(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលកម្ពុជា និងហុងគ្រី ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងអប់រំ ដើម្បីពូនជ្រុំទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

អនុសាសន៍របស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសសម្ដេចតេជោ អនុញ្ញាតឱ្យលោកស្រី ម៉ាកា ម៉ាត្រៃ (Marta Martrai) អនុប្រធាន​ទី១ រដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ជាកិច្ចចាប់ផ្តើមនៃជំនួប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាង​កក់​ក្តៅចំពោះលោកជំទាវអនុប្រធានទី១ រដ្ឋសភាហុងគ្រី និងគណៈប្រតិភូ​ទាំង​អស់ រួមមានទាំងសមាជិករដ្ឋសភាមកពីគណបក្សប្រឆាំងនៅហុងគ្រី ដែល​បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ បានសម្តែង​នូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី អនុប្រធានទី១រដ្ឋសភាហុងគ្រីនាឱកាសនេះ ដែលវានឹងរួមចំណែក​ក្នុងការ​ពង្រឹងទំនាក់ទំនងដ៏យូរអង្វែងបន្ថែមទៀតរវាងកម្ពុជា និងហុងគ្រី ​ខណៈ​ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងឈានចូលដល់ខួប៧០ឆ្នាំ នៅឆ្នាំ២០២៦។

លោកស្រីអនុប្រធានទី១ រដ្ឋសភាហុងគ្រី បានសម្តែងនូវគារវកិច្ចប្រកប​ដោយ​កិត្តិ​យស និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតជូនលោកស្រី និងគណៈប្រតិភូរដ្ឋសភា​ហុងគ្រី ចូលជួបសម្តែងការគួរសម។ លោកស្រី ក៏បានពាំនាំនូវបណ្តាំផ្ញើ​សួរ​សុខ​ទុក្ខរបស់ប្រធានរដ្ឋសភាហុងគ្រី គោរពជូនសម្តេចតេជោ ផងដែរ។

លោកស្រី Marta Martrai បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និង​ហុងគ្រី គឺជាទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមក ហើយ​កម្ពុជា គឺជាដៃគូលេចធ្លោរបស់ហុងគ្រីនៅក្នុងតំបន់។ រដ្ឋសភានៃប្រទេស​ទាំង​ពីរ ក៏បានបង្កើតក្រុមមិត្តភាពជាមួយគ្នា ហើយគណៈប្រតិភូរដ្ឋសភា​ហុងគ្រី ក៏បានមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរ​ជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាបានធ្វើជាម្ចាស់​ផ្ទះ កាលពីខែវិច្ឆិកា កន្លងទៅនេះ។ ក្នុងបរិបទនេះ លោកស្រី បាន​គូស​បញ្ជាក់អំពីសារៈសំខាន់នៃវិស័យការទូតសភា ដែលនឹងរួម​ចំណែក​ក្នុង​ការ​​លើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកស្រីបានសម្តែងក្តីជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការក្រោម​ក្រប​ខណ្ឌពហុភាគីនានាផ្សេងទៀត ដូចជារវាងអាស៊ាន និងសហភាព​អឺរ៉ុប និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ទំនាក់ទំនងកម្ពុជា និងហុងគ្រី កាន់តែមានភាពល្អប្រសើរឡើង។

ឆ្លៀតឱកាសនោះ លោកស្រី បានជម្រាបសម្តេចតេជោ អំពី​គម្រោង​បំពេញ​ព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទ សម្រេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា នៅប្រទេស​ហុង​គ្រី ក្នុងឆ្នាំ២០២០ ប៉ុន្តែគម្រោងនេះត្រូវ​បានអាក់ខាន ដោយសារការ​រីក​រាលដាលនៃជំងឺកូវីដ-១៩។ លោកស្រី បានគូសបញ្ជាក់ថា ភាគីហុងគ្រី បានត្រៀមលក្ខណៈសហការជួយភាគី​កម្ពុជា នៅក្នុងដំណើរការបើក​ស្ថាន​ទូតរបស់ខ្លួនឡើងវិញ​នៅទីក្រុងប៊ុយ​ដាប៉េស។

លោកស្រី ក៏បានសម្តែងក្តីសង្ឃឹមថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់​លើ​ត្បូង ទ្រង់នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេស​ហុង​គ្រី។ បន្ថែម​ពីនេះ លោកស្រី បានលើកឡើង​អំពីការ​ពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និងហុងគ្រី ដោយនៅក្នុងនោះភាគី​ទាំងពីរបានរៀបចំកិច្ចប្រជុំគណៈ​កម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងកម្ពុជា និង​ហុងគ្រី នៅទីក្រុងប៊ុយដាប៉េស នៅ​ឆ្នាំ២០២៤ ដោយផ្តោតទៅលើវិស័យ​គ្រប់​គ្រងធនធានទឹក កសិកម្ម និង​ការផ្តល់គម្រោងឥណទាននានា ដូចជានៅក្នុងវិស័យសន្តិសុខស្បៀង​ជាដើម។

លោកស្រី ក៏បានរំលេចផងដែរថា ហុងគ្រីបានផ្តល់អាហារូបករណ៍​ប្រចាំ​ឆ្នាំប្រមាណ​៣០កន្លែង ប៉ុន្តែពុំបានប្រើប្រាស់ឱ្យបានអស់សក្តា​នុពល​នោះ​ទេ។ នៅក្នុងន័យនេះ លោកស្រី លើកទឹកចិត្តជំរុញឱ្យនិស្សិតកម្ពុជា​ចូលរួម​ដាក់ពាក្យយកអាហារូបករណ៍នេះ ដើម្បីជាផ្នែកមួយនៃ​ស្ពានតភ្ជាប់​ទំនាក់​ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជននិងប្រជាជន។

នៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម លោកស្រី បានសម្តែងក្តីសង្ឃឹមថា ភាគី​នៃប្រទេសទាំងពីរ នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នា ជា​ពិ​សេសការជំរុញទំហំពាណិជ្ជកម្ម ឱ្យសមទៅនឹងសក្តានុពលដែល​ប្រទេស​ទាំងពីរមាន។ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិវិញ លោកស្រី ​បាន​គូសបញ្ជាក់ថា រដ្ឋាភិបាលហុងគ្រី ទទួលស្គាល់កិច្ចខិត​ខំប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងបាន​ចាត់​ទុក​កម្ពុជាជាប្រទេសគំរូមួយ។ ម្យ៉ាងទៀត ការអនុម័តធម្មនុញ្ញ​សន្តិ​ភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដីនៅក្នុងកិច្ចប្រជុំ IPTP នៅ​កម្ពុជា ក៏បានបង្ហាញអំពីគោលគំនិតដូចគ្នារវាងកម្ពុជា និងហុង​គ្រីផង​ដែរ​។

ជាការឆ្លើយតប សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ​លោក​ស្រី ចំពោះកា​រ​ពាំ​នាំបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមប្រធានរដ្ឋ​សភា​ហុងគ្រី និងលើក​ឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិការល្អរវាង​ប្រទេស​ទាំងពីរ ជាពិសេសពាក្យពេចន៍ដ៏ល្អប្រពៃ​របស់លោកស្រី ក្នុងការពង្រឹង​ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចតេជោ បានគូសបញ្ជាក់ដោយក្តីរីករាយថា វត្តមានរបស់គណៈប្រតិ​ភូមកពី​គណ​បក្សប្រឆាំងនៅប្រទេសហុងគ្រីនាពេលនេះ បង្ហាញឱ្យឃើញច្បាស់​អំពី​កុងសង់ស៊ីសរបស់ប្រទេសហុងគ្រី លើទំនាក់ទំនងជាមួយកម្ពុជា ទោះបីជាប្រវត្តិនៃទំនាក់ទំនងនេះ បានឆ្លងកាត់ដំណាក់កាល និងរបប​ខុសៗ​គ្នាអស់រយៈពេល៦៩ឆ្នាំក៏ដោយ។

សម្តេចតេជោ បានបន្ថែមថា កម្ពុជាមិនដែលបំភ្លេចនូវការគាំទ្រ និងជំនួយ​ឧបត្ថម្ភនានា ដែលហុងគ្រី បានផ្តល់ដល់កម្ពុជា នៅក្នុងដំណើរស្តារ និង​អភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលទាំងនោះឡើយ។ សម្តេចតេជោ បានរំលឹកអំពីប្រវត្តិនៃដំណើរទស្សនកិច្ចជាញឹកញាប់របស់សម្តេច ទៅ​ហុង​គ្រី ចាប់តាំងពីពេលសម្តេច មានតួនាទីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ​បរទេស ក្រោយ​ថ្ងៃរំដោះ ៧ មករា ១៩៧៩។

សម្តេចតេជោ បានចង្អុលបង្ហាញថា ទោះបីស្ថានភាពកម្ពុជាមានការផ្លាស់ប្តូរ ដូច​ជា​ការផ្ទេរអំណាចរបស់សម្តេច ជូនអ្នកដឹកនាំបន្តវេនរាជរដ្ឋាភិបាល​ថ្ម៏ក៏​ដោយ ក៏ទំនាក់ទំនងកម្ពុជា និងហុងគ្រី មិនផ្លាស់ប្តូរដែរ។ ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងអំពីការធ្វើទស្សនកិច្ចរបស់សម្តេចចំនួន​ពីរ​លើកនៅប្រទេសហុងគ្រី និងទស្សនកិច្ចរបស់ប្រធានាធិបតីហុងគ្រី​នៅ​កម្ពុជា នៅឆ្នាំ២០១៩ ហើយសង្ឃឹមថា នឹងមានការផ្លាស់ប្តូរទស្សនកិច្ច​កម្រិត​ខ្ពស់បន្តទៀត ជាពិសេសព្រះរាជទស្សនកិច្ចរបស់ព្រះ​ករុណា​ព្រះមហា​ក្សត្រនៃព្រះរាជណាចក្រកម្ពុជា នៅប្រទេសហុងគ្រី នាពេល​ខាងមុខ។

ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចបានលើកឡើង​ជា​អនុសាសន៍ឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងវិនិយោគជាស្នូល ដោយភាគីទាំងពីរអាចស្វែងរកចំណុច​កិច្ច​សហ​ប្រតិបត្តិការណា ដែលភាគីទាំងពីរអាចសម្រេចបាន ដើម្បីជំរុញទំហំ​ពា​ណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងតាមសក្តានុពលដែលមាន។

ទោះយ៉ាងនេះក្តី សម្តេចតេជោ បានលើកបន្ថែមថា ភាគីទាំងពីរ​ក៏ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗផងដែរ ដូចជា វិស័យវប្បធម៌ និងជា​ពិសេសអប់រំ។ នៅក្នុងបរិបទនេះ សម្តេចតេជោ បានអំពាវនាវឱ្យភាគី​ហុង​គ្រី បន្តជួយគាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ដែលជា​អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ តាំង​ពី​ពេលសម្តេច ជាប្រមុខរាជរដ្ឋាភិបាល។

នៅក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ សម្តេចតេជោ បានជម្រាបជូនលោកស្រី​អំពី​ការ​ផ្តោតអាទិភាពរបស់ព្រឹទ្ធសភាកម្ពុជា ទៅលើវិស័យចំនួនពីរ ដែលនោះ​គឺការលើកកម្ពស់ការទូតសភា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល​លើ​កិច្ច​ការការបរទេស នៅក្នុងបរិបទស្ថានភាពភូមិសាស្រ្តនយោ​បាយតំបន់ និងពិភពលោកមានភាពតានតឹង និងស្មុគស្មាញ និងការធ្វើគណនេយ្យ​ភាព​ចំពោះអង្គបោះឆ្នោត ដើម្បីសមាជិកព្រឹទ្ធសភាសហការជា​មួយអង្គ​បោះ​ឆ្នោត ផ្សារភ្ជាប់ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។

ក្នុងស្មារតីលើកកម្ពស់ការទូតសភា សម្តេចតេជោ ហ៊ុន សែន បានសម្តែង​បំណងប្រាថ្នាឱ្យមានការបង្កើតក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋ​សភា​ហុងគ្រីផងដែរ។

ចំពោះបញ្ហាសិទ្ធិមនុស្ស សម្តេចតេជោ បានថ្លែងអំណរគុណហុងគ្រី ដែល បានគ្រាំទ្រធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី ហើយសម្តេចតេជោ បានគូសបញ្ជាក់ថា តើយើងអាចនិយាយពីបញ្ហាសិទ្ធិ​មនុស្ស និងប្រជាធិបតេយ្យបានដែរឬទេ នៅពេលប្រទេសមានសង្គ្រាម ដែលសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ ដូចស្តែងឱ្យឃើញនៅបណ្តា​ប្រទេស​មួយចំនួន នៅក្នុងតំបន់នានា រួមទាំងអឺរ៉ុបផងដែរ។

ក្រៅពីនេះ សម្តេចតេជោ បានពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីស្ថាន​ភាព និងបញ្ហាតំបន់ និងអន្តរជាតិ និងគោលនយោបាយរបស់ប្រទេស​មហា​អំណាចផងដែរ។

ជាចុងក្រោយនៃជំនួប សម្តេចតេជោ បានផ្តាំផ្ញើនូវការសួរសុខទុក្ខ តាមរយៈលោកស្រីអនុប្រធានទី១ រដ្ឋសភាហុងគ្រី ជូនចំពោះប្រធានរដ្ឋសភា ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីហុងគ្រី ផងដែរ៕