(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងជាកម្មករ-កម្មការិនី នៃរោងចក្រផលិតម៉ូតូ HONDA (NCX) បានចេញសារថ្លែងអំណរគុណជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅរោងចក្រ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញេីលិខិតជូនចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង កម្មករ កម្មការិនីទាំងអស់ នៅរោងចក្រ អិន ស៉ី អិច (NCX Co.,LTD) ដែលមានខ្លឹមសារដូចខាងក្រោម៖
«ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ ក្នុងនាមជា នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅរោងចក្រផលិត និងដំឡើងម៉ូតូ Honda (NCX) ដ៏ទំនើបនេះ។
ជាមួយនឹងសមត្ថភាពផលិត ផ្ដុំ និងដំឡើងម៉ូតូរាប់រយគ្រឿងក្នុង១ថ្ងៃរោងចក្រនេះ ជាសក្ខីភាពនៃការរីកចម្រើននៃវិស័យឧស្សាហកម្មរបស់កម្ពុជា ហើយខ្ញុំពិតជាមានមោទនភាពណាស់ នៅពេលដល់កម្ពុជាអាចផលិត ផ្គុំ និងដំឡើងម៉ូតូដោយខ្លួនឯង ហើយដែលពេលនេះ ក៏បាន និងកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវទូទាំងប្រទេស និងថែមទាំងត្រូវបាននាំចេញទៅបរទេសថែមទៀត។
ជាមួយនឹងទិដ្ឋភាព និងសកម្មភាពដ៏មមាញឹកនៃខ្សែចង្វាក់ផលិតកម្ម ខ្ញុំសង្ឃឹមថា បងប្អូនកម្មករ-កម្មការិនីទាំងអស់ នឹងបន្តខិតខំធ្វើការដកបទពិសោធ និងព្យាយាមលត់ដំខ្លួន ដើម្បីឱ្យមានចំណេះដឹង និងជំនាញកាន់តែប្រសើរ។
ក្នុងនាមរាជរដ្ឋាភិបាល យើងតែងតែចាត់ទុកការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បងប្អូនកម្មករ-និយោជិត គឺជាអាទិភាពជានិច្ច។
ខ្ញុំសូមជូនពរដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងកម្មករ-និយោជិតទាំងអស់ នៃក្រុមហ៊ុន NCX Co., Ltd សូមឱ្យទទួលបាននូវសេចក្តីសុខ និងសូមប្រកបដោយពុទ្ធពរ និងពរទាំងឡាយ ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕