(ព្រះសីហនុ)៖ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។
កម្មវិធីនេះ ក៏មានការអញ្ជេីញចូលរួមពីលោកស្រីអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ និងលោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុផងដែរ។
ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរកសិកម្ម ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។
ទន្ទឹមនេះ លោកបានជម្រាបជូនអង្គពិធីអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល និងគោលនយោបាយមាន៤ មានហូប មានប្រេី មានបាន និងមានរហូត របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ព្រមទាំងសមិទ្ធផលការងារជាច្រេីនដែលសម្រេចបានក្នុងឆ្នាំ២០២៤ ជាពិសេសការដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករនៅទូទាំងប្រទេស។
លោកក៏បានចែករំលែកផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តតំបន់ឆ្នេរសមុទ្រ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងរបៀងសេដ្ឋកិច្ច ដែលនឹងបន្តជំរុញនាំមកនូវការអភិវឌ្ឍកាន់តែច្រេីនថែមទៀតសម្រាប់ខេត្តព្រះសីហនុ និងខេត្តតំបន់ឆ្នេរផងដែរ។
សម្រាប់ទិសដៅអនុវត្តបន្ត លោក គង់ ច័ន្ទវាសនា បានផ្តល់អនុសាសន៍ដល់មន្ទីរកសិកម្មខេត្តព្រះសីហនុ យកចិត្តទុកដាក់ជួយគាំទ្រ និងចុះអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមរបស់កសិករឱ្យបានទាន់ពេលវេលា និងបន្តគ្រប់គ្រង និងការពារធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព តាមរយ:ការជំរុញចុះបញ្ជីដីរដ្ឋ និងការទប់ស្កាត់ និងបង្ក្រាបបទល្មេីសនានា។
មុនបញ្ចប់កម្មវិធី លោក គង់ ច័ន្ទវាសនា និងគណ:អធិបតីបានអញ្ជេីញបំពាក់គ្រឿងឥស្សរិយយស និងផ្តល់ប័ណ្ណសរសេីរ ដល់មន្ត្រីមានស្នាដៃឆ្នេីមជាច្រេីននាក់ផងដែរ៕