(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគ.ជ.ប បានចេញសេចក្តីជូនដំណឹងមួយបង្ហាញថា ការដាក់ការទទួលនិងការដោះស្រាយ ពាក្យបណ្តឹងសរុប មានចំនួន៣២បណ្តឹង គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
សេចក្តីប្រកាសដដែលបានបញ្ជាក់ឲ្យដឹងថា បណ្តឹងទាំង៣២នោះ បានមកពីគណបក្សប្រជាជនកម្ពុជា ០៣បណ្តឹង គណបក្សសង្រ្គោះជាតិ ១៧បណ្តឹង គណបក្សសម រសង្ស៊ី ០៤បណ្តឹង គណបក្សសិទ្ធិមនុស្ស០១បណ្តឹង អាជ្ញាធរ០១បណ្តឹង ប្រជាពលរដ្ឋ០៥បណ្តឹង និងមេធាវី០១បណ្តឹង។
សម្រាប់បណ្តឹង ដែលគ.ជ.ប ទទួលបានពីការដាក់ ការទទួល និងការដោះស្រាយ នៅតាមរាជធានី-ខេត្ត រួមមាន នៅខេត្តបាត់ដំបង ចំនួន០២បណ្តឹង ជារបស់គណបក្សសង្រ្គោះជាតិ នៅរាជធានីភ្នំពេញ១៦បណ្តឹង មកពីគណបក្សប្រជាជនកម្ពុជា០៣បណ្តឹង គណបក្ស សម រង្ស៊ី ០៣បណ្តឹង គណបក្សសង្រ្គោះជាតិ ០៤បណ្តឹង ប្រជាពលរដ្ឋ០២បណ្តឹង។ នៅខេត្តព្រះវិហារ មាន០៤បណ្តឹង ក្នុងនោះ មានមកពីគណបក្សសម រង្ស៊ី០១បណ្តឹង គណបក្សសង្រ្គោះជាតិ០១បណ្តឹង ប្រជាពលរដ្ឋ០១បណ្តឹង និងមេធាវី០១បណ្តឹង។ ចំណែក នៅខេត្តព្រៃវែង មាន០១បណ្តឹងមកពីគណបក្សសិទ្ធិមនុស្ស កំពុងតែដោះស្រាយ។ដោយឡេក នៅខេត្តសៀមរាប មាន០៤បណ្តឹង មកពីគណបក្សសង្រ្គោះជាតិ ០៦បណ្តឹង អាជ្ញាធរ០១បណ្តឹង ប្រជាពលរដ្ឋ០១បណ្តឹង(លិខិតជូនដំណឹង០៦បណ្តឹង ចារបដិសេធ០១បណ្តឹង កំពុងដោះស្រាយ០១បណ្តឹង)។នៅខេត្តព្រះសីហនុ មាន០១បណ្តឹង បានមកពីប្រជាពលរដ្ឋ កំពុងតែដោះស្រាយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ពាក្យបណ្ដឹងដាក់នៅ គ.ជ.ប ចំនួន២៦បណ្ដឹងមាននៅរាជធានីភ្នំពេញ១២បណ្តឹង ព្រះវិហារ៤បណ្តឹង ព្រៃវែង១បណ្តឹង សៀមរាប៧បណ្តឹង ព្រះសីហនុ១បណ្តឹង និងពាក្យបណ្ដឹងដាក់នៅក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន២៤បណ្ដឹង មាននៅរាជធានីភ្នំពេញ១១ បណ្ដឹង កំពត៣បណ្ដឹង កណ្ដាល១បណ្ដឹង ព្រះសីហនុ១បណ្ដឹង សៀមរាប៨បណ្ដឹង ដែលបណ្តឹងទាំងនោះកំពុងដោះស្រាយ៕