(ភ្នំេពញ)៖​ អគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង ស្ថិតចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ​ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំកងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ នៅក្នុងរង្វង់ប្រតិបត្តិការសង្គ្រោះនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចុះទៅអន្ដរាគមន៍ដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ផងដែរ។

ការសង្គ្រោះនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់៤០ឡាន និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន៤គ្រឿង​ ប្រេីប្រាស់ទឹកអស់៦ឡាន,​ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំេពញ​ ចំនួន២គ្រឿង​ ប្រេីប្រាស់ទឹកអស់​១ឡាន,​ រថយន្តកងពលតូចលេខ៧០​ ចំនួន៤គ្រឿង​ ប្រេីប្រាស់ទឹកអស់៣ឡាន,​ រថយន្តស្រាបៀរកម្ពុជា​ ចំនួន១គ្រឿង​ ប្រេីប្រាស់ទឹកអស់២ឡាន,​ រថយន្តរបស់សួនឧស្សាហ៍កម្មកាណាឌីយ៉ា​ ចំនួន១គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន,​ រថយន្តទីក្រុង​នរា​ ចំនួន២គ្រឿង​ ប្រេីប្រាស់ទឹកអស់២ឡាន។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ​ថ្មបេតុង ទំហំ​ (៣៥ម៉ែត្រ​ x៤០ម៉ែត្រ)​ ឆេះក្លឹបកម្សាន្ដ យីហោ «មីណាយព្រីមៀរក្លឹប» ចំនួន១ក្លឹប, ម៉ូតូចំនួន៥គ្រឿង រួមទាំងសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់​ ទំហំ៣,៥ម៉ែត្រ x៥ម៉ែត្រ ចំនួន១បន្ទប់។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង​ ១និង៣០នាទីរសៀលនាថ្ងៃខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា​ គឺបណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ ប៉ុន្ដែជាអកុសល គ្រោះថ្នាក់សង្គមនេះ បានបណ្តាលឲ្យមនុស្សប្រុសចំនួន២នាក់បានស្លាប់​ និងមនុស្សប្រុសចំនួន៥នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕