(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍ អាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV) ដែលធ្វើជាសហប្រធានដោយប្រទេសម៉ាឡេស៊ី និងហ្វីលីពីន។
កិច្ចប្រជុំ HLTF-ACV បានពិភាក្សាអំពីសេចក្តីប្រកាសទីក្រុងគូឡាឡាំពួរ ដើម្បីអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រនៃសសរស្តម្ភសហគមន៍អាស៊ានទាំង៣ ព្រមទាំងការតភ្ជាប់អាស៊ាន និងទិសដៅពេលអនាគត ក្នុងគោលបំណងធានាថា សេចក្តីព្រាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ ត្រូវបានអនុម័តក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ នាឆ្នាំនេះ នៅប្រទេសម៉ាឡេស៊ី។
នៅព្រឹកថ្ងៃពុធនេះ អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងជំនួបជាមួយប្រធានក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (HLTF-EI) ជាមួយសហប្រធាននៃក្រុមការងារចំពោះកិច្ចដើម្បីតាក់តែង ផែនការយុទ្ធសាស្ត្រក្រោយឆ្នាំ២០២៥ របស់សហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC AHWG) ជាមួយប្រធាននៃគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ACCC) និងជាមួយប្រធានកិច្ចប្រជុំឧត្តមមន្ត្រីទទួល បន្ទុកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (SOMRI) ដែលបានប្រព្រឹត្តទៅនាឱកាសនៃកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV)៕