាស្ត្របឹងទន្លេសាប ជាប់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
នៅក្នុងឱកាសនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានកំទេចរបាំងស្បៃអួនខុសច្បាប់ចំនួន ៣ ខ្សែ ដែលមានប្រវែងសរុបប្រមាណជិត ១៥០០ម៉ែត្រ កំទេចឡុកចំនួន ៣ឡុក និងប្រលែងត្រីមួយចំនួន។
លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរនេសាទ ត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដើម្បីថែរក្សាពូជត្រីឱ្យបានសម្បូរឡើងវិញសម្រាប់នៅពេលខាងមុខ។
ជាមួយនោះដែរ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានស្នើសុំសហការ និងអំពាវនាវដល់អាជ្ញាធរដែនដី និងមន្ត្រីសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរកមេខ្លោង ដែលប្រើប្រាស់មធ្យោបាយ និងឧបករណ៍ខុសច្បាប់ ដែលមានលក្ខណៈជាទ្រង់ទ្រាយធំ និងអ្នកពាក់ព័ន្ធដែលបានឃុបឃិតបំផ្លាញធនធានធម្មជាតិនាពេលកន្លងទៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕