(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថ បាននាំយកជនដៃដល់ ដែលជាឃាតក សម្លាប់បុរសម្នាក់ដោយចងផ្អោបជាមួយដុំថ្មជាង១០គីឡូ ទម្លាក់ចូលទឹកប្រឡាយ ទៅធ្វើតម្រាប់ពីសកម្មភាពរបស់ខ្លួន ដែលបានសម្លាប់ជនរងគ្រោះ ស្ថិតនៅខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា បន្ទាប់ពីមានការភ្ជាក់ផ្អើល ពេលប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានស្លាប់ក្នុងប្រឡាយចាក់សំរាម ដោយចងផ្អោបជាមួយ ដុំថ្មជាង១០គីឡួក្រាម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៦ វេលាម៉ោង១០៖៣០នាទី នៅចំណុចតាមបណ្តោយផ្លូវលំ ខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកចិត្តទុកដាក់ចង្អុលបង្ហាញ បញ្ជាផ្ទាល់ ដល់ស្នងការ នៃស្នងការដ្ឋានយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដឹកនាំធ្វើការស្រាវជ្រាវលើករណីនេះឲ្យខាងតែបាន។
ក្រោមការដឹកនាំស្រាវជ្រាវស៊ើបអង្កេតរបស់ស្នងការយុត្តិធម៌អាវុធហត្ថលើផ្ទៃប្រទេស, អាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយអាវុធហត្ថខេត្តស្វាយរៀង ធ្វើការកំណត់មុខសញ្ញាជនសង្ស័យបាន រហូតដល់ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ម៉ោង៦៖៣០នាទី អាវុធហត្ថខណ្ឌពោធិសែនជ័យ នៃរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនដៃដល់ជាឃាតករបាន នៅម្តុំរោងចក្រកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមចម្លើយសារភាពរបស់ជនល្មើស បានបញ្ជាក់ថា ខ្លួនពិតជាឃាតករសម្លាប់ជនរងគ្រោះ ដោយផ្ទាល់ដៃពិតប្រាកដមែន។
ដើមហេតុនៃរឿងឃាតកម្មនេះគឺ ឃាតករឈ្មោះ សូ ផា ហៅអ៊ូក អាយុ២៩ឆ្នាំ និងជនរងគ្រោះឈ្មោះ កៅ ផា អាយុ៥០ឆ្នាំ រាប់គ្នាជាឪពុកធម៌ និងកូនធម៌។ រយៈពេលជាងពីរខែមកនេះ ជនរងគ្រោះបានយកលុយដែលកូនធ្វើការនៅកូរ៉េផ្ញើមកឲ្យសន្សំទុកចំនួន ១២,០០០ដុល្លារ ទិញឡាន១២កៅអី រត់តាក់ស៊ី និងចាកចេញពីផ្ទះ មករស់នៅជាមួយប្រពន្ធចុង ទើបប្រពន្ធដើមរបស់ជនរងគ្រោះ បានប្រាប់ឈ្មោះ សូ ផា ជាកូនធម៌ ឲ្យជួយធ្វើយ៉ាងណាយកឡានរបស់ប្តីគាត់ ត្រឡប់ទៅផ្ទះវិញឲ្យបាន គាត់ឲ្យ១០០០ដុល្លារ។
នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣៖០០រសៀល ឃាតករ បានទូរសព្ទ័មកជនរងគ្រោះដើម្បីជួលឡាន ទៅសៀមរាបក្នុងតំលៃ២៥០ដុល្លារ ដោយប្រាប់ជនរងគ្រោះថា ចាំទទួលគូដណ្តឹង មកពីប្រទេសកូរ៉េនៅព្រលានយន្តហោះខេត្តសៀមរាប ដោយចេញដំណើរនៅថ្ងៃចន្ទ័ទី១០ ខែតុលា ឆ្នាំ២០១៦។
នៅម៉ោង១រំលងអាធ្រាតថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះបានទៅដល់ព្រលានយន្តហោះគេប្រាប់ថា មិនមានជើងយន្តហោះពីកូរ៉េ មកចុះនៅសៀមរាបទេ ហើយក៏ត្រឡប់មកភ្នំពេញវិញជាមួយជនសង្ស័យ។
នៅតាមផ្លូវជនសង្ស័យ បានដាក់ថ្នាំង ងុយដេក ក្នុងទឹកក្រូចឲ្យជនរងគ្រោះផឹក តែជនរងគ្រោះមិនបានផឹក រហូតភ្លឺស្រាងៗមកដល់ព្រំប្រទល់សៀមរាប-កំពង់ធំ ជនរងគ្រោះបានឈប់ឡាន បំរ៉ុងចុះជុះនោម ក៏ត្រូវជនសង្ស័យយក ដំបងវាយកញ្ចឹងក និងក្បាលពីក្រោយរហូតដល់ស្លាប់ និងលើកសពដាក់ឡានយកមកភ្នំពេញទុកចោលមួយថ្ងៃ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ទើបយកដុំថ្មចងផ្អោបជាមួយ សាកសពទម្លាក់ចូល ក្នុងប្រឡាយ ក្បែររោងចក្រកាណាឌីយ៉ាតែម្តង ហើយក៏សម្ងំលាក់ខ្លួនក្នុងផ្ទះជួលក្បែរហ្នឹង រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក៏ត្រូវអាវុធហត្ថឃាត់ខ្លួនបាន៕