(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមសារចរណែនាំស្តីពីវិធានការចាំបាច់នានា ក្នុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ របស់រាជរដ្ឋាភិបាល និងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចចម្រុះ បានបើប្រតិបត្តិការចាប់រថយន្ដដឹកឈើ បាន៣គ្រឿង នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងស្រុកឱរ៉ាល់។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក ប៊ុន វិចិត្រ អភិបាលរងស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក នគរបាលស្រុក និងមន្រ្តីបរិស្ថាន ដែនជំរកសត្វព្រៃប្រចាំស្រុកឱរ៉ាល់ បានត្រួតពិនិត្យនៅចំណុចរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ និងបានឃាត់រថយន្ត៣គ្រឿង ដែលដឹកបទល្មើសព្រៃឈើ គ្មានច្បាប់អនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ដោយក្នុងនោះមានដឹកឈើសសរ ក្តារក្រាល គ្រឿងឈើ និងគ្រោងទ្វារ បង្អួច។
ក្រោយឃាត់ចប់ប្រតិបត្តិការ រថយន្ដ និងឈើត្រូវបានយកទៅរក្សាទុក នៅសាលាស្រុកឱរ៉ាល់ ដើម្បីចាត់ការបន្ដតាមនីតិវីធី៕