Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីប្រេស៊ីលលោក Lula រិះគន់ផែនការហ្គាហ្សារបស់លោក ត្រាំ , ហៅការគំរាមដាក់ពន្ធថា «អួតអាង» (Video inside)

05-02-2025 22:33

(ប្រេស៊ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៊ីលលោក Lula da Silva នៅថ្ងៃពុធនេះ បានរិះគន់ខ្លាំងៗចំពោះសំណើរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការកាន់កាប់ហ្គាហ្សាថា «គ្មានន័យ» និងច្រានចោលការគំរាមដាក់ពន្ធថាជា «ការអួតអាង»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥។

«តើប្រជាជនប៉ាឡេស្ទីននឹងរស់នៅឯណា? វាគឺជាអ្វីដែលមិនអាចយល់បាន សម្រាប់មនុស្សជាតិ» នេះជាការចោទសួររបស់លោក Lula អំពីផែនការរបស់លោក ត្រាំ ក្នុងការអភិវឌ្ឍតំបន់ហ្គាហ្សាទៅជា «តំបន់រីវីយេរ៉ានៃមជ្ឈិមបូព៌ា» ឬ"Riviera of the Middle East"។ ទន្ទឹមគ្នានេះ លោកបានបង្ហាញការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ និងថ្កោលទោសសកម្មភាពយោធារបស់អ៊ីស្រាអែលថាជា «អំពើប្រល័យពូជសាសន៍»។

មេដឹកនាំប្រេស៊ីលរូបនេះ ក៏បានរិះគន់ការគំរាមកំហែងដាក់ពន្ធរបស់លោក ត្រាំ លើប្រទេសជាច្រើន រួមទាំងប្រេស៊ីលផងដែរ ដោយលោកបានលើកឡើងថា «គ្មាននរណាម្នាក់អាចរស់នៅដោយភាពក្លាហានគ្រប់ពេលវេលា និងធ្វើឱ្យមានការគំរាមកំហែងគ្រប់ពេលវេលានោះទេ»។

មិនតែប៉ុណ្ណោះ លោក Lula ថែមទាំងសង្កត់ធ្ងន់លើសិទ្ធិរបស់ប្រេស៊ីល ក្នុងការពិភាក្សាពីជម្រើសថ្មី សម្រាប់ប្រព័ន្ធពាណិជ្ជកម្ម ដែលមិនត្រូវពឹងអាស្រ័យទាំងស្រុងលើប្រាក់ដុល្លារអាមេរិក ព្រមទាំងបានព្រមានពីចំណាត់ការសងសឹក ប្រសិនបើដាក់ពន្ធលើប្រេស៊ីល បើទោះបីជាអាមេរិក កំពុងតែចំណេញពីអតិរេកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក៏ដោយ៕