(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៥ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០២០ ដល់២០២៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រមូលចំណូលថវិកាជាតិ និងវិភាគទានមូលនិធិ សរុប៨០៤លានដុល្លារ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ (២០២០-២០២៤) នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត។ សន្និបាតនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ពីឆ្នាំ២០២០-២០២៤ ក្រសួងសម្រេចប្រមូលចំណូលថវិកាជាតិ និងវិភាគទានមូលនិធិសរុបបានប្រមាណ៨០៤លានដុល្លារអាម៉េរិក បើប្រៀបធៀបទៅនឹងចំណូលថវិកាជាតិ និងវិភាគទានមូលនិធិ ក្នុងរយៈពេល ២០១៥-២០១៩ ដែលប្រមូលបានចំនួនប្រមាណ២១៦លានដុល្លារអាម៉េរិក»

ទន្ទឹមនេះដែរ លោក ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងបានរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ចូលក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានមន្ត្រីរាជការផ្ទៃក្នុង, លើកកម្ពស់សុខុមាលភាព និងផ្តល់ការលើកទឹកដល់មន្ត្រីរាជការ តាមរយៈការបង្កើនប្រាក់រង្វាន់ ការផ្តល់ប្រាក់ឧបត្ថម្ភ និងការដំឡើងថ្នាក់និងឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស បណ្ណសរសើរ ជាពិសេសយកចិត្តទុកដាក់ កៀរគរធនធានមនុស្ស និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការតាមរយៈ កម្មវិធីផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស។

លើការកែទម្រង់អង្គភាព ក្រសួងក៏បានពង្រឹងការងារនិយ័តកម្មនៃនិយ័តករទូរគមនាគមន៍កម្ពុជា, ប្រែក្លាយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) ទៅជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), បែងចែក តួនាទីភារកិច្ចការងារច្បាស់លាស់ដោយមិនឱ្យមានការចុះត្រួតពិនិត្យស្ទួនគ្នារវាងអគ្គាធិការដ្ឋាន និងនាយកដ្ឋាន សវនកម្មផ្ទៃក្នុង, កែទម្រង់សហគ្រាសទូរគមនាគមន៍កម្ពុជា និងប្រៃសណីយ៍កម្ពុជា ក៏ដូចជាអង្គភាពផ្សេងៗទៀត ក្រោមចំណុះរបស់ក្រសួង ដើម្បីជំរុញ និងធ្វើឱ្យប្រសើរឡើងនូវសមិទ្ធកម្មការងារ។

ជាមួយគ្នានេះ លោក ជា វ៉ាន់ដេត ក៏បានឲ្យដឹងផងដែរថា ក្នុងរយៈពេលពីឆ្នាំ២០២០-២០២៤ ក្រសួងសម្រេចបានការរៀបចំកិច្ចការរដ្ឋបាល ដែលធានាបានរំហូរការងារលឿនរហ័ស និងមានតម្លាភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធអនុម័ត ឯកសារផ្ទៃក្នុង (DWF) និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀត ព្រមទាំងសម្រេចបាន ការពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ ដោយផ្តោតទៅលើ ការកែសម្រួលយន្តការប្រមូលចំណូល និងការគ្រប់គ្រងចំណាយឱ្យចំគោលដៅ៕