(ភ្នំពេញ)៖ ជនរងគ្រោះរងរបួសចំនួន៥នាក់ ដែលបាននិងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យលោកសង្ឃ) ក្នុងករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដនៅខណ្ឌដង្កោ ដើម្បីជួយដោះស្រាយការលំបាកខ្វះខាត និងជាការយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋជារហូតមកនោះ ជាក់ស្ដែងថ្ងៃនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង បានឧបត្ថម្ភថវិកាដល់អ្នករងរួសទាំង៥នាក់ស្មើៗគ្នា។

ថវិកាដែលជាអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អមដំណើរដោយលោកលោក បុិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ នាំយកទៅប្រគល់ជូនដល់ដៃក្រុមគ្រួសាររបស់ជនរងគ្រោះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យលោកសង្ឃ) តែម្តង។

បើតាមលោក សុខ ពេញវុធ បានឲ្យដឹងថា លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណាឃួង ស្រេង បានចាត់ឱ្យលោកនាំយកអំណោយជាថវិកាមកប្រគល់ជូនជនរងគ្រោះចំនួន៥នាក់ ដែលរងរបួស ដោយអគ្គីភ័យឆេះរាងកាយ ក្នុងករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដ នៅខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយម្នាក់ៗទទួលបានថវិកាចំនួន២លានរៀល។

ជាមួយនិងការយកចិត្តទុកដាក់នេះដែរ លោក ឃួង ស្រេង នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ពោលគឺខណៈភ្លើងកំពុងឆាបឆេះក្លឹមយ៉ាងសន្ធោសន្ធៅនោះ លោកអភិបាលក៏បានចុះដឹកនាំបញ្ជាផ្ទាល់ដល់ទីតាំងកើតហេតុផងដែរ ដើម្បីធ្វើយ៉ាងណាសង្គ្រោះជនរងគ្រោះចេញពីភ្លើងឱ្យបានទាន់ពេល និងពន្លត់អគ្គីភ័យឱ្យបានលឿន។

គួរបញ្ជាក់ថា ករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោ មានជនរងគ្រោះស្លាប់២នាក់ និងរងរបួសធ្ងន់ចំនួន ៥នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យលោកសង្ឃ)។ អ្នករងរបួសធ្ងន់ធ្ងរទាំង៥នាក់នេះ រួមមាន៖
១-ឈ្មោះ រី ប៊ុនធីម ភេទប្រុស អាយុ៣០ឆ្នាំ រលាក១០០%។
២-ឈ្មោះ សាយ ភារា ភេទប្រុស អាយុ២៦ឆ្នាំ រលាក៦៥%។
៣-ឈ្មោះ មួន មករា ភេទប្រុស អាយុ២១ឆ្នាំ រលាក១០០%។
៤ ឈ្មោះ មិន រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ រលាក១០០%។
៥-ឈ្មោះ ថេង ថៃ ភេទប្រុស អាយុ២០ឆ្នាំ រលាក៣០%។

សូមបញ្ជាក់ផងដែរថា ករណីអគ្គិភ័យនេះបានកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានជាងផ្សារដែកបានចូលទៅផ្សារជួសជុលនៅខាងក្នុង លុះមកដល់វេលាកេីតហេតុ ស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

ក្លឹបកម្សាន្តខាងលេី មានទំហំ ៣៥ម៉ែត្រ គុណ៤០ម៉ែត្រ ឆេះខូចខាតសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង និងម៉ូតូ ៥គ្រឿង និងរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រ គុណ ០៥ម៉ែត្រ ចំនួន១បន្ទប់។ ក្នុងប្រតិបត្តិការអន្តរាគមន៍ សង្គ្រោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើពេលប្រមាណ៣ម៉ោង និងបានប្រើប្រាស់ទឹកអស់ចំនួន៥០ឡាន ស្មើនឹង១៦០ម៉ែត្រគូប៕