(កំពង់ធំ)៖ នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីប្រណាំងទូកង ដណ្តើមយកជ័យលាភីថ្នាក់ខេត្ត ដើម្បីចូលរួមប្រណាំងទូកថ្នាក់ជាតិ នៃពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ នាពេលខាងមុខនេះដែលពិធីប្រពៃណីមួយនេះបានដំណើរការទៅ ក្រោមអធិបតីភាព លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងវត្តមានចូលរួមដោយលោក លោកស្រី គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័ន នានាជុំវិញខេត្ត ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
លោក អ៊ុត សំអន បានស្វាគមន៍ គណៈអធិបតី និងលើកទឹកចិត្ត ដល់ក្រុមកីឡាទូកង ទាំងអស់ឲ្យខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ក្នុងពិធីប្រណាំងទូកនេះ ដណ្តើមយកជ័យលាភី ថ្នាក់ខេត្ត និងឈាន ទៅចូលរួម ប្រណាំងទូកថ្នាក់ជាតិ នៃពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ នាពេលខាងមុខនេះ។
លោកក៏សូមថ្លែងអំណរគុណ ចំពោះលោក លោកស្រី អ្នកនាង កញ្ញា សប្បុរសជន ដែលបាន ឧបត្ថម្ភគាំទ្រ ដល់ពិធីប្រណាំងទូកង របស់ខេត្ត ។
ចំណែកទូកដែលគាំទ្រពីលោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា មានទូកខ្នាតអន្តរជាតិ ឈ្មោះ(ស្វាយព្រៃមានរិទ្ធិ) នៅវត្តប្រាសាទស្វាយព្រៃ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយចំណុះ២២នាក់ ទូកងឈ្មោះ(សែនសេរីមានជ័យ )នៅវត្តសែនសេរី សង្កាត់ ស្រយូវ ក្រុងស្ទឹងសែន ចំណុះ៧៩ ទូកង(ស្ទឹងសែនមានជ័យ)នៅវត្តស្លែងឃុំក្តីដូង ស្រុកកំពង់ស្វាយចំណុះ ៧៥នាក់និងទូកងឈ្មោះ (តេជោសែនជ័យ) នៅវត្តដួងសុរិយា ហៅវត្តក្តីដូង ស្រុកកំពង់ស្វាយ។
គួរបញ្ជាក់ដែរថា ទូកគាំទ្រ ពីលោក ឈាង វុន គឺទូក ឈ្មោះ (យ៉ាណាដេវ៉ាសែនជ័យ)នៅភូមិបឹងខ្វែក ស្រុកប្រាទសំបូរ និងទូកមួយចំនួនទៀត បានគាំទ្រ ឧបត្ថម្ភ ពីលោក អ៊ិត សំហេង លោកហ៊ុយ ថេរ៉ា និងលោក ហ៊ុយ ពិសិដ្ឋ ដែលចូលរួមប្រណាំងក្នុងពេលនេះផងដែរ។
ចំពោះប្រធានក្រុម កីឡាករទូកខាងលើនេះ ក៏បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងដែរថា ពួកគាត់ សុទ្ធតែមានជំនឿថា អាចដណ្តើម យកជ័យលាភី ថ្នាក់ខេត្តពេលនេះ និងបន្តទៅថ្នាក់ជាតិ នាពេលខាងមុខទៀតផង។
សូមបញ្ជាក់ថា សមាសភាពទូកចូលក្នុងពិធីនេះ មាន១៩គូ ហើយក្នុងនោះទូកផ្កាចារចំនួន៥គូ ទូកខ្នាតអន្តរជាតិចំនួន៧គូ ទូកងចំនួន៧គូ ហើយពិធីប្រណាំងចាប់ផ្តើម ក្រោមបរិយាសសប្បាយរីករាយនិងអាកាសធាតុ អំណោយផលល្អ ព្រះអាទិត្យ ចែងចាំង បង្កឲ្យក្រុម កីឡាករ អុំតាមដង ស្ទឹងសែន បញ្ចេញនូវសមត្ថភាព បច្ចេកទេស ប្រគួត ប្រជែង ជូនប្រជាពលរដ្ឋគាំទ្រ ទស្សនាកំសាន្ត៕